អាមេរិក​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​ខ្មែរ​ខុស​ច្បាប់​៥​នាក់​មក​ស្រុក​វិញ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ខាង​មុខ​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​ខ្មែរ ៥​នាក់ ដែល​ធ្លាប់​ទទួល​ទោស​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។
ដោយ តាំង សារ៉ាដា
2010-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទង់ជាតិ​នៃ​សហរដ្ឋ​អាមេរិក។
ទង់ជាតិ​នៃ​សហរដ្ឋ​អាមេរិក។
Photo: www.wikipedia.org

នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ខោល លីហូវ អាយុ ៣៥​ឆ្នាំ នឹង​ត្រូវ​ព្រាត់​ចេញ​ពី​ម្ដាយ​ឆ្ងាយ​បង​ប្អូន និង​សហគមន៍​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្វីឡាឌែលហ្វ្យា (Philadelphia) រដ្ឋ​ផេនស៊ីលវានៀ (Pennsylvania) ដែល​លោក​ធ្លាប់​រស់​នៅ​តាំង​ពី​អាយុ ៥​ឆ្នាំ​មក​នោះ។ ការ​បែក​បាក់​ដ៏​សោក​សង្រេង​នេះ បណ្ដាល​មក​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចាប់​បញ្ជូន​គាត់​ឲ្យ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ ដោយសារ​គាត់​ធ្លាប់​មាន​ទោស​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ។

អ្នកស្រី ខោល សុឃឿន អាយុ ៥៥​ឆ្នាំ ដែល​ជា​ម្ដាយ​របស់ ខោល លីហូវ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ថែម​ទាំង​គ្មាន​ការងារ​ធ្វើ​ផង​នោះ បាន​និយាយ​ទាំង​ទ្រហោ​យំ​ថា អ្នកស្រី​គ្មាន​សង្ឃឹម​អ្វី​ទៀត​ទេ​ក្នុង​ជីវិត​នេះ ពីព្រោះ​កូន​ប្រុស​របស់​អ្នកស្រី ដែល​ធ្លាប់​រស់​នៅ​ដ៏​កម្សត់​កម្រ​ជាមួយ​គ្នា​តាំង​ពី​ជំរំ​ខៅអីដាង ប្រទេស​ថៃ​មក​នោះ នឹង​ត្រូវ​ព្រាត់​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

អ្នកស្រី ខោល សុឃឿន រៀបរាប់​ដូច្នេះ ៖ «វា​ត្រូវ​តែ​ព្រាត់​កូន​ឆ្ងាយ តែ​មីង​ត្រូវ​តែ​ប្ដូរ បើ​កូន​ទៅ​ដល់​កន្លែង​ណា មីង​សុខ​ចិត្ត​ទៅ​មើល​សិន។ ខ្ញុំ​នឹក​ឃើញ​ម្ដងៗ ខ្ញុំ​ចង់​តែ​សម្លាប់​ខ្លួន​ឯង​ទេ តែ​ដោយ​នឹក​ឃើញ​ថា នៅ​មាន​កូន​តូចៗ​ពីរ​បី​ទៀត។ សង្ឃឹម​ថា កូន​ចេញ​មក​វិញ​បាន​ជួយ​ម្ដាយ តែ​ឥឡូវ​មិន​បាន​ជួយ​បាន​អី​ទេ កូន​អើយ​កូន!។ ប្រសិន​ថា កូន​ខ្ញុំ​មិន​កែ ខ្ញុំ​មិន​តូច​ចិត្ត​ទេ»

កាសែត ហ្វីឡាឌែលហ្វ្យា ដេលី ញ៉ូវស៍ (Philadelphia Daily News) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពាក់​កណ្ដាល​ខែ​សីហា បាន​រាយ​ការណ៍​ថា ក្នុង​ឆ្នាំ​១៩៩៥ ខោល លីហូវ ជា​សមាជិក​ក្រុម​អ្នក​លេង។ ពេល​នោះ លីហូវ បាន​សម​គំនិត​ជា​អ្នក​យាម​ទ្វារ ខណៈ​ជន​ដៃ​ដល់​មា្នក់​ទៀត​បាន​ចូល​ប្លន់​ក្នុង​ហាង​លក់​ទំនិញ ហើយ​បាញ់​មនុស្ស​ម្នាក់​ស្លាប់។ បី​ថ្ងៃ​ក្រោយ​មក លីហូវ បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ប្លន់​មួយ​ករណី​ទៀត។

នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ លីហូវ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ពី ៨ ដល់ ២៦​ឆ្នាំ ពី​បទ​ប្លន់ និង​សម​គំនិត​ក្នុង​ឧក្រិដ្ឋកម្ម​គិត​ទុក​ជា​មុន។ បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៥​ឆ្នាំ លីហូវ ត្រូវ​បាន​ដោះ​លែង​ជា​បណ្ដោះ​អាសន្ន​ក្នុង​ឆ្នាំ​២០០៧។

បន្ទាប់​ពី​បាន​រួច​ខ្លួន​ពី​ការ​ឃុំ​ឃាំង​អស់​រយៈ​ពេល​ដ៏​យូរ​នេះ​មក លីហូវ បាន​កែ​ប្រែ​ខ្លួន​ជា​មនុស្ស​ល្អ​ឡើង​វិញ។ លោក​បាន​ធ្វើការ​ស្ម័គ្រ​ចិត្ត​ជា​អ្នក​ជួយ​អប់រំ​កុមារ​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ខិតខំ​រៀន​សូត្រ និង​ធ្វើការ​ថែ​រក្សា​សួន​មួយ​ឈ្មោះ សោតធ៍ ហ្វីលីយ៍ (South Philly)។

ម្ដាយ​របស់ លីហូវ អ្នកស្រី ខោល សុឃឿន មាន​ប្រសាសន៍​បណ្ដើរ​ដៃ​ជូត​ទឹក​ភ្នែក​បណ្ដើរ​ថា ព្រះ​ជា​ម្ចាស់​ពិត​ជា​មិន​មេត្តា​ដល់​គ្រួសារ​របស់​អ្នកស្រី ហើយ​ថា ការ​បញ្ជូន​កូន​របស់​អ្នកស្រី​ទៅ​កម្ពុជា​វិញ​នេះ គឺ​ជា​ការ​បំបរ​បង់​ចោល​តែម្ដង។ អ្នកស្រី​ថ្លែង​ថា កូន​របស់​អ្នកស្រី​មិន​ចេះ​និយាយ​ភាសា​ខ្មែរ មិន​ដែល​ស្គាល់​ស្រុក​ខ្មែរ និង​មិន​មាន​ញាតិ​សន្ដាន​នៅ​ទី​នោះ​ទៀត។

អ្នកស្រី ខោល សុឃឿន ឲ្យ​ដឹង​ដូច្នេះ ៖ «ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​មិន​សប្បាយ​ទេ ធម្មតា​បែក​កូន​បែក​ម៉ែ។ ខ្ញុំ​សុខ​ចិត្ត​អត់​ប្ដី ឲ្យ​តែ​រស់​នៅ​ជុំ​ជាមួយ​កូន។ កូន​ចេញ​មក​វិញ កូន​ខិតខំ​ជួយ​ម៉ែ​ជួយ​អី តែ​ឥឡូវ​កូន​ដល់​ឆ្ងាយ។ ប៉ុន្មាន​ថ្ងៃ​នេះ​មិន​បាន​ឭ​សំឡេង​កូន​ទៀត»

ខោល លីហូវ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ផ្នែក​អន្តោប្រវេសន៍​ក្នុង​សង្កាត់​យ៉ក (York) នៃ​រដ្ឋ ផេនស៊ីលវានៀ ដើម្បី​រង់ចាំ​ការ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ច្បាប់​អន្តោប្រវេសន៍​របស់​អាមេរិក បន្ទាប់​ពី​មាន​ការ​កែប្រែ​ក្នុង​ឆ្នាំ​១៩៩៦​មក ច្បាប់​នោះ​មាន​អំណាច​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​ជាប់​ទោស​ពី​បទ​ប្លន់ សម្លាប់​មនុស្ស វៃ​កាប់​ចាក់ ឬ​បន្ទោរ​បង់​តាម​ទី​សាធារណៈ​ជាដើម។

ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​សហរដ្ឋ​អាមេរិក អំពី​បញ្ហា​អន្តោប្រវេសន៍​នេះ បាន​រិះគន់​ដល់​ច្បាប់​នោះ​ថា ជា​ច្បាប់​ខ្វះ​សីលធម៌ អយុត្តិធម៌ និង​មិន​ឲ្យ​មនុស្ស​មាន​ឱកាស​ជា​លើក​ទី​ពីរ។

លោកស្រី រ៉ង សន ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​តំបន់​ហ្វីឡាឌែលហ្វ្យា បាន​ធ្វើការ​ស៊ើប​អង្កេត​ឃើញ​ថា យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ខ្មែរ​ចំនួន ១.៥០០​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​សម្រាប់​ធ្វើការ​បញ្ជូន​ទៅ​កម្ពុជា​វិញ។ លោកស្រី​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​ពុំ​មាន​យុត្តិធម៌ ហើយ​រដ្ឋាភិបាល​សហរដ្ឋ​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្ដូរ។

លោកស្រី រ៉ង សន មាន​ប្រសាសន៍​ថា ៖ «សហគមន៍​យើង​ដូច​ថា ជាពិសេស​មក​រស់​នៅ​ជា​ជន​ភៀស​ខ្លួន ហេតុ​អី​ទទួល​ទោស​ហើយ​មិន​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ នៅ​តែ​ចោទ​ប្រកាន់ ហើយ​ត្រូវ​តែ​និរទេស​ខ្លួន​ទៀត? ត្រង់​ហ្នឹង​ហើយ​ដែល​ថា មិន​យុត្តិធម៌​ត្រង់​ហ្នឹង ហើយ​ដែល​យើង​ទាមទារ​ឲ្យ​អ្នក​ច្បាប់​សហរដ្ឋ​អាមេរិក​យក​ទៅ​ត្រិះរិះ​ពិចារណា​ដើម្បី​ផ្លាស់​ប្ដូរ​ឲ្យ​មាន​យុត្តិធម៌»

ការ​បញ្ជូន​ពលរដ្ឋ​អន្តោប្រវេសន៍​ខ្មែរ​ដែល​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​នៅ​អាមេរិក​ទៅ​កម្ពុជា​វិញ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០០២ ក្នុង​ការ​ទទួល​យក​អ្នក​ដែល​ធ្លាប់​ជាប់​ទោស​នៅ​សហរដ្ឋ​អាមេរិក ហើយ​មិន​មាន​សញ្ជាតិ​អាមេរិកាំង។ ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​អាមេរិក ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​ទោស​ជាង ២០០​នាក់​ទៅ​កម្ពុជា​វិញ។

នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ខាង​មុខ​នេះ រដ្ឋាភិបាល​អាមេរិក​នឹង​បញ្ជូន​មនុស្ស ៥​នាក់​ទៀត​ទៅ​កម្ពុជា។ អ្នក​ទាំង​នោះ​រួម​មាន ខោល លីហូវ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ គង់ ចាន់ថា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ គឹម ថេត ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ស៊ិម លឿត ភេទ​ប្រុស អាយុ ៤២​ឆ្នាំ និង គ្រឿង ណាន ភេទស្រី អាយុ ៣០​ឆ្នាំ។

ឯក​អគ្គ​រាជ​ទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក លោក ហែម ហេង មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ឈ្មោះ​អ្នក​ទាំង ៥​នោះ​ហើយ ហើយ​ការ​បញ្ជូន​នោះ​ទៀតសោត នឹង​មាន​ប៉ូលិស​សហរដ្ឋ​អាមេរិក​អម​ដំណើរ​ទៅ​ជាមួយ​ផង។

លោក ហែម ហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ថ្មី​នេះៗ​យើង​បាន​ទទួល​លិខិត​ពី​ការិយាល័យ​អន្តោប្រវេសន៍​របស់​អាមេរិក​មក​ថា គេ​នឹង​បញ្ជូន​ពិរុទ្ធ​ជន​បាំ្រ​នាក់​ទៅ​ស្រុក​ខ្មែរ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។ បាទ! ដោយសារ​គេ​មក​សុំ​ Visa (ទិដ្ឋាការ) ឲ្យ​ខាង​រដ្ឋ​អំណាច​គេ​ហ្នឹង គេ​ទៅ​ជាមួយ ពីព្រោះ​ប៉ូលិស​អី​គេ​ទៅ​ជាមួយ​ពិរុទ្ធ​ជន​ហ្នឹង ដូច្នេះ​គេ​សុំ Visa ទៅ ហើយ​យើង​ដឹង​តាម​រយៈ​ការ​សុំ Visa នេះ​ទេ»

លោក សេង ដាវីត ដែល​ជា​បុគ្គលិក​នៃ​អង្គការ The United Communities Southeast Philadelphia ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​ផេនស៊ីលវានៀ មាន​ប្រសាសន៍​ថា ការ​និរទេស​ពលរដ្ឋ​ខ្មែរ​ទៅ​កម្ពុជា​វិញ មាន​ការ​កើន​ឡើង​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ហ្វីឡាឌែលហ្វ្យា ៖ «នៅ​ទីក្រុង​ហ្វីឡាឌែលហ្វ្យា​នេះ មិន​មែន​មាន​តែ លីហូវ​ទេ តែ​នៅ​មាន​មនុស្ស​ច្រើន​ផ្សេង​ទៀត ដែល​គេ​ចាប់​យក​ទៅ​តាំង​ពី​ខែ​មុន​ដែរ ដើម្បី​បញ្ជូន​ទៅ​ស្រុក​ខ្មែរ»

លោក សេង ដាវីត មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ដែល​ទុក​ចិត្ត​បាន​ថា រដ្ឋាភិបាល​ខ្មែរ​បាន​ទទួល​លុយ​ជា​ច្រើន​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ការ​ទទួល​យក​អ្នក​ទោស​ខ្មែរ​ទាំង​នោះ។

លោក សេង ដាវីត មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ទើប​បាន​ទទួល​ដំណឹង​ថ្មីៗ​ហ្នឹង តែ​ខ្ញុំ​មិន​បា្រកដ​ដែរ។ គេ​និយាយ​ថា រដ្ឋាភិបាល​ហ្នឹង​ទទួល​លុយ​ពី​សហរដ្ឋ​អាមេរិក​ហ្នឹង ក្នុង​ម្នាក់ ១​ម៉ឺន​ដុល្លារ ដើម្បី​ទទួល​អ្នក​ទោស»

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​បាន​ថ្លែង​ទាំង​អស់​សំណើច​ដូច្នេះ ៖ «ឱ​ម្ចាស់​ថ្លៃ​អើយៗ! ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន ហើយ​ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​សមាគម​ខ្មែរ​យើង​នៅ​សហរដ្ឋ​អាមេរិក​ហ្នឹង តវ៉ា​ទាមទារ​រដ្ឋាភិបាល​អាមេរិក​ទៅ ឲ្យ​លប់​ច្បាប់​ហ្នឹង​ទៅ បើ​យើង​នៅ​ស្រុក​គេ​ហ្នឹង​ហើយ។ រដ្ឋាភិបាល​ខ្មែរ និយាយ​រួម ដូច​ដែល​យើង​បាន​ដឹង​ហើយ គ្មាន​អ្នក​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​គ្នា​ឯង​ទេ មិន​ចង់​បាន​មក​ទេ​អូនៗ។ បើ​រដ្ឋាភិបាល​របស់​គេ​ដេញ​អ្នក​ហ្នឹង​ហើយ ហើយ​និយាយ​រួម​ជាប់​គុក​អស់​សាច់ ប្រព្រឹត្ត​បទល្មើស​ជាប់​គុក ចេញ​ពី​គុក គេ​បណ្ដេញ​ចេញ​ពី​ស្រុក ឥឡូវ​បើ​មិន​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ទទួល​នោះ វា​កាន់​តែ​ខុស​មួយ​ទៀត​ហើយ»

ចំណែក​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ឯ​នោះ​វិញ លោក ល័ក្ខ និស្ស័យ ដែល​ជា​អ្នក​ធ្លាប់​ធ្វើការ​តវ៉ា​អំពី​បញ្ហា​និរទេស​នេះ​ដែរ បាន​ថ្លែង​ថា ករណី​នេះ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធ្វើការ​បញ្ចុះបញ្ចូល​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​មាន​ការ​ប្រែ​លក្ខខណ្ឌ​នៃ​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋ​អាមេរិក។

លោក ល័ក្ខ និស្ស័យ មាន​ប្រសាសន៍​ថា ៖ «អាមេរិកាំង​វា​អត់​ត្រឹមត្រូវ​ទេ​កន្លែង​ហ្នឹង​នោះ ខ្ញុំ​អត់​យល់​ស្រប​ទេ​ចំណុច​នេះ។ អា​ហ្នឹង​វា​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ វា​ត្រូវ​តែ​មាន​ចន្លោះ​នៃ​ច្បាប់​កន្លែង​ណា​មួយ។ ចំណុច​នៃ​ការ​បញ្ជូន​នេះ​វា​មាន​រួច​ស្រេច​ហើយ ប៉ុន្តែ​វា​ត្រូវ​តែ​មាន​ចន្លោះ ចន្លោះ​ហ្នឹង​មាន​ន័យ​ថា ដូច​យួន​អ៊ីចឹង គេ​ទទួល​យក ប៉ុន្តែ​គេ​មាន​លក្ខខណ្ឌ​គេ​មួយ ហ្អែង​មក​ក្រោយ​ឆ្នាំ​១៩៩១ គេ​អាច​យក​ទៅ​វិញ តែ​បើ​មុន​ឆ្នាំ​១៩៩១ ជា​ជន​ភៀស​ខ្លួន​ហ្នឹង ខ្ញុំ​អត់​យក​ទៅ​វិញ​ទេ។ ខ្មែរ​យើង​គួរ​តែ​មាន​ចំណុច​ហ្នឹង​ដែរ ចំពោះ​ច្បាប់​អាមេរិកាំង​នោះ»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ឡើង​ថា ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ដែល​ធ្លាប់​មាន​ទោស​នៅ​សហរដ្ឋ​អាមេរិក ទៅ​ស្រុក​កំណើត​វិញ​នេះ គួរ​បង្រួម​បញ្ហា​នោះ​ឲ្យ​បាន​តូច​ថែម​ទៀត។

លោកស្រី សូហ្វី រីឆាដសុន (Sophie Richardson) មន្ត្រី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ប្រចាំ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន (Washington) មាន​ប្រសាសន៍​ថា បញ្ហា​និរទេស​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​កុមារ​ដែល​រស់​នៅ​បន្ទាប់​ពី​អាណាព្យាបាល​របស់​គេ​ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​នោះ។

លោកស្រី សូហ្វី រីឆាដសុន មាន​ប្រសាសន៍​ថា ៖ "ករណី​ជា​ច្រើន​ហើយ​ដែល​យើង​ធ្លាប់​ធ្វើការ​កន្លង​មក​ទាក់​ទិន​បញ្ហា​និរទេស​ជន​អន្តោប្រវេសន៍​នេះ បាន​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​កុមារ ក្រោយ​ពី​បាន​បែក​បាក់​ពី​ឪពុក ឬ​ម្ដាយ​របស់​គេ​ត្រូវ​បណ្ដេញ​ចេញ​ពី​អាមេរិក ហើយ​ដំណើរ​ការ​នៃ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នេះ ត្រូវ​ឲ្យ​មាន​ភាព​ធូរ​ស្រាល​ថែម​ទៀត"

លោកស្រី​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អន្តោប្រវេសន៍​ខ្មែរ​ទាំង​ឡាយ​ប្រញាប់​ចូល​ជា​សញ្ជាតិ​អាមេរិក ដើម្បី​ទប់​នឹង​គោល​នយោបាយ​បណ្ដេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក​នេះ។ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​នៅ​មិន​ទាន់​ចូល​សញ្ជាតិ​អាមេរិកាំង ដោយសារ​អ្នក​ទាំង​នោះ​ត្រូវ​គេ​ដឹង​ថា មិន​សូវ​ចេះ​សរសេរ​ភាសា​អង់គ្លេស ខ្វះ​ខាត​ខាង​ថវិកា ហើយ​អ្នក​ខ្លះ​ដែល​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​តូច​មក​នោះ មិន​ដែល​ធ្លាប់​គិត​ថា ខ្លួន​មាន​ឋានៈ​ជា​អន្តោប្រវេសន៍​នៅ​ឡើយ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

What will happen in Cambodia if American Government keep deporting those bad people back? Has Cambodia government prepared yet and have any right tough measures for these people? Hopefully Cambodia will not increase high crime in the future. It's clear that the law in Cambodia is ease and favor for those who has money and power. I have a huge concern of what is called anarchy in the whole society.

Aug 28, 2010 01:04 PM

គេហទំព័រ​ទាំងមូល