កងទ័ព​ជើង​ទឹក​អាមេរិក​ហ្វឹកហ្វឺន​សន្តិសុខ​ផ្ទៃ​សមុទ្រ​ដល់​កង​ម៉ារីន​កម្ពុជា

កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ការ​ហ្វឹកហ្វឺន​​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ (CARAT) ដល់​កង​ទ័ព​ជើង​​ទឹក​កម្ពុជា រយៈ​ពេល ៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ត​ទៅ ដើម្បី​បង្កើន​ជំនាញ​ដល់​កងទ័ព​កម្ពុជា ក្នុង​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​លើ​ផ្ទៃ​សមុទ្រ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ទៅ​ថ្ងៃ​អនាគត។
ដោយ ដែន អយុធ្យា
2010.10.26
ទហាន​អាមេរិក ៣០៥ ពិធី​បើក​ការ​ហ្វឹកហ្វឺន​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ​របស់​កង​ទាហាន​ជើង​ទឹក​អាមេរិក ដល់​កង​ទាហាន​ខ្មែរ នៅ​លើ​កប៉ាល់​ចម្បាំង​អាមេរិកាំង ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១០។
RFA/Den Ayuthyea

លោក ដេវិដ វែល (Dave Welcg) មេ​បញ្ជា​ការ​ទទួល​បន្ទុក​កម្មវិធី​ហ្វឹកហ្វឺន​សន្តិសុខ​​​លើ​ផ្ទៃ​​​សមុទ្រ មក​ពី​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ឈ្មោះ USS Crommelin ឬ FFG 37 ដែល​បាន​ចូល​ចត​នៅ​​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា មាន​ប្រសាសន៍​ថា កងទ័ព​ជើង​ទឹក​អាមេរិក​ប្រមាណ ៦០០​នាក់ នឹង​ផ្ដល់​ជំនាញ​​​ប្រយុទ្ធ​ ឬ​ជួយ​សង្គ្រោះ​ពេល​នាវា​ចម្បាំង​ជួប​គ្រោះ​អាសន្ន​​​ដល់​កងទ័ព​ជើង​ទឹក​កម្ពុជា អំពី​វិធីសាស្ត្រ​ទប់ទល់ និង​ជួយ​សង្គ្រោះ​នាវា​​នៅ​លើ​ផ្ទៃ​សមុទ្រ​។

ទោះ​យ៉ាង​នេះ​ក្ដី លោក​មេបញ្ជាការ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​មាន​ប៉ុន្មាន​វិញ្ញាសា និង​ផ្ដោត​លើ​ជំនាញ​អ្វី​ខ្លះ​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា ជា​រឿង​លាក់ការ​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា។ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ជំនាញ​អ្វី​ក៏ដោយ​ឲ្យ​តែ​ខាង​ភាគី​​កម្ពុជា ស្នើ​ឲ្យ​កងទ័ព​អាមេរិក​ហ្វឹកហ្វឺន គឺ​កងទ័ព​អាមេរិក​ផ្ដល់​ជូន​ទៅ​តាម​សំណើ។

លំហាត់​ហ្វឹកហ្វឺន​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ​រយៈ​ពេល ៦​ថ្ងៃ​នៅ​កម្ពុជា រវាង​កងទ័ព​ជើង​ទឹក​អាមេរិក និង​កម្ពុជា ជិត ១​ពាន់​នាក់​ចូល​រួម ហើយ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១០ នៅ​ខេត្ត​ព្រះសីហនុ។

លោក អ៊ុក សីហា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក ទទួល​បន្ទុក​មូលដ្ឋាន​ទ័ព​លំហ​សមុទ្រ​រាម មាន​ប្រសាសន៍​ថា លំហាត់​ហ្វឹកហ្វឺន​ដូច​គ្នា​នេះ កងទ័ព​អាមេរិក​បាន​ជួយ​ដល់​កងទ័ព​កម្ពុជា ម្តង​រួច​ហើយ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០។ លោក​ថា លំហាត់​ហ្វឹកហ្វឺន​នេះ បាន​នាំ​ឲ្យ​កងទ័ព​កម្ពុជា ទទួល​បាន​បទពិសោធន៍​ជា​ច្រើន​ពី​យុទ្ធសាស្ត្រ​​​​​ប្រយុទ្ធ​ជាមួយ​សត្រូវ​នៅ​លើ​ផ្ទៃ​ទឹក និង​ការ​ជួយ​សង្គ្រោះ​នៅ​ពេល​ជួប​គ្រោះ​អាសន្ន​កើត​ឡើង។

លំហាត់​ហ្វឹកហ្វឺន​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ​លើក​ទី​២ នៅ​កម្ពុជា មិន​ត្រូវ​បាន​លោក ដេវីដ វែល មេ​បញ្ជាការ​​កងទ័ព​ជើង​ទឹក​អាមេរិក បញ្ជាក់​ច្បាស់​នៅ​ឡើយ​អំពី​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​រវាង​កងទ័ព​អាមេរិក និង​កម្ពុជា ថា​តើ​អាច​នឹង​មាន​ប្រើ​គ្រាប់​ពិត ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​រវាង​មេបញ្ជាការ​កងទ័ព​ទាំង​ពីរ​ប្រទេស​ជា​មុន។

លោក​វរសេនីយ៍ត្រី មៃក៍ ម៉ឡេយ៍ (Mike Morley) ប្រធាន​កិច្ចការ​សាធារណៈ​នៃ​កងទ័ព​ជើង​ទឹក​អាមេរិក សម្រាប់​លំហាត់​សម​យុទ្ធ​សន្តិសុខ​លើ​ផ្ទៃ​​សមុទ្រ ឬ​ហៅ​ថា CARAT ឆ្នាំ​២០១០ នៅ​កម្ពុជា បាន​ចាត់​ទុក​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​រវាង​កងទ័ព​ជើង​ទឹក​ប្រទេស​ទាំង​ពីរ​ថា បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​កងទ័ព​ទាំង​ពីរ​ប្រទេស​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំណុច​សំខាន់​នៃ​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​សម​យុទ្ធ​លើ​ផ្ទៃ​ទឹក​ឆ្នាំ​២០១០ នៅ​កម្ពុជា គឺ​ផ្ដោត​ទៅ​លើ​ផ្នែក​នានា​នៃ​សន្តិសុខ​ដែន​សមុទ្រ រួម​ទាំង​ការ​មុជ​ទឹក និង​ជួយ​ស្រោច​ស្រង់​​​​​​សន្តិភាព​កំពង់ផែ ការ​ប្រើប្រាស់ និង​ថែទាំ​ទូក​តូចៗ។ ការ​ទប់​ស្កាត់​នៅ​លើ​ផ្ទៃ​សមុទ្រ ប្រតិបត្តិការ​ឡើង​លើ​នាវា ដើម្បី​ធ្វើ​ការ​ឆែកឆេរ និង​ឃាត់​ទុក ប្រតិបត្តិការ​លើ​យន្តហោះ​លើ​សមុទ្រ និង​កម្មវិធី​ផ្នែក​វិស្វកម្ម និង​ផ្នែក​ពេទ្យ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។