អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះ​ពិនិត្យ​ដី​ទំនាស់​រវាង​អ្នក​ភូមិ​និង​មន្រ្តី​យោធា

អាជ្ញាធរ​និង​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង​ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មករា បាន​ចុះ​ទៅ​ជួបជុំ​គ្នា​នៅ​ទីតាំង​ដី​ស្រែ​ដែល​កើត​មាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​និង​មន្ត្រី​យោធា​ម្នាក់​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
Photo: RFA

លោក ស្រេង ស៊្រាង អភិបាល​ស្រុក​បាណន់ បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ចម្រុះ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ទំហំ​៣២​ហិកតា​ដែល​កំពុង​កើត​ទំនាស់​រវាង​អ្នក​ភូមិ​១២​គ្រួសារ​ជាមួយ​មន្ត្រី​យោធា​ឈ្មោះ ឌឿ សាវិន ដែល​ដី​នោះ​ស្ថិត​នៅ​ចំណុច​បឹងខ្ចាស់ ឃុំ​គន្ទឺ១ ក្នុង​ស្រុក​បាណន់។

លោក ស្រេង ស្រ៊ាង មាន​ប្រសាសន៍​ដូច្នេះ ៖ «កម្លាំង​យើង​ទាំង​អស់​ចំនួន​២៣​នាក់​មក​វាល​ស្រែ​នេះ​ដើម្បី​ឲ្យ​លោក ចាយ សាវ៉ឺន ក៏​ដូចជា​លោក ឈុំ ឈួត មេ​បញ្ជាការ មេ​បញ្ជាការ​រង ចង្អុល​ដី​ហ្នឹង​តាម​ការ​យល់​ឃើញ​របស់​លោក​ប្រធាន​តុលាការ ដើម្បី​ងាយ​ស្រួល​ឲ្យ​គាត់​ពិចារណា​និង​វិនិច្ឆ័យ»

គេ​កត់​សម្គាល់​បាន​ថា ចំណាត់ការ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់​លោក ឌឿ សាវិន ជា​មន្ត្រី​យោធា​ដែល​បាន​ដឹកនាំ​កម្មករ​២៥​នាក់​ចុះ​ច្រូត​យក​ផល​ស្រូវ​លើ​ផ្ទៃ​ដី​ទំហំ​៣២​ហិកតា​ដែល​ក្រុម​អ្នក​ភូមិ​ខំ​ប្រឹង​ដាំដុះ។

លោក ស្រេង ស្រ៊ាង អភិបាល​ស្រុក​បាណន់ បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ក្រុម​ការងារ​ចម្រុះ​ធ្វើការ​បាន​លទ្ធផល ពួកគេ​នឹង​បញ្ជូន​របាយការណ៍​ទៅ​លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​ពិនិត្យ​ដោះស្រាយ​ជូន​ក្រុម​អ្នក​ភូមិ ដើម្បី​ឲ្យ​ទទួល​បាន​ទាំង​ផល​ស្រូវ​និង​ដី​ស្រែ។

លោក នៅ យ៉ារ័ត្ន ប្រធាន​តុលាការ​ខេត្ត​បាត់ដំបង ក្រៅ​ពី​បាន​ចាត់​តំណាង​មន្ត្រី​តុលាការ​ពីរ​នាក់​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដីស្រែ​នោះ ក៏​បាន​បញ្ជាក់​ដែរ​ថា តុលាការ​បាន​លើក​ពេល​សវនាការ​អ្នក​ភូមិ​ពីរ​នាក់​ទាក់ទិន​ទំនាស់​ដី​ខាង​លើ ដែល​គ្រោង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ទៅ​ថ្ងៃ​ក្រោយ​វិញ។

លោក នៅ យ៉ារ័ត្ន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «តំណាង​តែ​ពីរ​នាក់​ទេ មួយ​ជា​ក្រឡា​បញ្ជី​និង​មួយ​ទៀត​ជា​អ្នក​ធ្លាប់​ចុះ​អនុវត្ត​ដី​ហ្នឹង​កន្លង​មក»

លោក មឿន ស្រិល ក្នុង​ចំណោម​អ្នក​ភូមិ​ទាំង​១២​គ្រួសារ បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មាន​ភាព​កក់ក្តៅ​ជាង​មុន​ក្រោយ​ពី​មាន​ការ​អន្តរាគមន៍​របស់​អាជ្ញាធរ ៖ «កុំ​ឲ្យ​វា​នៅ​ស្មុគស្មាញ ហើយ​រឿង​ចេះ​តែ​អូស​បន្លាយ​វែង​ឆ្ងាយ​ត​ទៅ​ទៀត ព្រោះ​ពួកខ្ញុំ​សុទ្ធ​តែ​ខ្វះ​ខាត»

ទោះ​យ៉ាង​ណា លោក ឌឿ សាវិន អតីត​ជា​មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​បាណន់ និង​អ្នក​ភូមិ​ទាំង​១២​គ្រួសារ ដែល​ជា​ភាគី​មាន​ទំនាស់​នឹង​គ្នា​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ពិនិត្យ​ទីតាំង​ដី​ដែល​កំពុង​កើត​មាន​ទំនាស់​នោះ​ទេ។

លោក យិន ម៉េងលី មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សកម្មភាព​ស្វែង​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ។

លោក យិន ម៉េងលី មាន​ប្រសាសន៍​ដូច្នេះ ៖ «អ៊ីចឹង​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​លោក​បន្ត​កិច្ចការ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​រង​គ្រោះ​ដោយសារ​តែ​អំពើ​អយុត្តិធម៌​ដែល​ចេះ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់»

ក្រៅ​ពី​ស្នើ​ឲ្យ​តុលាការ​បង្អង់​នីតិ​វិធី​របស់​ខ្លួន​ក្នុង​ទំនាស់​ដី​ខាង​លើ​នេះ លោក យិន ម៉េងលី បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ចប់​ទំនាស់​កុំ​ឲ្យ​កើន​មាន​ទៅ​ថ្ងៃ​មុខ​ទៀត។ លោក​បញ្ជាក់​ថា បើ​ដី​ស្រែ​ទាំង​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ទំនាស់​នៅ​តែ​កើត​មាន​ជា​បន្ត​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល