ស.រ.អា.​ប្រកាស​ប្រមូល​ថ្នាំ Tylenol សម្រាប់​កុមារ

រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ប្រមូល​ត្រឡប់​មក​វិញ​មិន​ឲ្យ​លក់​ដូរ និង​ប្រើប្រាស់​នៅ​តាម​មន្ទីរ​ព្យាបាល​នានា នូវ​ថ្នាំ Tylenol សម្រាប់​កុមារ និង​ប្រភេទ​ថ្នាំ​ចំនួន ៤៣​មុខ​ទៀត កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពី​បាន​រក​ឃើញ​ថា ថ្នាំ​ទាំង​នោះ​អាច​ប៉ះពាល់​ដល់​សុខភាព។
ដោយ គឹម ពៅ
2010.05.06

ថ្នាំ​ទីឡេណុល (Tylenol) សម្រាប់​កុមារ និង​ថ្នាំ​ប្រភេទ​ផ្សេង​ទៀត​ដែល​ព្យាបាល​ជំងឺ​ទូលំ​ទូលាយ សម្រាប់​បំបាត់​រោគ​គ្រុន​ផ្ដាសាយ និង​បំបាត់​ការ​ឈឺ​ចាប់ ត្រូវ​បាន​គេ​ឃើញ​មាន​លក់​គ្រប់​ទី​កន្លែង​នៅ​ប្រទេស​កម្ពុជា​មក​ដល់​ពេល​នេះ បើ​ទោះ​បី​ជា​រដ្ឋបាល​ផ្នែក​ម្ហូប​អាហារ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក (ស.រ.អា.) កំពុង​ចាប់ផ្ដើម​ប្រកាស​ប្រមូល​ថ្នាំ​នេះ​មិន​ឲ្យ​ប្រើប្រាស់​ក៏​ដោយ។

អ្នក​លក់​ថ្នាំ​ពេទ្យ​មួយ​រូប​នៅ​ក្នុង​ក្រុង​ភ្នំពេញ ឈ្មោះ រ៉ា វួច បាន​សម្ដែង​ថា អ្នកស្រី​នៅ​មិន​ទាន់​ដឹង​ដំណឹង​នេះ​នៅ​ឡើយ​ទេ ៖ «ខ្ញុំ​អត់​ដឹង​ផង! តែ​បើ​សិន​ជា​គេ​ចេញ​ប្រកាស គឺ​ត្រូវ​ក្រសួង​ចេញ​បម្រាម​មក​ខាង​យើង​ហើយ ប៉ុន្តែ​ក្រសួង​អត់​ទាន់​បាន​ចេញ គេ​ចេញ​តែ​ថ្នាំ​ចិន​ប៉ុន្មាន​មុខ!»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​ឱសថ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក វីលៀម មុហ៊្វក (William Mfuko) មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ដឹង​ព័ត៌មាន​នេះ​ពី​ក្រុមហ៊ុន McNeil ផលិត​ថ្នាំ​ពេទ្យ​នោះ ដោយ​គេ​អះអាង​ថា ការ​ផលិត​នោះ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ទើប​គេ​ចាប់ផ្ដើម​ប្រមូល​ទុក​ទៅ​វិញ។

លោក វីលៀម មុហ៊្វក បញ្ជាក់​បន្ត​ទៀត​ថា ៖ «អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ខ្ញុំ​នឹង​សំណូមពរ​ទៅ​សហ​សេវិក​របស់​ខ្ញុំ​នៅ​ក្រសួង​សុខាភិបាល ដើម្បី​ឲ្យ​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​ព័ត៌មាន​នោះ​បន្ថែម​ទៀត ថា​តើ​ថ្នាំ Tylenol ប្រភេទ​ទាំង​អស់​នោះ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ឬ​អត់? យើង​ធ្វើ​រឿង​នេះ​ឲ្យ​ចប់​សិន មុន​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នោះ»

កាសែត Washington Post ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៥ ឧសភា​នេះ បាន​សរសេរ​ថា ក្រុម​អធិការកិច្ច​ផ្នែក​ម្ហូប​អាហារ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ប្រមូល​ថ្នាំ Tylenol របស់​កុមារ និង​ប្រភេទ​ថ្នាំ​ផ្សេង​ទៀត​សម្រាប់​កុមារ​ដែល​គេ​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា ប្រមូល​ទុក​វិញ ក្រោយ​ពី​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ផលិត​ថ្នាំ​ពេទ្យ​ឈ្មោះ McNeil ខ្វះ​ការ​ត្រួត​ពិនិត្យ​គុណភាព។

នៅ​ក្នុង​ការ​ចុះ​ធ្វើ​អធិការកិច្ច​រយៈ​ពេល ១០​ថ្ងៃ គេ​បាន​រក​ឃើញ​ថា ការ​ផលិត​ថ្នាំ​នោះ​បាន​ប្រើប្រាស់​នូវ​វត្ថុ​ធាតុ​ដើម​ដែល​មាន​ប្រឡាក់​ប្រឡូក​ជាមួយ​នឹង​មេរោគ ហើយ​ក្រុមហ៊ុន McNeil បាន​បរាជ័យ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បណ្ដឹង​របស់​អ្នក​ប្រើប្រាស់ ហើយ​ក៏​មិន​បាន​កែ​តម្រូវ​ផង​ដែរ។

ដោយ​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី ដេបូរ៉ា អឹមអូធ័រ (Deborah M Autor) ដែល​អះអាង​ថា គេ​នឹង​ចាត់​វិធានការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពេទ្យ​ឈ្មោះ McNeil នៅ​ពេល​គេ​បញ្ចប់​ការ​ស៊ើប​អង្កេត​នោះ។ មន្ត្រី​ដដែល​ក៏​បាន​បញ្ជាក់​ថា គេ​បាន​ប្រកាស​ប្រមូល​ថ្នាំ​ចំនួន ៤៣​ប្រភេទ​ដែល​អាច​ទិញ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា ដោយ​ស្ម័គ្រ​ចិត្ត នៅ​​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​ចំនួន ៩​ផ្សេង​ទៀត។

ប្រភេទ​ថ្នាំ​ដែល​គេ​កំពុង​តែ​ប្រមូល​នោះ មាន​ឈ្មោះ Tylenol, Motrin, Zytec និង Benadryl ព្រម​ទាំង​ប្រភេទ​ថ្នាំ​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ទូលំ​ទូលាយ​សម្រាប់​បំបាត់​ការ​ឈឺចាប់ ជំងឺ​គ្រុន​ផ្ដាសាយ និង​ជំងឺ​ប្រតិកម្ម។

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ដំណឹង ឬ​ក៏​ចាត់​វិធានការ​ណា​មួយ​ទេ ចំពោះ​ដំណឹង​ទាក់ទង​នឹង​ថ្នាំ​ទាំង​អស់​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។