មន្រ្តី​អ.ស.ប៖ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​ទាន់​គ្រប់​គ្រាន់​តាម​បទដ្ឋាន​អន្តរជាតិ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​តាម​បទដ្ឋាន​អន្តរជាតិ​ទេ បើ​ទោះ​ជា​មាន​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ជា​ច្រើន​ក្តី។
ដោយ ឡេង ម៉ាលី
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-មករា-១០: លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​នៅ​ឯ​មន្ទីរ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។
១៩-មករា-១០: លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​នៅ​ឯ​មន្ទីរ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។
RFA/Vohar Cheath

ស្ថានភាព​ខ្វះខាត​នៃ​ការ​គោរព​និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្រោម​បទដ្ឋាន​អន្តរ​ជាតិ ត្រូវ​បាន​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា គឺ​លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) ថ្លែង​ឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដែល​រៀប​នឹង​បញ្ចប់​បេសកកម្ម​រយៈ​ពេល​ពីរ​សប្តាហ៍​របស់​លោក កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២៦ មករា ឆ្នាំ​២០១០។

លោក ស៊ូយ៉ា ស៊ូប៊ែឌី បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ ៖ "អ្វី​ដែល​ខ្ញុំ​លើក​នេះ វា​សំដៅ​ទៅ​លើ​ច្បាប់​មួយ​ចំនួន​ ហើយ​និង​ការ​អនុវត្ត​ខ្លះ នៅ​មិន​ទាន់​បាន​បំពេញ​ទៅ​តាម​អ្វី​ដែល​តម្រូវ​ឲ្យ​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​យក"

លោក ស៊ូយ៉ា ស៊ូប៊ែឌី ថ្លែង​បញ្ជាក់​ថា បទដ្ឋាន​អន្តរជាតិ​នេះ គឺ​លោក​សំដៅ​ទៅ​រក​បទដ្ឋាន​នានា​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

លោក ស៊ូយ៉ា ស៊ូប៊ែឌី បន្ត​ថា នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក​លើក​ទី​ពីរ​នេះ លោក​មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ដោយ​ភាព​រីក​ចម្រើន​ដែល​ប្រទេស​កម្ពុជា​មាន ជាមួយ​នឹង​ឆន្ទៈ​រដ្ឋាភិបាល​កម្ពុជា​ដែល​ចង់​ធ្វើ​ការ​ជាមួយ​លោក​ក្នុង​ការ​កំណត់​បញ្ហា​និង​ដោះស្រាយ​បញ្ហា​ទាំង​នោះ​រួម​គ្នា។

នៅ​ក្នុង​ទិសដៅ​ពង្រឹង​និង​ផ្តល់​អំណាច​ថែម​ទៀត​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ស៊ូយ៉ា ស៊ូប៊ែឌី ថ្លែង​ថា ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្តី្រ ហ៊ុន សែន លោក​បាន​លើក​ឡើង​អំពី​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​យន្តការ​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា វេទិកា​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​អាច​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​រួម​គ្នា​បាន។ លោក ស៊ូយ៉ា ស៊ូប៊ែឌី ថ្លែង​ទៀត​ថា លោក​នាយករដ្ឋមន្តី្រ ហ៊ុន សែន បាន​ទទួល​យក​គំនិត​ផ្តួច​ផ្តើម​នេះ។

វេទិកា​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក ធន សារាយ ដោយ​លោក​មាន​ប្រសាសន៍​ថា គំនិត​នេះ​ក៏​ជា​និន្នាការ​មួយ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​បាន ដើម្បី​លើក​យក​បញ្ហា​នានា​ដាក់​ជូន​រដ្ឋាភិបាល​ដោះស្រាយ​ដែរ។

លោក ធន សារាយ បន្ត​ថា ៖ «ប៉ុន្តែ​ឥឡូវ​យើង​គិត​ថា ក្នុង​ដំណើរ​ដំបូង​បើ​សិន​ជា​រដ្ឋាភិបាល​លោក​មាន​ឆន្ទៈ​ដែរ​នៅ​ក្នុង​ការ​សហការ​នេះ យើង​ក៏​គួរ​តែ​ធ្វើ​កិច្ចការ​នេះ​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​យើង​ដែរ ដើម្បី​ចង់​ផ្ទៀងផ្ទាត់​មើល​ថា តើ​យើង​អាច​ធ្វើ​កិច្ចការ​នេះ​សហការ​បាន​ល្អ​ប្រសើរ​ជា​ជាង​យើង​ធ្វើការ​ទិតៀន​តែ​ឯក​ឯង»

ក្រៅ​ពី​ការ​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​យន្តការ​ពិភាក្សា​ថ្មី លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក៏​មាន​សុទិដ្ឋិនិយម​ចំពោះ​ដំណើរ​បេសកកម្ម​ក្នុង​អាណត្តិ​ការងារ​របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា លោក ស៊ូយ៉ា ស៊ូប៊ែឌី មាន​របៀប​ធ្វើការ​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​មនុស្ស។

ក៏​ប៉ុន្តែ​លោក​ថ្លែង​បន្ត​ថា ៖ «នេះ​ជា​របៀប​ធ្វើការ​មួយ​ខុស​ពី​មុន ហើយ​ខ្ញុំ​ក៏​ចាំ​មើល​ដែរ​ថា តើ​នៅ​ពេល​ខាង​មុខ​គាត់​នឹង​អាច​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​កើត​ឡើង​ជា​កង្វល់​នៅ​ក្នុង​សង្គម​យើង​បាន​យ៉ាង​ណា​នោះ? នេះ​ជា​បញ្ហា​មួយ​ដែរ​ដែល​យើង​សង្ឃឹម»

លោក ស៊ូយ៉ា ស៊ូប៊ែឌី គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​បាត់ដំបង រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ និង​២៨ មករា ហើយ​នឹង​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​ឯ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១០៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ច្បាប់គេមានក៏ប៉ុន្តែមនុស្សមិនយកទៅប្រើដោយម្នាក់ៗគិតតែប្រយោជផ្ទាល់ខ្លួនពេក។អ្នកខ្លះទៅយកដីគេអ្នកខ្លះឈ្លោះប្រកែកជាមួយម៉ែឪបងប្អូនដោយធ្វើនេះធ្វើនោះតាមតែចិត្តនឹកឃើញរួចក៏ដាក់បន្ទុកទៅលើរាជរដ្ធាភិបាល។ដួចជាជុំនួយការអង្ការសហប្រជាជាតិឥញ្ចឹងដែរប្រទេសដែលមិនគោរពច្បាប់ច្រើនណាស់នៅក្នុងពិភពលោកម្តេចក៏មិនទៅនិយាយហេតុអីបានជានិយាយតែប្រទេសកម្ពុជា។តើអង្ការសហប្រជាជាតិបានជួយអ្វីខ្លះដល់ប្រទេសកម្ពុជា?

Jan 27, 2010 01:07 PM

អ្នក​អាន​អនាមិក

Mr. Surya, we all know! We need a real action to bring the real democracy to Cambodia, the real respect to HR and rule of law. It is what the international community and the UN should play. Not come to Cambodia to take annual photos and handshakes!

Jan 27, 2010 03:35 AM

គេហទំព័រ​ទាំងមូល