មន្ត្រី​ស.រ.អា.​គាំទ្រ​សកម្មភាព​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​នៅ​តាម​ក្លឹប​កម្សាន្ត

មន្ត្រី​ការទូត​ជាន់​ខ្ពស់​នៃ​សហរដ្ឋ​អាមេរិក (ស.រ.អា.) ប្រចាំ​កម្ពុជា បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ប្រឆាំង និង​ទប់​ស្កាត់​សកម្មភាព​ជួញ​ដូរ​មនុស្ស​នៅ​តាម​ក្លឹប​កម្សាន្ត​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ថា មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។
ដោយ ដែន អយុធ្យា
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ល រ៉តលី (Carol Rodley) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​រោងចក្រ​កាត់​ដេរ ម៉េង អៀង ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ មករា ២០១០។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ល រ៉តលី (Carol Rodley) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​រោងចក្រ​កាត់​ដេរ ម៉េង អៀង ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ មករា ២០១០។
RFA/Den Ayuthyea

លោកស្រី ខារ៉ល រ៉តលី (Carol A. Rodley) ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា លោកស្រី​ក្នុង​នាម​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ហៅ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​អនុម័ត​ច្បាប់​ជួញ​ដូរ​​​​មនុស្ស គ្រឿងញៀន​ថា ជា​សញ្ញា​ល្អ​មួយ​នៃ​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ស្ត្រី ឬ​គ្រឿង​ញៀន​នៅ​កម្ពុជា​ឲ្យ​ថយ​ចុះ។

លោកស្រី រ៉តលី បន្ត​ថា សកម្មភាព​ថ្មីៗ អំពី​ការ​ចុះ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ទៅ​លើ​ទីតាំង ឬ​ក្លឹប​កម្សាន្ត​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ សង្ស័យ​ថា មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ឬ​ប្រើប្រាស់​​គ្រឿងញៀន ថា ជា​សញ្ញា​វិជ្ជមាន​មួយ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​សមត្ថកិច្ច​ចាប់​បញ្ជូន​ជន​សង្ស័យ​ដែល​ជា​ម្ចាស់​ទីតាំង​ផ្ដល់​​​សេវា​ជួញ​ដូរ​ផ្លូវ​ភេទ​និង​គ្រឿង​ញៀន​ទាំង​នោះ ត្រូវ​បាន​តុលាការ​​​ផ្ដន្ទា​ទោស​ជា​ជាង​សម្រប​សម្រួល​បន្ទាប់​មក​ដោះ​លែង។

លោកស្រី ខារ៉ល រ៉តលី មាន​ប្រសាសន៍​ថា ៖ "ខ្ញុំ​គិត​ថា ចំពោះ​សកម្មភាព​អនុវត្ត​ច្បាប់​ថ្មីៗ​នេះ​ទាក់ទង​នឹង​កន្លែង​ដែល​មាន​​ការ​សង្ស័យ​ថា ដូចជា​នៅ​កន្លែង​បន​ស្រី អាច​ថា មាន​ការ​ជួញ​ដូរ​មនុស្ស​នៅ​ទី​នោះ  ហើយ​ជា​ពិសេស​ទៅ​នៅ​ពេល​គេ​ចុះ​អនុវត្ត​ច្បាប់​និង​បង្ក្រាប ជា​ទូទៅ​ជន​អ្នក​ដែល​ផ្តល់​សេវា​ខាង​ផ្លូវ​ភេទ​ហ្នឹង មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទេ”

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​គាំទ្រ​ទៅ​នឹង​ការ​ចាត់​វិធានការ​ក្ដៅ​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​ទៅ​លើ​ទីតាំង ឬ​ក្លឹប​កម្សាន្ត​សង្ស័យ​ថា មាន​ផ្ដល់​សេវា​ផ្លូវ​ភេទ ឬ​មាន​​​​​​​​​ការ​ជួញ​ដូរ​ស្ត្រី ឬ​គ្រឿង​ញៀន។ លោកស្រី​បញ្ជាក់​ថា សកម្មភាព​ឆែកឆេរ ឬ​បិទ​ក្លឹប​កម្សាន្ត​របស់​សមត្ថកិច្ច​អាច​ជួយ​លុប​បំបាត់​អំពើ​ហិង្សា ឬ​ការ​ជួញ​ដូរ​ស្ត្រី​និង​ការ​រំលោភ​ផ្លូវ​ភេទ​នៅ​កម្ពុជា ឲ្យ​មាន​ការ​ថយ​ចុះ។

លោកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​ថា ៖ «រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​និង​សង្គម​ស៊ីវិល យើង​បាន​ទទួល​លទ្ធផល​គួរ​ជា​ទី​កត់​សម្គាល់ ឃើញ​ថា ការ​ចាប់​ជន​ល្មើស​នេះ​បាន​កើន​ឡើង។ មាន​ន័យ​ថា កម្លាំង​ប៉ូលិស​យើង​បាន​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេល​​វេលា»

ទោះ​យ៉ាង​នេះ​ក្ដី​សម្រាប់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មិន​បាន​ចាត់​ទុក​ការ​ចាត់​វិធានការ​ឆែកឆេរ ឬ​​​​បិទ​ក្លឹប​កម្សាន្ត​របស់​រដ្ឋាភិបាល​នៅ​ពេល​ថ្មីៗ​នេះ​ថា អាច​កាត់​បន្ថយ ឬ​ជួយ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ឬ​បទ​ល្មើស​ផ្លូវ​ភេទ​នោះ​ទេ។

លោក អ៊ូ វីរៈ បាន​ចាត់​ទុក​សកម្មភាព​បង្ក្រាប​និង​បិទ​ក្លឹប​កម្សាន្ត​របស់​សមត្ថកិច្ច​ថា បាន​បណ្ដាល​ឲ្យ​មនុស្ស​អត់​ការងារ​ធ្វើ​កាន់​តែ​ច្រើន និង​ការ​ជួញដូរ​ផ្លូវ​ភេទ​កើន​ឡើង​ទៅ​វិញ។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការ​ចាត់​វិធានការ​បិទ​កន្លែង​ទាំង​អស់​នេះ គឺ​ធ្វើ​ដោយ​ការ​ប្រកាស​របស់​​នាយករដ្ឋមន្ត្រី ជា​ទូទៅ​គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ។ ពេល​ណា​ប្រកាស​ម្ដង​អ៊ីចឹង​ទៅ​ស្ងាត់​ពីរ​អាទិត្យ​អ៊ីចឹង​ទៅ ហើយ​ការ​ធ្វើ​បច្ចុប្បន្ន​នេះ គឺ​អត់​មាន​អី​ជួយ​ដល់​កម្មករ ឬ​នារី​នៅ​ក្លឹប​ទាំង​អស់​នេះ​ទេ។ បើ​សិន​ជា​បិទ​ដោយ​ភ្លាមៗ គឺ​គាត់​អត់​មាន​ឱកាស​រក​ការងារ​ដទៃ»

ស្ថានភាព​ការ​រំលោភ​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី​និង​កុមារ​នៅ​ឆ្នាំ​២០០៩ របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា បទល្មើស​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី​នៅ​ឆ្នាំ​២០០៩ គឺ​មាន​ចំនួន ៤៦០​ករណី​គឺ​កើន​ឡើង​ជាង​ឆ្នាំ​២០០៨ ចំនួន ៩% ស្មើ​នឹង ៤១​ករណី។ ក្នុង​ករណី​រំលោភ​ទាំង ៤៦០​ករណី​បទល្មើស​ទៅ​លើ​អនីតិជន​មាន​ចំនួន ៣៦៦​ករណី ស្មើ​នឹង ៧៨.២%។

ចំណែក​ឯ​រូបភាព​នៃ​ការ​ជួញ​ដូរ​ភេទ​ដែល​មិន​មាន​ទី​កន្លែង​ច្បាស់​លាស់​ក៏​មាន​ច្រើន​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ​ការ​ជួញ​ដូរ​ភេទ​តាម​រយៈ​មេខ្លោង គឺ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០០៩៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល