អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​ទី​២

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប)​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក​ថៃ្ង​១៨ មករា ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​២​សប្តាហ៍។
ដោយ សុខ សេរី
2010-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា រូប​ថត​ថ្ងៃ​ទី ២៤ មិថុនា ២០០៩
លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា រូប​ថត​ថ្ងៃ​ទី ២៤ មិថុនា ២០០៩
RFA Photo/Uon Chhin

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​សើរើ​ជា​ថ្មី​ទៀត​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​រំលោភ​ដីធ្លី​និង​ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ ដែល​កំពុង​រង​ការ​រិះគន់​ថា បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នា​ពេល​ថ្មីៗ។

ការ​បំពេញ​ទស្សនកិច្ច​របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី លើក​នេះ គឺ​ចាប់​ពី​ថៃ្ង​ទី​១៨ ខែ​មករា រហូត​ដល់​ថៃ្ង​ទី​៣០ ចុង​ខែ​មករា​នេះ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​ហើយ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ដំបូង​រយៈពេល​១០​ថៃ្ង កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៩​កន្លង​ទៅ។

លោក កុយ គួង ជា​អនុរដ្ឋលេខាធិការ​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ច័ន្ទ ១៨ មករា ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​លោក ស៊ូយ៉ា ស៊ូប៊ែឌី ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ៍​នេះ។

លោក កុយ គួង មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «ជួប​ឥស្សរជន​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គឺ​មាន​ការ​បញ្ជាក់​ច្បាស់ គឺ​សម្ដេច​តេជោ​នាយករដ្ឋមន្រ្តី​ក៏​លោក​អនុញ្ញាត​ឲ្យ​ជួប និង​ឯកឧត្ដម ឱម យ៉ិនទៀង ក៏​លោក​អនុញ្ញាត​ឲ្យ​ជួប​ដែរ»

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លោក ស៊ូយ៉ា ស៊ូប៊ែឌី មាន​គម្រោង​ជួប​ជាមួយ​រដ្ឋមន្រ្តី​មួយ​ចំនួន​ទៀត​នៃ​ក្រសួង​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល ដូចជា​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​ដែនដី​នគររូបនីយកម្ម​និង​សំណង់ និង​ក្រសួង​ការបរទេស​ជាដើម។

លោក សុក សំអឿន ប្រធាន​នៃ​អង្គការ​គម្រោង​អ្នក​ការពារ​ក្តី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា មាន​គម្រោង​ណាត់​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក ស៊ូយ៉ា ស៊ូប៊ែឌី ដែរ ដើម្បី​ផ្តោត​លើ​ការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​និង​ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សុក សំអឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «ដោយសារ​គាត់​ជា​អ្នក​ច្បាប់​ផង យើង​គិត​ថា គាត់​អាច​ជួយ​ច្រើន​ដើម្បី​ជំរុញ​ឲ្យ​តុលាការ​យើង​កាន់​តែ​រឹង​មាំ។ បើ​សិន​ជា​យើង​ធ្វើ​ឲ្យ​តុលាការ​រឹង​មាំ សភា​រឹង​មាំ​ថែម​ទៀត ហើយ​រដ្ឋាភិបាល​កាន់​តែ​ក្លាយ​ជា​រដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ នោះ​ហើយ​គឺ​ជា​ការ​ពង្រឹង​ឫស​ដើម​ប្រជាធិបតេយ្យ​ឲ្យ​រឹងមាំ»

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​ជា​តំណាង​រាស្រ្ត​ផង​ដែរ​នោះ គឺ​លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា គណបក្ស​របស់​លោក​មាន​គម្រោង​ការ​លើក​យក​បញ្ហា​មួយ​ចំនួន​ដើម្បី​ជម្រាប​ប្រាប់​លោក ស៊ូយ៉ា ស៊ូប៊ែឌី នោះ។

លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា ៖ «ទី​១ យើង​ឃើញ​អ្នក​តំណាង​រាស្រ្ដ​ក្នុង​ឆ្នាំ​២០០៩ ត្រូវ​គេ​ដក់​អភ័យ​ឯក​សិទ្ធិ​ដល់​ទៅ​៣​នាក់ អ្នក​កាសែត​ដែល​គេ​ចាប់​ដាក់​ពន្ធនាគារ​ក៏​មិន​ត្រូវ​ដោះលែង អ្នក​បាញ់​សម្លាប់​អ្នក​កាសែត​ក៏​រក​ឃាតករ​មិន​ឃើញ បាតុកម្ម​កម្មករ​កម្មការិនី​ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ ហើយ​ប្រជាពលរដ្ឋ​រាប់​រយ​រាប់​ពាន់​នាក់​ដែល​ក្នុង​ឆ្នាំ​២០០៩​នេះ បាត់​បង់​ដីធ្លី​ដោយសារ​អ្នក​មាន​អំណាច​រឹប​យក​ដី​របស់​គាត់​ដោយ​ខុស​ច្បាប់»

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ បាន​បើក​កិច្ច​ប្រជុំ​មួយ​ដើម្បី​សើរើ​និង​ពិនិត្យ​មើល​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នានា រាប់​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដែល​ប្រទេស​កម្ពុជា​រង​ការ​រិះគន់​ថា ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​បាន​ធ្លាក់​ចុះ​ដុនដាប៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I hope that the UN special reporter, will report the real thing happening in Cambodia such as: Land grabing, Country for sale, family tree , water and island for sale and mining underground for sale. human right abuse

Jan 19, 2010 01:52 AM

គេហទំព័រ​ទាំងមូល