ស្ថានទូត​អាមេរិក​ផ្ដល់​ថវិកា​សម្រាប់​កម្មវិធី​រាយ​ការណ៍​ពី​បញ្ហា​ពុករលួយ​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​នៅ​កម្ពុជា នឹង​បាន​ស្ដាប់​កម្មវិធី​វិទ្យុ​ថ្មី​មួយ ជា​ទម្រង់​សេចក្ដី​រាយ​ការណ៍​ស៊ើប​អង្កេត ស្រាវជ្រាវ​អំពី​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​កម្មវិធី​នេះ ឧបត្ថម្ភ​ដោយ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដល់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
ដោយ កេសរណ្ណីយ្យា
2010-10-22
Share

គម្រោង​កម្មវិធី​ជំនួយ​ខ្នាត​តូច​របស់​សហរដ្ឋ​អាមេរិក មាន​គោលដៅ​ផ្ដល់​ការ​ឧបត្ថម្ភ​ថវិកា​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ដែល​ធ្វើ​ការងារ​ពង្រឹង​វិស័យ​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​យុត្តិធម៌។

មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា សម្រាប់​គម្រោង​ឆ្នាំ​២០១០​នេះ គណៈកម្មការ​បាន​សម្រេច​ផ្ដល់​ថវិកា​ជំនួយ​មួយ​ផ្នែក​ដល់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្នុង​ដំណើរការ​សរសេរ​ចងក្រង​សេចក្ដី​រាយ​ការណ៍​បែប​ស៊ើប​អង្កេត ស្រាវជ្រាវ​អំពី​បញ្ហា​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល ៖ «គម្រោង​ហ្នឹង គឺ​ជា​គម្រោង​ទី​១​ហើយ បើ​ទាក់ទង​នឹង​តម្លាភាព​នៅ​ក្នុង​ ស្ថាប័ន​រដ្ឋាភិបាល ដូច្នេះ​គណៈកម្មការ​ក៏​សម្រេច​ថា ផ្ដល់​ថវិកា​ទៅ​ឱ្យ​អង្គការ​នេះ ដើម្បី​អនុវត្ត​គម្រោង​នេះ ជ្រើស​រើស​អ្នក​សារ​ព័ត៌មាន​ដើម្បី​សរសេរ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ធ្វើ​ឱ្យ​មាន​តម្លាភាព ឬ​លើក​ស្ទួយ​ឱ្យ​មាន​តម្លាភាព​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល»

ប្រធាន​គ្រប់គ្រង​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី បាន​ឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​កំពុង​ប្រកាស​ជ្រើស​រើស​អ្នក​សារ​ព័ត៌មាន​ចំនួន ៨​នាក់ ដែល​ក្នុង​នោះ​តម្រូវ​ឱ្យ​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ប្រធានបទ ព្រម​ទាំង​គម្រោង​នៃ​ការ​សរសេរ​អត្ថបទ​បែប​ស៊ើប​អង្កេត​ស្រាវជ្រាវ​នេះ។

លោក ណុប វី បាន​បញ្ជាក់​បន្ថែម​អំពី​ដំណើរការ​នៃ​គម្រោង​កម្មវិធី​នេះ ផ្ដើម​ដំណើរការ​ចាប់​ពី​ខែ​តុលា​នេះ នឹង​បញ្ចប់​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០១១ ជាមួយ​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ ៖ «ចំនួន​ថវិកា​យើង​តែ​ប៉ុណ្ណឹង យើង​បាន​សម្រាប់​អត្ថបទ​បែប​ស៊ើប​អង្កេត​តែ ៨​ទេ។ បន្ទាប់​ពី​អ្នក​សារ​ព័ត៌មាន​យើង​បាន​បញ្ចប់​ព័ត៌មាន​បែប​ស៊ើប​អង្កេត​ហ្នឹង​ហើយ យើង​អាច​នឹង​ដាក់​របាយការណ៍ ឬ​សេចក្ដី​រាយការណ៍​ ទាំង ៨​ហ្នឹង ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល»

ប៉ុន្តែ​ប្រធាន​គ្រប់គ្រង​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ បាន​គូស​បញ្ជាក់​ថា គណៈកម្មការ​គម្រោង​កម្មវិធី​អាច​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​ទៅ​លើ​ប្រធាន​បទ​ចម្បង​២ គឺ​ទី​១ បញ្ហា​អំពើ​ពុករលួយ​ក្នុង​វិស័យ​សុខាភិបាល ដែល​ទាក់ទង​នឹង​បញ្ហា​នាំ​ឱ្យ​មាន​មរណភាព​របស់​ស្ត្រី​ក្នុង​ពេល​សម្រាល​បុត្រ​ធីតា។ ទី​២ គឺ​ជា​ប្រធានបទ​នៃ​ការ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ ដែល​បណ្ដាល​ឱ្យ​កុមារ​ខ្មែរ​បោះ​បង់​សាលា​មិន​អាច​បន្ត​ការ​រៀន​សូត្រ​ឱ្យ​បាន​ចប់​ថ្នាក់​វិទ្យាល័យ។

លោក ណុប វី បន្ថែម​ថា ៖ «ផែនការ គោលការណ៍​សហស្សវត្ស​ដែល​ខាង​អង្គការ​យូ.អិន.ឌី.ភី (UNDP) ទើប​តែ​នឹង​ចេញ​នេះ​ឃើញ​ថា បញ្ហា​សុខភាព ដូច​ជា​ការ​ស្លាប់​មាតា​នៅ​ពេល​សម្រាល​បុត្រ និង​បញ្ហា​នៃ​ការ​អប់រំ​ជា​មូលដ្ឋាន​សម្រាប់​កូន​ចៅ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ជា​ចំណុច​២ ក្នុង​ចំណុច​៣ ដែល​នៅ​មាន​បញ្ហា​ច្រើន​ជាង​គេ»

រាល់​អត្ថបទ​សេចក្ដី​រាយការណ៍​បែប​ស៊ើប​អង្កេត​ស្ដី​អំពី​បញ្ហា​អំពើ​ពុករលួយ និង​ការ​គ្មាន​តម្លាភាព​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល ដែល​សរសេរ​ចងក្រង​បាន​ហើយ​នោះ គឺ​នឹង​ធ្វើការ​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់​នៅ​ក្នុង​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ចាប់​ផ្ដើម​ពី​ខែ​ធ្នូ ឆ្នាំ​២០១០​នេះ។

លោក ណុប វី បាន​បញ្ជាក់​បន្ថែម​អំពី​គម្រោង​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ទាំង​នោះ ដែល​អត្ថបទ​នីមួយៗ​មាន​រយៈ​ពេល​កន្លះ​ម៉ោង ៖ «គឺ​យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជា​អត្ថបទ​រយៈ​ពេល ៣០​នាទី​ហ្នឹង​តែម្ដង។ ៣០​នាទី​បន្ទាប់​ទៀត គឺ​យើង​នឹង​ភ្ជាប់​ទូរស័ព្ទ​ទៅ​កាន់​វាគ្មិន ទៅ​កាន់​ប្រភព​ដែល​ជា​មន្ត្រី ជា​អាជ្ញាធរ ដែល​អ្នក​សារ​ព័ត៌មាន​យើង​បាន​សម្ភាសន៍ ដើម្បី​ឱ្យ​គាត់​និយាយ​បន្ថែម​ទៀត ទាក់ទង​ជាមួយ​នឹង​រឿង ប្រសិន​បើ​មាន​ការ​ចោទ​ប្រកាន់ ឱ្យ​គាត់​បក​ស្រាយ ហើយ​យើង​បើក​ឱ្យ​មាន​ចូល​រួម​ពី​អ្នក​ស្ដាប់​តែម្ដង»

ប្រធាន​គ្រប់គ្រង​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ឱ្យ​ដឹង​ទៀត​ថា សេចក្ដី​រាយ​ការណ៍​ទាំង​អស់​នោះ ក៏​នឹង​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​ទាំង​ក្នុង​ទម្រង់​ជា​អត្ថបទ​សរសេរ និង​សំឡេង។

ទាក់ទង​នឹង​លទ្ធផល​នៃ​គម្រោង​កម្មវិធី​នេះ មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​នៃ​កម្មវិធី​ជំនួយ​ខ្នាត​តូច​របស់​ស្ថានទូត នឹង​ធ្វើការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ដោយ​ផ្ទាល់ ដែល​អាច​នឹង​ឈាន​ទៅ​សេចក្ដី​សម្រេច​ចំពោះ​ការ​បន្ត​ផ្ដល់​ថវិកា​ជំនួយ​បន្ថែម​ទៀត ឬ​យ៉ាង​ណា​នៅ​ក្នុង​ឆ្នាំ​២០១១ ៖ «នៅ​លើ​គណៈកម្មការ​ជា​អ្នក​ពិនិត្យ​មើល។ នៅ​ពេល​ដែល​គេ​ដាក់​សំណើ​មក​ហើយ គណៈកម្មការ​នៅ​ក្នុង​ស្ថានទូត​ដែល​មាន​សមាជិក​មួយ​ចំនួន​ជា​មន្ត្រី​ស្ថានទូត គេ​នឹង​ពិនិត្យ​មើល​ថា តើ​អង្គការ​ដែល​ធ្វើ​ការងារ​ហ្នឹង ធ្វើ​បាន​ប៉ុណ្ណា ហើយ​មិន​ទាន់​ចប់ ឬ​មួយ​ក៏​ការងារ​ហ្នឹង​គួរ​បន្ត​ទៀត? គឺ​លើ​គណៈកម្មការ​ជា​អ្នក​សម្រេច ប៉ុន្តែ​១​ឆ្នាំ​ម្តងៗ»

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​ផ្ដល់​ថវិកា​ជំនួយ​គម្រោង​កម្មវិធី​ជំនួយ​ខ្នាត​តូច​ដល់​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដើម្បី​ពង្រឹង​វិស័យ​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ​ប្រព័ន្ធ​យុត្តិធម៌ និង​សង្គម តាំង​ពី​ឆ្នាំ​២០០១ ក្នុង​នោះ មាន​ទឹក​ប្រាក់​សរុប​ជា​មធ្យម​ប្រមាណ ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល