នាវាកងទ័ពអាមេរិកនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ១សប្ដាហ៍
2010.02.12
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានឲ្យដឹងថា នៅក្នុងដំណើរចូលចតក្នុងប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍នោះ កងនាវារបស់អាមេរិកនឹងធ្វើលំហាត់សមយុទ្ធបណ្តុះបណ្តាលទ្វេភាគីនិងផ្តោតលើការគ្រប់គ្រងការខូចខាត ការស៊ើបអង្កេត ការចាប់ឃាត់ទុកនិងបច្ចេកទេសជួយសង្គ្រោះលើផ្ទៃសមុទ្រ។
អ្នកវាស់ស្ទង់កងទ័ពជើងទឹកអាមេរិកដែលមានវត្តមាននៅនាវានោះដែរ នឹងជួយបណ្តុះបណ្តាលសមភាគីកម្ពុជា ដើម្បីវាស់ស្ទង់ផ្នែកសងខាងរបស់តំបន់កំពង់ផែ ដើម្បីរកមើលនូវឧបសគ្គដែលអាចកើតមានសម្រាប់ទីកន្លែងដឹងជញ្ជូនផ្នែកពាណិជ្ជកម្ម។
នេះគឺជាការចូលចតលើកទី៥ហើយរបស់កងនាវាជើងទឹកសហរដ្ឋអាមេរិក ចាប់តាំងពីការបន្តឡើងវិញនូវទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាមក។ ដំណើរទស្សនកិច្ចនីមួយៗរបស់នាវាជើងទឹកអាមេរិក បានបង្ហាញពីជំហានសំខាន់មួយទៀតនៅក្នុងទំនាក់ទំនង ដែលកំពុងតែមានការវិវឌ្ឍន៍ទៅមុខ ក៏ដូចជាការផ្តល់ឱកាសសម្រាប់បុគ្គលិកយោធានៃប្រទេសទាំងពីរ ផ្លាស់ប្តូរនូវបទពិសោធន៍ វិធីសាស្ត្រនិងបច្ចេកទេសផ្សេងៗដែលអាចជួយដល់ការងាររបស់កងទាហានទាំងនោះនាពេលអនាគត៕