ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ជួប​ជាមួយ​អតីត​អ្នក​ភូមិ​ដី​ក្រហម

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​ឲ្យ​មាន​ការ​ជួបជុំ​មួយ​ជាមួយ​អ្នក​រស់នៅ​តំបន់​ដី​ក្រហម ក្រុង​ភ្នំពេញ ក្រោយ​ពី​ការ​តវ៉ា​របស់​អ្នក​រស់នៅ​ទីនោះ​ជាមួយ​អាជ្ញាធរ​ខ្មែរ​ជា​ច្រើន​លើក​មិន​ត្រូវ​បាន​ដោះស្រាយ។
ដោយ គឹមពៅ
2009.02.19
ដី​ក្រហម303 កម្មករ​ដែល​ជួល​ដោយ​ក្រុមហ៊ុន 7NG រុះរើ​ផ្ទះ​សម្បែង​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ដី​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ មករា ២០០៩។
RFA/Ouk Savborey

មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក John Johnson ថ្លែង​ថា ការ​ជួបជុំ​គ្នា​នោះ​បាន​លើក​ឡើង​អំពី​បញ្ហា​និង​ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល ក៏​ដូចជា​ពលរដ្ឋ​ដែល​កំពុង​តែ​ប្រឈម​មុខ ៖ «ពេល​នេះ យើង​កំពុង​សិក្សា​អំពី​បញ្ហា​ទាំង​អស់​នោះ ដោយ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា ពួក​យើង​នៅ​តែ​បន្ត​តាម​ឃ្លាំ​មើល​ជានិច្ច ហើយ​យើង​មាន​ការ​បារម្ភ​ណាស់​អំពី​រឿង​នេះ»

ជម្លោះ​របស់​អ្នក​ភូមិ​ដី​ក្រហម​ជា​ច្រើន​រយ​គ្រួសារ​នៅ​សង្កាត់​ទន្លេ​បាសាក់ ជាមួយ​ក្រុមហ៊ុន 7NG បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ។ ហើយ​ជម្លោះ​ក្តៅ​គគុក​មួយ​បាន​កើត​ឡើង​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ហើយ​បន្ត​មក​ដល់​បច្ចុប្បន្ន នៅ​គ្រា​ដែល​ក្រុមហ៊ុន 7NG បាន​ចាត់​វិធានការ​បណ្តេញ​អ្នក​ភូមិ​ឲ្យ​ចាក​ចេញ​ពី​លំនៅ ដោយ​ធ្វើ​ការ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​សម្បែង​ពលរដ្ឋ​ដើម្បី​ដណ្តើម​យក​ដី​នោះ។

អ្នក​ភូមិ​ប្រហែល ១០០​គ្រួសារ បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ភូមិ​របស់​ខ្លួន ហើយ​ទទួល​យក​ការ​ដោះដូរ​ជា​លំនៅ​ថ្មី​នៅ​ក្នុង​ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​ក្រុង​ភ្នំពេញ​វិញ នៅ​សល់​ប្រហែល ៤៥​គ្រួសារ​ទៀត នា​ពេល​បច្ចុប្បន្ន​ដែល​មិន​ព្រម​ចាក​ចេញ​ពី​លំនៅ ហើយ​បន្ត​ការ​ទាមទារ​ថ្នូរ​ជា​ប្រាក់​មក​វិញ។

លោក ស មុនី ពលរដ្ឋ​រស់​នៅ​តំបន់​ដី​ក្រហម​ថ្លែង​ថា ការ​តវ៉ា​ទាមទារ​ជា​ប្រាក់​ក្នុង​មួយ​គ្រួសារ ប្រហែល ២​ម៉ឺន​ដុល្លារ បាន​ធ្វើ​ឡើង​តាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន​និង​សាលាក្រុង ដែល​បាន​ប្រកាស​កាល​ពី​ដើម​ដំបូង។

លោក​ថា មនុស្ស​ជា​ច្រើន​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ ពីព្រោះ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​មុខ​របរ។

លោក ស មុនី និយាយ​អំពី​ការ​អស់​សង្ឃឹម​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ការ​តវ៉ា​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖ «គ្មាន​សង្ឃឹម​ទេ។ ទៅ​សាលាក្រុង​គេ​ដេញ​ឲ្យ​ទៅ​ក្រុមហ៊ុន ទៅ​ក្រុមហ៊ុន​គេ​ដេញ​ឲ្យ​ទៅ​សាលាក្រុង។ ទៅ​ដល់​មុខ​ផ្ទះ​សម្ដេច [ហ៊ុន សែន]​ហើយ គាត់​មាន​ប្រសាសន៍​អ៊ីចឹង​ទៀត។ ខ្ញុំ​កំពុង​មាន​ការ​អស់​សង្ឃឹម​ខ្លាំង​ណាស់»

ក្រុម​សិទ្ធិ​មនុស្ស​មិន​ទាន់​ដឹង​ថា ត្រូវ​ជួយ​អ្នក​ភូមិ​ដី​ក្រហម​ក្នុង​ការ​តវ៉ា​យ៉ាង​ដូចម្តេច​បន្ត​ទៀត​ឡើយ។

មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ អាដហុក លោក ចាន់ សូវ៉េត ថ្លែង​ថា រាល់​ការ​តវ៉ា​របស់​ពលរដ្ឋ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​មិន​ដឹង​មិន​ឮ ថែម​ពី​លើ​នោះ​ទៀត អ្នក​ភូមិ​ដី​ក្រហម​មិន​ត្រឹម​តែ​ត្រូវ​គេ​ឈូស​ផ្ទះ​សម្បែង​ចោល គ្មាន​ទី​ជម្រក គ្មាន​ការ​ដោះស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ទុយ​មក​វិញ ពួក​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្តឹង​ដាក់​គុក​ថែម​ទៀត​ថា អ្នកភូមិ​ជា​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​ទៅ​វិញ។

លោក​បន្ត​ថា បទ​ពិសោធន៍​នៅ​ដី​ក្រហម​កំពុង​បង្ហាញ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។