មន្ត្រី​កសិកម្ម​ព្រួយ​បារម្ភ​ពី​ការ​លក់​សាច់​គោ​ឈឺ​នៅ​ព្រះវិហារ

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា​គេ កំពុង​ចាត់​ឱ្យ​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​រវៀង​ តាម​ស៊ើប​រក​កន្លែង​មួយ​ចំនួន ដែល​ជា​ប្រភព​នៃ​ការ​នាំ​សាច់​គោ ដែល​ងាប់​ដោយ​សារ​ជំងឺ ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ឱ្យ​ប្រជា​ពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​ជា​ច្រើន ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​ដល់​សុខភាព​សាធារណជន។
ដោយ ហង្ស សាវយុត
2011.06.13

ប៉ុន្តែ ទោះ​យ៉ាង​ណា​ក្ដី រហូត​មក​ដល់​ពេល​នេះ​គេ មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ ដែល​អាច​ឈាន​ទៅ​ដល់​ការ​រារាំង និង​បញ្ឈប់​ទៅ​លើ​ការ​លក់​សាច់​គោ​ងាប់​ដោយសារ​ជំងឺ នៅ​ក្នុង​ទីផ្សារ​នោះ​នៅ​ឡើយ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ស្រុក​រវៀង​ចម្ងាយ​ប្រមាណ​ជាង ៤០ គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​ព្រះវិហារ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ ដែល​អាច​ឆ្លង​មេរោគ​ពី​សាច់​គោ​ដែល​ងាប់​ដោយសារ​ជំងឺ ទៅ​មនុស្ស​នៅ​ពេល​ណា​មួយ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បង្ក្រាប​ពួក​ឈ្មួញ​ខ្លះ ដែល​ចង់​ចំណេញ​ប្រាក់ ហើយ​យក​សាច់​គោ ដែល​ឈឺ​ងាប់​ទៅ​ដាក់​លក់​ឱ្យ​ប្រជា​ពលរដ្ឋ ដែល​មិន​ដឹង​ហើយ​ទិញ​យក​ទៅ​ចម្អិន​ទទួលទាន​នោះ។

លោក ម៉ី ប៊ុន​ណី ប្រធាន​ផ្សារ​រវៀង នៅ​ក្នុង​ទី​ប្រជុំ​ជន​ស្រុក​រវៀង មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី ១១ ខែ​មិថុនា​ថា នៅ​ក្នុង​ផ្សារ​ដែល​លោក​គ្រប់គ្រង គឺ​មាន​ឈ្មួញ​ខ្លះ​បាន​យក​សាច់​គោ ដែល​ឈឺ​ងាប់ ទៅ​ដាក់​លក់​ជា​ហូរ​ហែ ក្នុង​រយៈ​ពេល​ជាង ១ ខែ​កន្លះ​ជាប់ៗ គ្នា​មក​នេះ។

អ្នក​គ្រប់គ្រង​ផ្សារ​ដដែល​ថ្លែង​ទៀត​ថា យ៉ាង​ហោច​ណាស់​លោក​បាន​ឃើញ​គោ​ពី ៣ ទៅ ៤ ក្បាល ដែល​ងាប់​ដោយ​សារ​ជំងឺ​ក្នុង​មួយ​ថ្ងៃៗ ដែល​ពួក​ឈ្មួញ​បាន​យក​សាច់​ទៅ​ដាក់​លក់​ឱ្យ​ប្រជា​ពលរដ្ឋ​ទិញ​យក​ទៅ​ចម្អិន​បរិភោគ។ ក៏​ប៉ុន្តែ លោក​ពុំ​មាន​លទ្ធភាព​រារាំង​ការ​លក់​ដូរ​សាច់​សត្វ​បែប​នោះ​ទេ។

លោក ម៉ី ប៊ុន​ណី ៖ «ពួក​ឈ្មួញ​ហ្នឹង​យក​មក​បោះ​ឱ្យ​វា ៩.០០០ រៀល ហើយ​ទៅ​ដល់​លក់​ចេញ​ទៅ​វិញ ១.៥០០០ ឬ ១.៤០០០ ក្នុង ១ គីឡូ​ក្រាម។ ប្រជាជន​ពី​ចុង​កាត់​មាត់​ញក​គ្នា​អត់​ដឹង​ចេះ​តែ​ទិញ​ទៅ។ ខ្ញុំ​ប្រាប់​គេ​ដែរ​ហើយ តែ​គេ​ធ្វើ​អត់​ដឹង​ឮ​។ ដល់​អ៊ីចឹង​គេ​ចេះ​តែ​មក​ប្ដឹង​ខ្ញុំ​ដែរ​ដល់​ខ្ញុំ​ដោះ​ស្រាយ​អត់​ចេញ»។

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​វិហារ បាន​បញ្ជាក់​ថា គេ​បាន​ដឹង​អំពី​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​ផ្សារ​នៃ​ស្រុក​រវៀង​នោះ។

លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ប្រចាំ​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា កន្លង​មក​លោក​តែ​ង​ឮ​ព័ត៌មាន​ថា មាន​ការ​យក​សាច់​គោ​ដែល​ឈឺ​ងាប់ ទៅ​លក់​នៅ​ផ្សារ​ស្រុក​រវៀង​ជា​ហូរហែ។ ប៉ុន្តែ អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​ប្រភព និង​ភស្តុតាង​ច្បាស់លាស់ ដើម្បី​បង្ក្រាប​ការ​លក់​ដូរ​បែប​នោះ​នៅ​ឡើយ​ទេ។

លោក ពឹង ទ្រីដា ៖ «ខ្ញុំ​ឱ្យ​ខាង​កសិកម្ម​ស្រុក​ហ្នឹង​សហការ​ជា​មួយ​អាជ្ញាធរ​អី​រួច​អស់​ហើយ។ ប៉ុន្មាន​អាទិត្យ​មុន​នេះ​ឱ្យ​មើល​កន្លែង​ណា ដែល​មាន​គោ​ស្លាប់​គោ​អី។ យើង​ណែនាំ​អត់​ឱ្យ​យក​មក​បរិភោគ​អ៊ីចឹង​ណា។ គោ​កាល​ណា​វា​មាន​ជំងឺ​អ៊ីចឹង ជា​ទូទៅ​គេ​ហាម​អត់​ឱ្យ​យើង​យក​ទៅ​បរិភោគ​ទេ។  ខ្លាច​មាន​បញ្ហា​អី​ប៉ះពាល់​ដល់​សុខភាព​បងប្អូន។ យើង​ហាម​អត់​ឱ្យ​គាត់​បរិភោគ​ទេ។ ណែនាំ​គាត់​ជា​ទូទៅ​អា​ហ្នឹង​អីចឹង»។

លោក​ប៉ិច ហ៊ុយគឹង ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​រវៀង មាន​ប្រសាសន៍​ថា ការ​ដាក់​លក់​សាច់​គោ​ដែល​ឈឺ​ងាប់ ទៅ​ឱ្យ​ប្រជា​ពលរដ្ឋ​ចម្អិន​ទទួលទាន​នោះ គឺ​ក្រុម​ប្រឹក្សា​ស្រុក​រវៀង​ធ្លាប់​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​សាធារណ ហើយ​ក៏​​ធ្លាប់​បាន​លើក​បញ្ហា​នោះ​ដាក់បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​នៃ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ផង​ដែរ។ ក៏​ប៉ុន្តែ បញ្ហា​នោះ​នៅ​តែ​គ្មាន​ចំណាត់​ការ​រារាំង ឬ​ធ្វើ​ការ​បង្ក្រាប​ណា​មួយ​ពី​អាជ្ញាធរ​នៅ​ក្នុង​តំបន់​នោះ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។