"ជំងឺ​ចម្លែក"​រាតត្បាត​សិស្ស​សាសា​នៅ​ខែត្រ​ក្រចេះ

វិទ្យាល័យ​ព្រះកុសុមៈ ខេត្ត​ក្រចេះ ត្រូវ​បាន​គេ​សម្រេច​ឲ្យ​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​កាល​ពី​ព្រឹក​ថ្ងៃ​២២ មករា ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ជំនាញ​សុខភាព​ពិនិត្យ​រក​ហេតុផល​ដែល​បណ្តាល​ឲ្យ​សិស្ស​ស្រី​មួយចំនួន​ដួល​ទន់​ដៃ​ទន់​ជើង​ជា​បន្ត​បន្ទាប់។
ដោយ ឱ ភារិទ្ធ
2010.01.22
ក្រចេះ ជំងឺ ៣០៥ ព្រះសង្ឃ​សូត្រ​មន្ត​រំដោះ​គ្រោះ​ឲ្យ​សិស្ស​ដែល​កើត​ជំងឺ​ចម្លែក នៅ​វិទ្យាល័យ​ព្រះកុសុមៈ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​២២ មករា ២០១០។
RFA/Or Phearith

លោក អ៊ឹម ម៉ង់ នាយក​រង​នៃ​វិទ្យាល័យ​នេះ បាន​ផ្តល់​សម្ភាសន៍​ផ្ទាល់​ក្នុង​ទីធ្លា​វិទ្យាល័យ​នេះ​ថា សាលា​បាន​សម្រេច​ឲ្យ​បិទ​ទ្វារ​ផ្អាក​ការ​សិក្សា​បណ្តោះ​អាសន្ន ដើម្បី​កុំ​ឲ្យ​សិស្ស​ជ្រួល​ច្របល់ បន្ទាប់​ពី​លោក​បាន​ជួយ​សង្គ្រោះ​ដល់​សិស្ស​ស្រី​ពីរ​នាក់​ដែល​មាន​ជំងឺ​ចម្លែក​នេះ តែ​លោក​មិន​អាច​សន្និដ្ឋាន​ថា​ជា​ជំងឺ​អ្វី​ឡើយ។

លោក អ៊ឹម ម៉ង់ បាន​បញ្ជាក់​ថា ៖ «អង្គុយ​រៀន​អ៊ីចឹង វា​មាន​ប្រតិកម្ម​អី​ទៅ វា​ស្ទុះ​ហក់ កញ្ជ្រោល​ឡើង​បណ្ដោយ។ ក្មេង​ហ្នឹង​កម្លាំង​ពេញ​តែម្ដង ហើយ​វា​យំ​រហូត ស្រែក​រហូត ភ្នែក​វា​ដាល​រហូត។ សិស្ស​ទាំង​អស់​ដែល​វា​ឈឺ​ទាំង​ប៉ុន្មាន​ហ្នឹង​សុទ្ធតែ​ជំងឺ​ប្រភេទ​តែ​មួយ តែ​ជំងឺ​វា​ប្លែក!»

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​ផ្តល់​សម្ភាសន៍​ថា សិស្ស​ស្រី​ពីរ​នាក់​នោះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ដោយ​មាន​ទាំង​និមន្ត​ព្រះ​សង្ឃ​ឲ្យ​ជួយ​សូត្រ​មន្ត​រំដោះ​គ្រោះ​តាម​ជំនឿ​អរូបី​ផង ៖ «លោក​ក៏​បាន​សូត្រ​ដេញៗ​អ៊ីចឹង ក្មេង​ហ្នឹង​ក៏​បាត់​ប្រកាច់​បាត់​អី​ទៅ ប៉ុន្តែ​មួយ​សន្ទុះ​អា​ម្នាក់​ទៀត​ប្រកាច់​ពេញ​សាលា សែង​មក​ទៀត​ហើយ ស្រី​ដែរ ចាប់​បួន​ដប់​នាក់​អត់​ចង់​ឈ្នះ​ទេ! ក្មេង​ហ្នឹង​ខាំ​ធ្មេញ​ស្លេកស្លាំង របៀប​ដូច​ស្អី​ចូល​អ៊ីចឹង​ណា៎! រួច​ក៏​លោក​សូត្រ​ជះ​ទឹក​ពីរ​ធុង រួច​ទៅ​ក្មេង​ហ្នឹង​ក៏​វា​ដឹង​ខ្លួន​ធម្មតា​វិញ តែ​វា​អស់​កម្លាំង រួច​គេ​យក​មក​ពេទ្យ ដាក់​សេរ៉ូម​ដាក់​អី!»

លោក អ៊ូ ឃីឡាយ នាយក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដែល​ទទួល​សិស្ស​ស្រី​រង​ដោយ​ជំងឺ​ចម្លែក​នេះ​តាំង​ពី​ថ្ងៃ​ទី​១៩ មករា​មក បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ដំបូង​លោក​ពិនិត្យ​ឃើញ​ថា សិស្ស​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ តែ​នៅ​ថ្ងៃ​នេះ​លោក​ថា សិស្ស​ពុំ​មាន​ខ្វះ​អ្វី​ទេ លោក​បែរ​ជា​សង្ស័យ​មាន​ជាតិ​ពុល​ម្យ៉ាង​ដែល​លោក​ពុំ​មាន​ឧបករណ៍​វិភាគ។

លោក អ៊ូ ឃីឡាយ បាន​អះអាង​ថា ៖ «ម្សិលមិញ​ចូល​ពីរ​នាក់ ប៉ុន្តែ​ពីរ​ហ្នឹង​សភាព​វា​ដូច​ជា​ពិបាក​ជាង​អា​មុនៗ ហើយ​មើល​ឈាម​មើល​អី​ធម្មតា​ទាំង​អស់​ហ្នឹង ហើយ​ធាតុ​អាកាស​មិន​ពាក់ព័ន្ធ​អី​ធ្វើ​ឲ្យ​ប្រកាច់​អ៊ីចឹង​ទេ! ខ្ញុំ​សង្ស័យ​ក្រែងលោ​មាន​ជាតិ​ពុល​អី​ក្នុង​ហ្នឹង​ក៏​មិន​ដឹង! ដូច​ថា យើង​អត់​ឧបករណ៍​អី​សម្រាប់​ស្រាវជ្រាវ​រក​មើល។ ខាង​មន្ទីរ​ខ្ញុំ​រាយការណ៍​ជូន​ទៅ​ក្រសួង​ដែរ ប្រហែល​ជា​គេ​មាន​វិធានការ​យ៉ាងម៉េច»

លោក អ៊ូ ឃីឡាយ បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​សិស្ស ១២​នាក់​ហើយ​ដែល​ចូល​ទៅ​មន្ទីរ​ពេទ្យ​បង្អែក ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មករា​ដដែល ក៏​មាន​សេចក្តី​រាយការណ៍​មក​ថា ក៏​មាន​សិស្ស ៨​នាក់​ផ្សេង​ទៀត​ដែរ​នៅ​ឯ​សាលា​ចំបក់​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ដែល​ទទួល​រង​នូវ​ជំងឺ​ចម្លែក​នេះ។

អាណាព្យាបាល​សិស្ស​មួយចំនួន​បាន​ឲ្យ​ដឹង​ថា វិទ្យាល័យ​ព្រះកុសុមៈ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្នូរ​សាកសព​ដែល​គេ​សម្លាប់​ក្នុង​គុក​ពី​ជំនាន់ ប៉ុល ពត ដែល​គេ​បង្កើត​នៅ​កន្លែង​នោះ​ពី​មុន ហេតុ​នេះ​ហើយ​គេ​ចង់​ឲ្យ​មាន​ការ​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​បណ្តោះ​គ្រោះ​ដើម្បី​ឲ្យ​ព្រលឹង​សាកសព​ទាំង​នោះ​បាន​ស្ងាប់​ទៅ​ចាប់​ជាតិ​ជា​ថ្មី។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ការ​គិត​នេះ​វា​គ្រាន់​តែ​ជា​អបិយ​ជំនឿ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​រង់ចាំ​ការ​វិភាគ​រោគ​មួយ​ជាក់លាក​ពី​អ្ន​ក​ជំនាញ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។