មេ​ដឹកនាំ​សហជីព​កម្មករ​គ្រោង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១ ឧសភា

សហភាព​សហជីព​កម្ពុជា និង​សមាគម​គ្រូ​បង្រៀន គ្រោង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ​នេះ ហើយ​ក៏​គ្រោង​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន និង​មន្ត្រី​រាជការ។
ដោយ ដែន អយុធ្យា
2010.04.24
កម្មករ​៣០៥ កម្មករ​រោងចក្រ​កាត់ដេរ​និង​កម្មករ​និយោជិត​ពី​វិស័យ​ផ្សេងៗ​ទៀត​ជា​ច្រើន​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០០៩។
RFA Photo

មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ សហភាព​សហជីព​កម្ពុជា​ដែល​មាន​សហជីព​សេរី​កម្មករ​កាត់​ដេរ និង​សមាគម​គ្រូ​បង្រៀន​ជា​សមាជិក គ្រោង​​​ជួប​ជុំ​គ្នា​នៅ​លើ​សួន​ច្បារ ខាង​ត្បូង​ព្រះ​បរម​រាជ​វាំង មុខ​តុលាការ​កំពូល អតីត​វិមាន​រដ្ឋ​សភា ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​ដែរ ដោយ​​មាន​មនុស្ស​ប្រមាណ​ពី ២០០​នាក់ ទៅ ៣០០​នាក់​ចូលរួម។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន ជា​អ្នក​ដឹកនាំ​ការ​ជួប​ប្រជុំ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ថា ពិធី​ជួប​ជុំ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ក្រៅពី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ អ្នក​ចូលរួម​ក៏​មាន​គម្រោង​ដាក់​ញត្តិ​ជូន​រដ្ឋសភា និង​រដ្ឋាភិបាល ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន មន្ត្រី​រាជការ យ៉ាង​តិច ១​លាន​រៀល​ក្នុង​មួយ​ខែ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​យ៉ាង​តិច ៩៣​ដុល្លារ ស្មើ​នឹង ៣៩​ម៉ឺន​រៀល។

លោក រ៉ុង ឈុន ឲ្យ​ដឹង​ពី​គម្រោង​ជួប​ប្រជុំ​របស់​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ដូច្នេះ ៖ «មាន​ភ្ជាប់​ញត្តិ​ដាក់​ជូន​រដ្ឋសភា រាជ​រដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​នូវ​ដំណោះស្រាយ ដូច​ជា​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ លក្ខខណ្ឌ​ការងារ ការ​បញ្ឈប់​កិច្ច​សន្យា​ខ្លី​ៗ ដែល​ថៅកែ​បាន​និង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ។ សូម​ឲ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ ក៏​ដូច​ជា​ទាមទារ​ឲ្យ​ផ្ដល់​គោរមងារ និង​ទី​កន្លែង​ដើម្បី​លើក​រូប​សំណាក លោក ជា វិជ្ជា»

គម្រោង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ​ដែរ សម្រាប់​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា មាន​ប្រសាសន៍​ដូច្នេះ ៖ «យក​ទិវា​នេះ​ឯង​សម្ដែង​នូវ​កង្វល់​របស់​យើង​ដាក់​ទៅ​រដ្ឋាភិបាល ដូច​ជា​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​គិត​គូរ​អំពី​ប្រាក់​បៀវត្សរ៍​របស់​កម្មករ មន្ត្រី​រាជការ គ្រូ​បង្រៀន​គ្រប់​ប្រភេទ។ គឺ​យើង​ចង់​បាន​នូវ​អ្វី​ដែល​ជា​កង្វះ​ខាត​របស់​រដ្ឋាភិបាល ដែល​មិន​ទាន់​បាន​បំពេញ ដូច​ជា​តុលាការ​ការងារ ប្រព័ន្ធ​អំពើ​ពុក​រលួយ រដ្ឋាភិបាល​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ទាំង​អស់​ហ្នឹង»

លោក ទិត សុធា ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទាក់ទង​ជាមួយ​គម្រោង​ជួប​ជុំ​ធ្វើ​បាតុកម្ម​របស់​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ថា ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​អាច​ដំណើរការ​ទៅ​បាន គឺ​អាស្រ័យ​ទៅ​លើ​ក្រសួង​មហា​ផ្ទៃ​ជា​អ្នក​សម្រេច។

លោក​បន្ត​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន មន្ត្រី​រាជការ គឺ​រដ្ឋាភិបាល​បាន​ដំឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក ដែល​គិត​ជា​មធ្យម​ក្នុង​ម្នាក់​ទទួល​បាន ៨៤​ដុល្លារ​ក្នុង​មួយ​ខែ។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ថា ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១ ឧសភា ដែល​ប្រារព្ធ​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ មាន​ការ​បង្ក្រាប​ដោយ​សមត្ថកិច្ច។ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​នេះ​សមត្ថកិច្ច​អះអាង​ថា មន្ត្រី​ទាំង​នោះ​មិន​គួរ​ព្រួយ​បារម្ភ​នោះ​ទេ ប្រសិន​បើ​ការ​ជួប​ប្រជុំ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​នោះ។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ថា រាល់​ការ​ជួប​ប្រជុំ​អ្វី​មួយ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។

លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​ដូច្នេះ ៖ «នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ​នេះ ខ្ញុំ​ថា បើ​សិន​ជា​អង្គការ​សង្គម​ស៊ីវិល​ចង់​ធ្វើ​អ្វី​មួយ លោក​គួរ​តែ​ដាក់​ពាក្យ​ស្នើ​សុំ មិន​មែន​ជូន​ដំណឹង​ទេ។ ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ យើង​មិន​គួរ​ព្រួយ​បារម្ភ​ទេ! សំខាន់​យើង​ទាំង​អស់​គ្នា ទាំង​អាជ្ញាធរ ទាំង​អ្នក​ដែល​ចង់​ប្រមូល​ផ្តុំ​ធ្វើ​ការ​ទាមទារ ឬ​សម្ដែង​មតិ​ផ្សេង​ៗ យើង​សហការ​គ្នា​សិក្សា​ពី​ទិដ្ឋភាព​ច្បាប់​ទៅ ធ្វើ​ទៅ​តាម​ច្បាប់ ហើយ​សមត្ថកិច្ច​ខ្ញុំ​រីករាយ​ណាស់ នៅ​ពេល​ដែល​អ្នក​ចង់​សម្ដែង​មតិ និង​អាជ្ញាធរ​បាន​ឯកភាព​គ្នា។ ខ្ញុំ​នឹង​ការពារ​ជូន ១០០% ធានា​សុវត្ថិភាព»

ទោះ​យ៉ាង​នេះ​ក្តី ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា គឺ​ដាច់ខាត​ត្រូវតែ​ប្រារព្ធ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក ទោះ​អាជ្ញាធរ​មាន​ការ​អនុញ្ញាត ឬ​មិន​មាន​ការ​អនុញ្ញាត​បែប​ណា​ក្ដី៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។