សមាជិក​បក្ស​សមរង្ស៊ី​ដាក់​លិខិត​បំភ្លឺ​ពី​បញ្ហា​ការ​កាប់​រាន​ព្រៃ​នៅ​កំពង់ធំ

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ មួយ​រូប​នៃ​គណបក្ស​សមង្ស៊ី ដែល​ត្រូវ​បាន​ការិយាល័យ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​កាល​ពី​ពេល​ថ្មីៗ​នេះ អំពី​ករណី​ចោទ​ថា កាប់​រាន​ដី​ព្រៃ​រំលោភ​ច្បាប់​ទំហំ ៥១​ហិកតារ​នោះ បាន​ដាក់​លិខិត​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​វិញ។
ដោយ ខែ សុណង
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សណ្ដាន់​គណបក្ស​សមង្ស៊ី​ម្នាក់ ដាក់​លិខិត​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​បដិសេធ​ទៅ​នឹង​ការ​កោះ​ហៅ​ទៅ​បំភ្លឺ​ពី​ករណី​ជាប់​ពាក់ព័ន្ធ​បញ្ហា​កាប់​រាន​ដី​ព្រៃ​រំលោភ​ច្បាប់​ដោយ​ការិយាល័យ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នោះ​ទេ ដោយសារ​ការ​ភ័យ​ខ្លាច​មាន​ការ​ឃាត់​ខ្លួន។

សមាជិក​គណបក្ស​សមរង្ស៊ី និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សណ្ដាន់ លោក សៅ តក់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ចូល​រួម​តាម​ការ​កោះ​អញ្ជើញ​របស់​នាយក​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​សណ្ដាន់ ដែល​បាន​កោះ​ហៅ​ទៅ​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ពី​ករណី​កាប់​រាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់ ៥១​ហិកតារ​នោះ​ទេ។ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៥ (មីនា) លោក​បាន​ដាក់​លិខិត​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​វិញ​ដើម្បី​ថា លោក​មិន​បាន​ប្រព្រឹត្ត​និង​ជាប់​ពាក់ព័ន្ធ​ការ​កាប់​រាន​នេះ​ឡើយ។

លោក សៅ តក់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មិន​បាន​ទៅ​បំភ្លឺ​ដោយ​ផ្ទាល់​ខ្លួន​ទេ ខ្ញុំ​ធ្វើ​លិខិត​១​ជា​លាយលក្ខណ៍​អក្សរ​ដាក់​ទៅ​បំភ្លឺ​ឲ្យ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ហ្នឹង​គាត់​ជ្រាប​អ្វី​ដែល​ខ្ញុំ​បាន​បក​ស្រាយ​នៅ​ក្នុង​លិខិត​នោះ។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​ក្រែងលោ​ថា គាត់​មាន​ការ​ចោទ​ប្រកាន់​អ្វី​ថែម​ទៀត ឬ​មួយ​គាត់​ដាក់​ទៅ​ឲ្យ​តុលាការ​កោះ​អញ្ជើញ ហើយ​គេ​ចេះ​តែ​រក​បន្ទុក​ដាក់​មក​ឲ្យ​ខ្ញុំ​នៅ​ពេល​ខាង​មុខ ខ្ញុំ​ចេះ​តែ​ព្រួយ​បារម្ភ​ដែរ»

លោក សៅ តក់ ដែល​នាយ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​កោះ​ហៅ​ទៅ​បំភ្លឺ បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ប្រមាណ​ជា​ ៤ ទៅ ៥​ឆ្នាំ​មក​នេះ ដី​ព្រៃ​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​គាត់​មាន​គ្រួសារ​ទាហាន​ខ្លះ​បាន​មក​កាប់​យក​ដី​ប្រកប​របរ​កសិកម្ម​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ក៏​មិន​ដែល​មាន​អាជ្ញាធរ​ហាម​ឃាត់​ដែរ។

លោក សៅ តក់ បាន​ឲ្យ​ដឹង​បន្ត​ថា ៖ «គេ​អ្នក​កាប់​ហ្នឹង គេ​ឃើញ​ដី​ជុំវិញ​ហ្នឹង​គេ​កាប់​អស់​ហើយ អត់​មាន​ជា​ព្រៃ​ធំ​អី​ណាស់​ណា​ទេ។ នៅ​ក្នុង​ហ្នឹង​បើ​តាម​ផែនទី គម្រប​ព្រៃ​ឈើ​ជាប់​ក្រោយ​ផ្ទះ​ខ្ញុំ​ប្រហែល​មិន​ជាប់​ពាក់ព័ន្ធ​អី​ធ្ងន់ធ្ងរ​ទេ ព្រោះ​ដី​ហ្នឹង​ជា​ដី​...​ដែល​សល់​ពី​ជំនាន់​ប៉ុលពត ដែល​គេ​ទុក​ចោល​អ៊ីចឹង​ទៅ​ក្រុមហ៊ុន​កូលិចស៊ីម គាត់​បាន​កាប់​ដក​យក​អា​ធំៗ​អស់​ហើយ នៅ​សល់​តែ​ដី​ព្រៃ​បាក់​ក​ដី​អី ហើយ​ក៏​ពួក​ហ្នឹង​ជា​ទាហាន​ពី​ជំនាន់​រដ្ឋ​កម្ពុជា​អី គាត់​ចេះ​តែ​កាប់​បន្តិច​បន្តួច​ហ្នឹង មិន​មែន​យក​ទៅ​លក់​ទៅ​ដូរ​ទេ គាត់​ធ្វើ​បង្ក​មុខ​របរ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​គាត់​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លោក ខុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​សណ្តាន់ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​ទាំង​ពីរ​ប្រព័ន្ធ។

លោក គង់ ណារិទ្ធ ដែល​មាន​ឋានៈ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ភាគ​ខាង​ជើង​ទន្លេ​សាប ធ្លាប់​បាន​មាន​ប្រសាសន៍​ថា លោក សៅ តក់ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​បំភ្លឺ​ដោយសារ​មាន​សាក្សី​បាន​ចង្អុល​បង្ហាញ​ថា លោក សៅ តក់ ជា​ម្ចាស់​លើ​ដី​ដែល​មាន​ការ​កាប់​រាន​នោះ ហើយ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ ត្រូវ​តែ​មាន​ការ​សាកសួរ។ ប្រសិន​បើ​លោក សៅ តក់ មិន​មាន​ឯកសារ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ទាក់ទង​ជាមួយ​ដី​ព្រៃ​នោះ​ទេ រដ្ឋបាល​ព្រៃ​ឈើ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល