ប្រធាន​សហជីព​ជំរុញ​ឲ្យ​សមត្ថកិច្ច​រក​មុខ​ឃាតក​បាញ់​សម្លាប់​សកម្មជន​សហជីព

មេដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្នងការ​នគរបាល​ជាតិ ឲ្យ​បើក​ការ​ស៊ើប​អង្កេត និង​ស្វែង​រក​មុខ​ឃាតក​ដែល​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​កម្មករ​ប្រចាំ​រោងចក្រ​សាន់តិច (SUN TEX) លោក ហ៊ី វុទ្ធី យក​មក​​ផ្តន្ទា​​ទោស ព្រោះ​អស់​ពេល ៤​ឆ្នាំ​មក​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ជនល្មើស​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ។
ដោយ ដែន អយុធ្យា
2011.02.26

សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បាន​ផ្ញើ​លិខិត​១​ច្បាប់​ជូន​លោក​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ស្វែង​រក​ឃាតក​ដែល​បាញ់​សម្លាប់​លោក ហ៊ី វុទ្ធី អតីត​ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ​រោងចក្រ​សាន់តិច យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោក ហ៊ី វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០០៧ កន្លង​ទៅ បន្ទាប់​ពី​រូប​លោក​ចេញ​ពី​ធ្វើ​ការ​វេន​យប់​នៅ​រោងចក្រ​សាន់តិច ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

លិខិត​បាន​ឲ្យ​ដឹង​ថា សព​លោក ហ៊ី វុទ្ធី គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ គឺ​មាន​រយៈពេល ៤​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​រូប​លោក​ត្រូវ​ឃាតក​បាញ់​សម្លាប់ ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បាន​ចាប់​ឃាតក​ពិត ឬ​ជន​នៅ​ពី​ក្រោយ​ខ្នង​ការ​សម្លាប់​យក​មក​ផ្ដន្ទា​ទោស​ម្ដង​ណា​នោះ​ទេ។

បន្ថែម​លើ​នេះ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ បាន​ចាត់​ទុក​ភាព​​យឺតយ៉ាវ​របស់​សមត្ថកិច្ច​មិន​បាន​ស្វែង​រក​មុខ​ជន​​​ល្មើស និង​អ្នក​នៅ​ពី​ក្រោយ​ឃាតក​សម្លាប់​លោក ហ៊ី វុទ្ធី យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អសមត្ថភាព​របស់​អាជ្ញាធរ និង​សង្គម​កម្ពុជា ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​រួច​ទោស។

លោក ជា មុនី មាន​ប្រសាសន៍​បន្ថែម ៖ «បាញ់​បោះ​ចោលៗ យើង​ចាំ​មើល​រយៈពេល ៤​ឆ្នាំ​អត់​ឃើញ​ការ​ស៊ើប​​អង្កេត​អត់​មាន​ឃើញ​អ្វី​ទាំង​អស់។ ខ្ញុំ​ដូច​ជា​ឆ្អែតឆ្អន់​ហើយ​ចំពោះ​រដ្ឋាភិបាល​ខ្មែរ រឿង​បាញ់​សម្លាប់​មនុស្ស​ដូច​សត្វ​ដូច​ធាតុ ហើយ​មិន​រក​ឃាតក​នោះ ហើយ​បើ​រក​ដូច​ជា​ក្នុង​ករណី​ដូចជា​ថ្ពឹនភ្នែក គេ​យក​អ្នក​នេះ ឬ​អ្នក​នោះ​មក​ធ្វើ​ផ្ដេសផ្ដាស»

លោក ជា មុនី បាន​បន្ត​ថា ចាប់​ពី​ឆ្នាំ​២០០៤ មក​ដល់​ឆ្នាំ​២០០៧ មេដឹកនាំ​សហជីព​សេរី​កម្មករ​ចំនួន ៤​នាក់​ហើយ ដែល​ត្រូវ​ឃាតក​​បាញ់​សម្លាប់ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បាន​ចាប់​បញ្ជូន​ឃាតក​ពិត​ទៅ​ផ្ដន្ទាទោស​នោះ​ទេ ក្រៅ​អំពី​បាន​ចាប់​ខ្លួន​​​ឃាតក​សិប្បនិម្មិត​ទៅ​ឲ្យ​ទទួល​ទោស​នោះ។

លោក​ថា ករណី​ការ​បាញ់​សម្លាប់​សព​លោក ហ៊ី វុទ្ធី គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ មាន​រយៈពេល ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រឹមតែ​មិន​បាន​ស្វែង​រក​ចាប់​ឃាតក តែ​បែរ​ជា​បាន​ផ្អឹប​សំណុំ​រឿង​ទុក​មិន​ចាត់​ការ​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ដាក់​លិខិត​របស់​មេដឹកនាំ​សហជីព​កម្មករ​បាន​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ ប៉ុន្តែ​ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា សំណុំ​រឿង​ឃាតកម្ម​ទៅ​លើ​​​សកម្មជន​សហជីព​កន្លង​មក សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ និង​បញ្ជូន​សំណុំ​​រឿង​​​មួយ​ចំនួន​​ទៅ​កាន់​តុលាការ ប៉ុន្តែ​ត្រង់​ថា តុលាការ​ធ្វើការ​ដោះលែង​ជន​សង្ស័យ​ឲ្យ​នៅ​ក្រៅ​​​ឃុំ ឬ​យ៉ាង​ណា​នោះ ជា​សិទ្ធិ​របស់​តុលាការ។ លោក​បន្ត​ថា រាល់​គ្រប់​សំណុំ​រឿង​ឃាតកម្ម សមត្ថកិច្ច​មិន​ដែល​មាន​បំណង​ផ្អឹប​សំណុំ​រឿង​ទុក​មិន​ចាត់​​ការ​ម្តង​ណា​នោះ​ទេ។

លោក ខៀវ សុភ័គ បញ្ជាក់​បន្ថែម ៖ «ត្រូវ​ហើយ លោក ជា មុនី លោក​សរសេរ​ហ្នឹង គឺ​ជា​បំណង​របស់​លោក ប៉ុន្តែ​ក្រសួង​មហាផ្ទៃ មិន​អាច​ធ្វើ​អ្វី​តាម​លោក ជា មុនី បាន។ ចង់​និយាយ​ថា តុលាការ​យើង​បាន​​​បញ្ជូន​​ទៅ​លោក​កាត់​សេចក្ដី​ហើយ។ ការ​ដោះលែង​ជា​ការ​ដោះ​លែង​បណ្ដោះអាសន្ន ហើយ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​នៅ​មិន​ទាន់​បាន​ទទួល​ការ​ណែនាំ ឬ​សំណូមពរ​អំពី​តុលាការ​នៅ​ឡើយ​​ទេ»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​អះអាង​ប្រហាក់ប្រហែល​គ្នា​ថា ចំពោះ​ឃាតកម្ម​ទៅ​លើ​មេដឹកនាំ​សហជីព ក៏​ដូចជា​សកម្មជន​បក្ស​ប្រឆាំង សមត្ថកិច្ច​មិន​ដែល​ចាប់​ខ្លួន​ឃាតក​ពិត​ដែល​បាន​សម្លាប់​សកម្មជន​ទាំង​នេះ​មក​ផ្តន្តា​ទោស​​បាន​ម្តង​ណា​នោះ​ទេ។ ប៉ុន្តែ​បើ​សំណុំ​រឿង​ណា​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មក​ពី​គណបក្ស​កំពុង​កាន់​អំណាច​វិញ គឺ​សមត្ថកិច្ច​បាន​យក​ចិត្ត​ទុក​ដាក់ និង​បន្ត​សកម្មភាព​ស៊ើប​អង្កេត​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។

ទោះ​យ៉ាង​នេះ​ក្តី លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ថ្លែង​ថា ឃាតកម្ម​ទៅ​លើ​សព​លោក ហ៊ី វុទ្ធី សមត្ថកិច្ច​ពិត​ជា​បាន​​ផ្អឹប​ទុក​សំណុំ​រឿង​មិន​ចាត់ការ​ពិត​មែន ព្រោះ ៤​ឆ្នាំ​មក​ហើយ សំណុំ​​​​រឿង​នេះ​រូប​លោក​មិន​ដែល​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច ឬ​តុលាការ​ជុំវិញ​ពាក្យ​បណ្តឹង​នេះ​ម្តង​ណា​​​នោះ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។