ចលនា​បង្រួប​បង្រួម​រវាង​បក្ស​សិទ្ធិ​មនុស្ស​និង​សមរង្ស៊ី​ពុំ​ទាន់​មាន​លទ្ធផល

ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ​ដែល​បង្កើត​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​និង​​​គណបក្ស​សមរង្ស៊ី​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ​ពុំ​ឃើញ​ចេញ​លទ្ធផល​ជា​ផ្លែផ្កា​នៅ​ឡើយ។
ដោយ ដែន អយុធ្យា
2010-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។
លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។
RFA Photo

សេច​ក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា បាន​សរសេរ​ថា ក្រោយ​ពេល​គណបក្ស​សិទ្ធិ​មនុស្ស​និង​សមរង្ស៊ី​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​បង្កើត​ចលនា​រួប​រួម​នេះ​ឡើង លទ្ធផល​នៅ​ពុំ​ទាន់​ទទួល​បាន​ជា​ទី​គាប់​ចិត្ត​ទៅ​តាម​ការ​ទទូច​ចង់​បាន​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ ទោះ​បី​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ជា​ញឹកញាប់​បែប​ណា​ក្តី។

បន្ថែម​លើ​សេចក្តី​ថ្លែង​ការណ៍ លោក ញ៉ែម បុញ្ញឫទ្ធិ អគ្គ​លេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​គឺ​ទទួល​បាន​ផ្លែផ្កា​ខ្លះៗ ប៉ុន្តែ​នៅ​មាន​ចំណុច​បច្ចេកទេស​មួយ​ចំនួន​ទៀត​ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ពុំ​ទាន់​ឯកភាព​គ្នា​និង​កំពុង​ចរចា​នៅ​ឡើយ។

លោក ញ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​នៅ​មាន​សង្ឃឹម​ច្រើន ពីព្រោះ​ការ​ជជែក​គ្នា​ប្រហែល​ជា​២​ភាគ​៣​ហើយ​ដែល​យើង​ឯកភាព​គ្នា ហើយ​នៅ​សល់​១​ភាគ​៣​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​នីតិ​វិធី​និង​បច្ចេកទេស​មួយ​ចំនួន ប៉ុន្តែ​ជា​គោល​ការណ៍​យើង​នឹង​បង្កើត​ចលនា​ប្រជាធិបតេយ្យ​រួម​គ្នា​មួយ បូក​ផ្សំ​រួម​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​សេរី​និយម ជាតិ​និយម បូក​រួម​ជាមួយ​នឹង​ឥស្សរជន​នយោបាយ​ដទៃ​ទៀត»

លោក យឹម សុវណ្ណ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី និង​ជា​តំណាង​រាស្ត្រ​ផង​នោះ មាន​ប្រសាសន៍​ថា តាម​ការ​កត់​សម្គាល់​ពី​លទ្ធផល​នៃ​ក្រុម​ការងារ​ចរចា​រវាង​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស ១​ឆ្នាំ​មក​នេះ​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ជា​ច្រើន​កើត​ចេញ​ពី​តុ​ចរចា ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​បច្ចេកទេស​មួយ​ចំនួន​ដែល​ក្រុម​ការងារ​មិន​ទាន់​បាន​ឯកភាព​គ្នា។

លោក យឹម សុវណ្ណ រំពឹង​ទុក​ថា បន្ទាប់​ពី​​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​លើ​ចំណុច​មួយ​ចំនួន​ដែល​នៅ​ខ្វែង​គំនិត​គ្នា ធ្វើ​ការ​ដោះស្រាយ​បាន​ចប់​ជា​ស្ថាពរ​នៅ​ពេល​នោះ គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​មួយ​នឹង​កើត​មាន​ឡើង។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​មាន​លទ្ធផល​វិជ្ជមាន រី​ឯ​បញ្ហា​លម្អិត​ទាក់ទង​នឹង​បច្ចេកទេស ទាក់ទង​នឹង​រឿង​អី នាំ​ទៅ​ដល់​ការ​បង្កើត​គណបក្ស​តែមួយ ការ​ដែល​ចូល​រួម​ជាមួយ​គណបក្ស​សមរង្ស៊ី​ដែល​ជា​គណបក្ស​ធំ​ទី​២​បន្ទាប់​ពី​គណបក្ស​ប្រជាជន គឺ​ក្រុម​ការងារ​កំពុង​តែ​ពិភាក្សា​គ្នា»

លោក ខៀវ កាញារីទ្ធ មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ដោយ​ខ្លី​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ការ​ព្រួយ​បារម្ភ​បន្តិច​ណា​ឡើយ​ជុំវិញ​ចលនា​បង្កើត​គណបក្ស​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២-​២០១៣​ខាង​មុខ​នេះ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​អត់​មាន​បញ្ហា​អី​ទេ ខ្ញុំ​តែង​តែ​និយាយ​ច្រើន​ហើយ ពី​ដើម​មាន​ក្រដាស​៥០០​ចែក​គ្នា​១០​នាក់​បាន​៥០​រៀល​ម្នាក់ ដល់​ឥឡូវ​ប្រមូល​មក​កាន់​ម្នាក់​វិញ​ក៏​ប៉ុណ្ណឹង​ដដែល​ហ្នឹង ប៉ុន្តែ​អ្នក​ខ្លះ​ចាយ​លុយ​អស់​ទៀត អាលុយ​៥០​ហ្នឹង»

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា នៅ​គ្រា​ដែល​ការ​ពិភាក្សា​ពុំ​ទាន់​ទទួល​បាន​លទ្ធផល គណបក្ស​សិទ្ធិ​មនុស្ស​រក្សា​សិទ្ធិ​ក្នុង​ការ​ពិភាក្សា​រួប​រួម​មិន​ថា​គណបក្ស​ណា ឬ​ឥស្សរជន​នយោបាយ​ណា​ដែល​មាន​បំណង​ចង់​រួប​រួម​គ្នា​ក្នុង​គ្រឹះ​​ប្រជា​ធិបតេយ្យ​សេរី ស្រប​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២-​២០១៣​ខាង​មុខ៕

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

Khmers Should work for Khmers, not for the neighbor nation.

Jan 18, 2010 08:41 PM

អ្នក​អាន​អនាមិក

បក្សលោកសមរង្សីគឺមកពីបក្សសមសារីជាឪពុករបស់លោកសមរង្សីនឹងជាបក្សលោកលន់នលនឹងអាមេរិកាំង។ហើយឥឡូវពួកគេទាំងនោះចង់ឲ្យប្រទេសកម្ពុជាក្លាយទៅដួចឆ្នាំ១៩៧០ទៀតឬ?

Jan 16, 2010 07:34 AM

អ្នក​អាន​អនាមិក

តើមានបក្សប្រឆាំងប៉ុន្មាននាក់ដែលធ្វើឲ្យប្រទេសកម្ពុជាខ្ទេចខ្ទាំអស់ចាប់ពីឆ្នាំ១៩៤០ផ្លាយមក?

Jan 16, 2010 07:30 AM

អ្នក​អាន​អនាមិក

ប្រទេសកម្ពុជាមិនមានការរីកចំច្រើនដោយសារមានបក្សប្រឆាំងនោះទេ!

Jan 16, 2010 07:28 AM

អត្ថបទ​ដែល​ទាក់ទង

គេហទំព័រ​ទាំងមូល