ស.រ.អា.​ផ្ដល់​ជំនួយ​ជាង​៣៤​លាន​ដុល្លារ​ដល់​កម្ពុជា

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ថវិកា​ចំនួន​៣៤​លាន​៨​សែន​ដុល្លារ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) សម្រាប់​គម្រោង​កម្មវិធី​ជំនួយ​ក្នុង​វិស័យ​សុខាភិបាល​និង​អប់រំ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០០៩​នេះ។
ដោយ ម៉ៅ សុធានី
2009.09.05
ទង់ជាតិ​អាមេរិក ទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក
Photo: Wikipedia.org

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា ពិធី​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ក្នុង​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ចំនួន​ពីរ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​នេះ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ខាង​មុខ​នេះ រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ និង​លោក Flynn Fuller នាយក​បេសកកម្ម​នៃ​អង្គការ USAID។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្ត​ថា វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ទី​១ គឺ​ផ្តល់​ថវិកា​សរុប​៣១​លាន​៦​សែន​ដុល្លារ​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​និង​ផល​ប៉ះពាល់​នៃ​ជំងឺ​ហ៊ីវ​ឬ​អេដស៍ ការ​ការពារ​និង​ការ​កម្ចាត់​ជំងឺ​ឆ្លង​ធំៗ ដូច​ជា​ជំងឺ​របេង ជំងឺ​ផ្តាសាយ​បក្សី និង​ផ្តាសាយ​ប្រភេទ​ផ្សេងៗ​ទៀត ហើយ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​កុមារ មាតា​និង​សុខភាព​បន្ត​ពូជ ព្រម​ទាំង​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ។

វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ទី​២ ដែល​មាន​ថវិកា​សរុប​៣​លាន​២​សែន​ដុល្លារ​អាមេរិក​លើ​វិស័យ​អប់រំ​នោះ គឺ​បង្កើន​គុណភាព​នៃ​ការ​បង្រៀន ការ​បណ្តុះ​បណ្តាល​ពី​ការ​គ្រប់គ្រង​សាលា និង​ជា​ពិសេស​គឺ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​អប់រំ ពង្រីក​លទ្ធភាព​នៃ​ការ​ចូល​រៀន​របស់​កុមារ ជនជាតិ​ភាគ​តិច ជន​ពិការ និង​កុមារ​ក្រីក្រ​ខ្លាំង​បំផុត។ល។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា បន្ថែម​ពី​ជំនួយ​លើ​វិស័យ​សុខាភិបាល​និង​អប់រំ​ដែល​មាន​ទឹក​ប្រាក់​ជិត​៣៥​លាន​ដុល្លារ​នេះ អង្គការ USAID រំពឹង​ថា​នឹង​ផ្តល់​ថវិកា​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត​ក្នុង​កម្មវិធី​ឧបត្ថម្ភ​មួយចំនួន ដូច​ជា​ខាង​ផ្នែក​សិទ្ធិ​មនុស្ស នីតិរដ្ឋ អភិបាលកិច្ច​មូលដ្ឋាន​និង​វិមជ្ឈការ ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ជា​ដើម​នោះ សម្រាប់​ឆ្នាំ​២០០៩​នេះ​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។