រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​រង់ចាំ​ម្ចាស់​ឈើ​ចេញ​មក​ទទួល​ខុស​ត្រូវ

រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប កំពុង​រង់ចាំ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឈើ​ជាង ៣០០​ម៉ែត្រ​គូប ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អតីត​បន្ទាយ​ទាហាន​សឹក​រង​ខេត្ត ចេញ​មុខ​មក​ដោះស្រាយ។
ដោយ ហង្ស សាវយុត
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-មីនា-២០១០: សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​គំនរ​ឈើ​ប្រណីត​រាប់​រយ​ម៉ែត្រ​គូប នៅ​កន្លែង​ស្តុក​ឈើ​មួយ ដែល​គេ​រក​ឃើញ​ក្នុង​អតីត​បន្ទាយ​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​សៀមរាប។ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​របស់​លោក​ឧកញ៉ា អាំង ទ្រី។
២៦-មីនា-២០១០: សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​គំនរ​ឈើ​ប្រណីត​រាប់​រយ​ម៉ែត្រ​គូប នៅ​កន្លែង​ស្តុក​ឈើ​មួយ ដែល​គេ​រក​ឃើញ​ក្នុង​អតីត​បន្ទាយ​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​សៀមរាប។ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​របស់​លោក​ឧកញ៉ា អាំង ទ្រី។
RFA/Hang Savyouth

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គេ​កំពុង​រង់ចាំ​ម្ចាស់​ឈើ​ដែល​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ជាង ៣០០​ម៉ែត្រ​គូប កាល​ពី​រសៀល​ថ្ងៃ​២៦ មីនា កន្លង​មក នៅ​ក្នុង​អតីត​បន្ទាយ​ទាហាន​សឹក​រង​របស់​ខេត្ត​សៀមរាប​នោះ ចេញ​មុខ​មក​បង្ហាញ​អាជ្ញាប័ណ្ណ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​មាន​ការ​អនុញ្ញាត​​តាម​ច្បាប់​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

លោក ឈៀង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មីនា ថា រហូត​មក​ដល់​ថ្ងៃ​សៅរ៍ សមត្ថកិច្ច​បាន​ជួប​ត្រឹម​តែ​តំណាង​ម្ចាស់​ឈើ​ប៉ុណ្ណោះ ពុំ​ទាន់​បាន​ជួប​ម្ចាស់​ឈើ​ពិត​ប្រាកដ​និង​មិន​ទាន់​បាន​ឃើញ​អាជ្ញាប័ណ្ណ​​ដែល​គេ​យក​មក​ឲ្យ​ពិនិត្យ​ណា​មួយ​ទេ បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ថា ម្ចាស់​ឈើ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក៏ដោយ។

លោក ឈៀង តុលា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ម្ចាស់​គេ​ថា គេ​បាន​ទិញ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ដើម្បី​ត្រៀម​ធ្វើ​ផ្ទះ​សម្បែង​គេ ប៉ុន្តែ​យើង​អត់​ទាន់​បាន​ឃើញ​លិខិត​ស្នាម​ហ្នឹង​អី​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​អះអាង​ថា មាន​ទិញ​ស្រប​ច្បាប់​របស់​គេ​ដែរ។ យូរ​ហើយ»

លោក ឈៀង តុលា បាន​មាន​ប្រសាសន៍​ថា ឈើ​ដែល​ស្តុក​ទុក​ជាង ៣០០​ម៉ែត្រ​គូប​នោះ​លោក​មិន​បាន​ដឹង​ថា គេ​បាន​យក​មក​ពី​តំបន់​ណា​និង​ដោយ​វិធី​ណា​ទេ ពីព្រោះ​ការ​ស្តុក​ទុក​យូរ​មក​ហើយ​អាច​មុន​ពេល​ដែល​លោក​មក​គ្រប់គ្រង​នៅ​ខេត្ត​សៀមរាប​ផង។

សមត្ថកិច្ច​នៅ​កន្លែង​ឆែកឆេរ​បាន​ធ្វើ​កំណត់​ហេតុ​សាក​សួរ​បុរស​ម្នាក់​ដែល​នៅ​មើល​ខុស​ត្រូវ​កន្លែង​ស្តុក​ឈើ​នោះ បាន​ប្រាប់​ថា ឈើ​ទាំង​នោះ​ជា​របស់​ឧកញ៉ា​ម្នាក់​ឈ្មោះ អាំងទ្រី។

មន្ត្រី​គណ​បក្ស​នយោបាយ​មិន​កាន់​អំណាច​ខ្លះ​បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​នោះ ប៉ុន្តែ​គេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​តាម​ការ​អនុវត្ត​ច្បាប់​ជា​ជាង​ការ​ធ្វើ​យក​ចំណេញ​ខាង​នយោបាយ។

លោក យ៉ែម បញ្ញារិទ្ធ អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស បាន​មាន​ប្រសាសន៍​ថា ការ​ដែល​រដ្ឋាភិបាល​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ឆែកឆេរ​តាម​ឃ្លាំង​ស្តុក​ឈើ គឺ​ជា​ការ​ត្រឹមត្រូវ ប៉ុន្តែ​លោក​សុំ​ឲ្យ​អនុវត្ត​ជា​ប្រចាំ ចៀសវាង​ការ​ធ្វើ​តែ​មួយ​ប្រាវ​នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ស្រែក បន្ទាប់​មក​ស្ងប់ស្ងាត់ ហើយ​ឈ្មួញ​ខិលខូច​នៅ​តែ​មាន​ឱកាស​បំផ្លាញ​ព្រៃ​ឈើ​ដដែល​នោះ។

លោក យ៉ែម បញ្ញារិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «អំពើ​ពុក​រលួយ​និង​ការ​ឃុបឃិត​គ្នា​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​ហ្នឹង ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ហ្នឹង​ធ្លាក់​យ៉ាប់យ៉ឺន​មែន​ទែន​ជុំវិញ​បញ្ហា​រឿង​ព្រៃ​ឈើ​ហ្នឹង»

ការ​បង្ក្រាប​ការ​កាប់​ឈើ​និង​ឆែកឆេរ​រក​កន្លែង​ស្តុក​ឈើ​នានា នៅ​តាម​តំបន់​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ-​ថៃ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ឲ្យ​ការពារ​ព្រៃ​ឈើ​និង​បង្ក្រាប​​ការ​ដឹក​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ចេញ​ពី​តំបន់​នានា។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​មាន​ប្រសាសន៍​យ៉ាង​ហ្មឺង​ម៉ាត់ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ កន្លង​មក ក្នុង​ឱកាស​លោក​អញ្ជើញ​ទៅ​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​បន្ទាយ​ទាហាន​កងពល​ធំ​អន្តរាគមន៍​លេខ​៣ នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ យ៉ាង​ដូច្នេះ ៖ «អំពាវនាវ​ឲ្យ​កងទ័ព​ជួយ​បង្ក្រាប​ក្រុម​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់ ដូច្នេះ​ទាំង​នាយ​ទាហាន ពល​ទាហាន​ទាំង​អស់ ត្រូវ​ចូល​រួម​បង្ក្រាប​ពួក​ទុច្ចរិត រាប់​ទាំង​មេ​បញ្ជាការ​ខ្លួន​ឯង​ដែល​ធ្វើ​ខុស។ ផល​ប្រយោជន៍​បាន​ទៅ​លើ​មេបញ្ជាការ​ពុករលួយ​នោះ​ទេ មិន​មែន​​​បាន​មក​លើ​កូន​ទាហាន​ទេ ហើយ​ប្រើប្រាស់​សម្ភារៈ​របស់​កងទ័ព​ដើម្បី​កាង​អ៊ីចឹង​ទេ​ត្រូវ​មើល​អា​មេខ្លោង​វា​នៅ​ឯ​ណា»

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា គេ​បាន​រឹប​អូស​ឈើ​ខុស​ច្បាប់​មួយ​ចំនួន​ជាមួយ​នឹង​ការ​បញ្ជូន​អ្នក​ពាក់ព័ន្ធ ៧​នាក់​ទៅ​តុលាការ និង​ឆែកឆេរ​រក​ឃើញ​ឈើ​ស្តុក​ទុក​នៅ​តាម​ឃ្លាំង​ក្នុង​ក្រុង​សៀមរាប​ជាង ៥០០​ម៉ែត្រ​គូប​ហើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល