ស.រ.អា.​នឹង​ឈប់​បន្ធូរ​បន្ថយ​ពន្ធ​នាំ​ចូល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា

លោកស្រី ខារ៉ល រ៉តលី (Carol Rodley) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក សហរដ្ឋ​អាមេរិក​នឹង​មិន​បន្ធូរ​បន្ថយ​ពន្ធ​នាំ​ចូល​ លើ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ពី​កម្ពុជា​ចូល​ទៅ​សហរដ្ឋ​អាមេរិក​ទៀត​ឡើយ។
ដោយ ដែន អយុធ្យា
2010-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ល រ៉តលី (Carol Rodley) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​រោងចក្រ​កាត់​ដេរ ម៉េង អៀង ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ មករា ២០១០។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ល រ៉តលី (Carol Rodley) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​រោងចក្រ​កាត់​ដេរ ម៉េង អៀង ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ មករា ២០១០។
RFA/Den Ayuthyea

លោក​ស្រី​លើក​ឡើង​ដូច្នេះ​នៅ​គ្រា​ដែល​លោក​ស្រី​ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​ក្រុមហ៊ុន​កាត់​ដេរ​សម្លៀក​បំពាក់ ម៉េង អៀង ជា​រោងចក្រ​កាត់​ដេរ​គំរូ មាន​លក្ខខណ្ឌ​ការងារ​ល្អ មាន​ទីតាំង​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា។

លោក​ស្រី រ៉តលី បញ្ជាក់​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ដូច្នេះ ៖ «ប្រព័ន្ធ​កូតា​ហ្នឹង​គឺ​លែង​មាន​ទៀត​ហើយ ដូច្នេះ​ការ​បញ្ជា​ទិញ​ពី​សហរដ្ឋ​អាមេរិក​គឺ​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន។ សហរដ្ឋ​អាមេរិក​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ដូច្នេះ​សហរដ្ឋ​អាមេរិក​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ហ្នឹង​ដែរ កំពុង​តែ​ធ្វើ​ការ​ជម្នះ​នូវ​រាល់​ការ​លំបាក​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច​ហ្នឹង»

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មិន​បន្ធូរ​បន្ថយ​លើ​ពន្ធ​នាំ​ចូល​លើ​វិស័យ​កាត់​ដេរ​ពី​ប្រទេស​កម្ពុជា​ទេ វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​នឹង​ប្រឈម​មុខ​ការ​ដួល​រលំ។

លោក​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​ពិនិត្យ​លើ​លទ្ធភាព​បន្ធូរ​ពន្ធ​នាំ​ចូល​លើ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទៅ​សហរដ្ឋ​អាមេរិក​ជា​ថ្មី បើ​មិន​ដូច្នេះ​ទេ វា​នឹង​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្មករ កម្មការិនី ដោយសារ​តែ​ការ​បាត់បង់​ការងារ​ធ្វើ បណ្តាល​មក​ពី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ត្រូវ​បិទ​ទ្វារ។

លោក ជា មុនី បាន​អះអាង​ថា ៖ «សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ការ​ពិចារណា​ម្ដង​ទៀត ព្រោះ​ថា ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​មិន​អនុគ្រោះ​ក្នុង​ការ​នាំ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទៅ​លក់​នៅ​អាមេរិក នៅ​តែ​យក​ពន្ធ គឺ​សហរដ្ឋ​អាមេរិក​នឹង​បំផ្លាញ​ពលករ​កម្ពុជា​ហើយ ព្រោះ​ថា បច្ចុប្បន្ន​កម្មករ​កម្ពុជា​នេះ​គឺ​វេទនា កាល​ណា​កម្មករ​កម្ពុជា​អត់​មាន​ការងារ​ធ្វើ កម្មករ​កម្ពុជា​នឹង​ទទួល​គ្រោះថ្នាក់​នឹង​ការ​រត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ ថៃ​បាញ់ ចាប់ សឹង​តែ​រាល់​ថ្ងៃ!»

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា កាល​ពី​សប្តាហ៍​កន្ល​ងទៅ​នេះ​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​សភា​សហរដ្ឋ​អាមេរិក ដើម្បី​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​លើកលែង​ពន្ធ​នាំ​ចូល​ ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា​ទៅ​អាមេរិក។ លោក ជា មុនី អះអាង​ថា បើ​មិន​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សម្លៀក​បំពាក់​នេះ​ពី​អាមេរិក​ទេ វិស័យ​កាត់​ដេរ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០​នេះ​នឹង​ជួប​នូវ​បញ្ហា។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស្រី រ៉តលី បាន​អះអាង​ថា ការ​បន្ធូរ​បន្ថយ​ពន្ធ​នាំ​ចូល​លើ​វិស័យ​កាត់​ដេរ​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១០​នេះ នឹង​លែង​មាន​ត​ទៅ​ទៀត​ហើយ ដោយ​លោក​ស្រី​បញ្ជាក់​ខ្លី​ថា ផលិតផល​វាយនភណ្ឌ​នេះ​ត្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ដទៃ​ទៀត​តាម​រយៈ​ស្តង់ដារ​គុណភាព៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល