មន្ត្រី​ស.រ.អា.​៖ រាល់​ការ​កាត់​ក្ដី​របស់​តុលាការ​ខ្មែរ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា រាល់​ដំណើរការ​កាត់​ក្តី​ទាំង​អស់​របស់​តុលាការ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព​និង​ត្រឹម​ត្រូវ។
ដោយ ដែន អយុធ្យា
2010-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​កាសែត​និង​នគរបាល​ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ កក្កដា ២០០៩។
អ្នក​កាសែត​និង​នគរបាល​ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ កក្កដា ២០០៩។
RFA File

លោកស្រី ខារ៉ល រ៉តលី (Carol Rodley) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា រាល់​គ្រប់​សវនាការ​និង​ការ​កាត់​ក្តី មិន​ថា​សវនាការ​កាត់​ទោស​អ្នក​នយោបាយ ឬ​សវនាការ​ទៅ​លើ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ លោក​ស្រី​បាន​តាមដាន​មិន​ដែល​ឲ្យ​ចន្លោះ​ឡើយ។

លោកស្រី រ៉តលី មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​សម្រេច​ក្តី​របស់​តុលាការ​ខេត្ត​ស្វាយរៀង​លើ​ករណី​លោក សម រង្ស៊ី បែប​ណា​នោះ​ទេ ប៉ុន្តែ​លោក​​ស្រី​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា រាល់​គ្រប់​សវនាការ​ទាំង​អស់​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព​និង​ត្រឹមត្រូវ។

លោក​ស្រី រ៉តលី បញ្ជាក់​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ដូច្នេះ ៖ «យើង​បាន​តាមដាន​ដំណើរការ​កាត់​ក្ដី​នេះ​យ៉ាង​ជាប់លាប់ ហើយ​មិន​មែន​តែ​ដំណើរការ​កាត់​ក្ដី​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ និង​អ្នក​មាន​មុខមាត់​ទេ គឺ​ដំណើរការ​កាត់​ក្ដី​ផ្សេងៗ​ទៀត គឺ​ដំណើរការ​កាត់​ក្ដី​ទាំង​អស់​គួរតែ​ត្រូវ​មាន​លក្ខណៈ​តម្លាភាព មាន​លក្ខណៈ​យុត្តិធម៌​និង​ត្រឹមត្រូវ»

លោក​ស្រី រ៉តលី បាន​ថ្លែង​យ៉ាង​ដូច្នេះ​គឺ​នៅ​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់​ក្តី​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​រួច​មក។

លោកស្រី Carol Rodley នៅ​ក្នុង​ឱកាស​សវនាការ​ជាមួយគណៈកម្មាធិការ​​ព្រឹទ្ធ​សភា​អាមេរិក​​នា​រដ្ឋធានី​វ៉ាស៊ិនតុន​កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ២០០៨។ (RFA Photo/Sos Kem)
លោកស្រី Carol Rodley នៅ​ក្នុង​ឱកាស​សវនាការ​ជាមួយគណៈកម្មាធិការ​​ព្រឹទ្ធ​សភា​អាមេរិក​​នា​រដ្ឋធានី​វ៉ាស៊ិនតុន​កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ២០០៨។ RFA Photo/Sos Kem

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​កន្លង​ទៅ ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​រយៈ​ពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជា​ច្រើន​លាន​រៀល​ទៀត ក្រោម​បទ​ចោទ​ថា បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជ​សាសន៍។ ការ​កាត់​ទោស​នេះ​​​ធ្វើ​ឡើង​នៅ​គ្រា​ដែល​លោក សម រង្ស៊ី រួម​ជាមួយ​​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង មួយ​ចំនួន​ទៀត បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​លេខ​១៨៥ រវាង​ប្រទេស​កម្ពុជា​និងវៀតណាម កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩។

លោក​ស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​មិន​បាន​គិត​ថា ករណី​លោក សម រង្ស៊ី ជា​រឿង​នយោបាយ​នោះ​ទេ ក៏​ប៉ុន្តែ​ប្រសិន​បើ​បណ្តឹង​ចោទ​ប្រកាន់​នេះ​បាន​ឡើង​ទៅ​ដល់​តុលាការ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត ហើយ​ការ​សម្រេច​ក្តី​របស់​តុលាការ​សាលា​ឧទ្ធរណ៍​អាច​ប្រព្រឹត្ត​ទៅ​មាន​ភាព​យុត្តិធម៌ និង​មាន​តម្លាភាព​នោះ វា​ជា​សញ្ញា​ល្អ​មួយ។

លោក​ស្រី ខារ៉ល រ៉តលី បាន​មាន​ប្រសាសន៍ថា ៖ «​ខ្ញុំ​គិត​ថា ប្រសិន​បើ​រឿង​ក្ដី​នេះ​បន្ត​ទៅ​ឧទ្ធរណ៍​ទៀត ហើយ​ប្រសិន​បើ​សាលា​ឧទ្ធរណ៍​ហ្នឹង​អាច​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​លក្ខណៈ​តម្លាភាព យុត្តិធម៌ ហើយ​និង​ត្រឹមត្រូវ»

លោក សម រង្ស៊ី បាន​ចាត់ទុក​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​ប្រជាពលរដ្ឋ ២​នាក់​ទៀត​ក្នុង​ម្នាក់ ១​ឆ្នាំ ថា មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ ប៉ុន្តែ​រឿង​អាជ្ញាធរ​កាត់​ដី​ឲ្យ​បរទេស​ទៅ​វិញ​ទេ​ដែល​ជា​រឿង​ធំ​ដុំ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល