ស.រ.អា.​ប្រគល់​វត្ថុ​បុរាណ​៧​ដុំ​ទៅ​ឲ្យ​សារមន្ទីរ​ជាតិ​កម្ពុជា

លោក វីលៀម ប៊ើនស៍ (William Burns) អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កក្កដា បាន​ប្រគល់​វត្ថុ​បូរាណ​ខ្មែរ​ចំនួន ៧​ដុំ ដែល​បាន​រឹបអូស​ពី​ឈ្មួញ​ក្នុង​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​សារមន្ទីរ​ជាតិ​កម្ពុជា។
ដោយ យន់ សាមៀន
2010.07.18
វត្ថុ​បុរាណ ៣០៥ ១៨-កក្កដា-២០១០: ពិធី​ប្រគល់​វត្ថុ​បុរាណ​នៅ​សារមន្ទីរ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ
RFA/Yun Samean

ការ​ប្រគល់​វត្ថុ​បូរាណ​ខ្មែរ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា និង​សហរដ្ឋ​អាមេរិក ប្រារព្ធ​ពិធី​ទំនាក់​ទំនង​ខួប​ទី​៦០ នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក វីលៀម ប៊ើនស៍ មាន​ប្រសាសន៍​ថា ការ​ដឹក​ជញ្ជូន​ត្រឡប់​មក​វិញ​នៃ​វត្ថុ​បូរាណ​ខ្មែរ​ចំនួន ៧​ដុំ​នេះ ជា​ការ​បង្ហាញ​ពី​ការ​គោរព​បេតិកភណ្ឌ និង​វប្បធម៌​កម្ពុជា។ លោក​ថា ការ​រត់​ពន្ធ​វត្ថុ​បូរាណ​ជា​បទ​ឧក្រិដ្ឋ ហើយ​ការ​រឹបអូស​វត្ថុ​បូរាណ​ទាំង​នេះ​ជា​ផ្នែក​នៃ​កិច្ច​ប្រតិបត្តិការ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក។

លោក វីលៀម ប៊ើនស៍ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ប្ដេជ្ញា​បន្ត​ជួយ​កម្ពុជា​ដើម្បី​រក្សា​កេរ​ដំណែល​វប្បធម៌ ហើយ​សង្ឃឹម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រតិបត្តិការ​វត្ថុ​បូរាណ នឹង​នាំ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​រត់​ពន្ធ​វត្ថុ​បូរាណ​ជា​បន្ត​ទៀត»

លោក ម៉េត ឃីង (Matt King) ប្រធាន​ស្តីទី​របស់​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​វត្ថុ​បូរាណ​ថា វត្ថុ​ទាំង​នេះ​បាន​មក​ពី​ការ​ស្រាវជ្រាវ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ កាល​ពី​ឆ្នាំ​២០០៤ សហរដ្ឋ​អាមេរិក​ទទួល​ការ​ស្នើ​របស់​ស្ថានទូត​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក ថា វត្ថុ​បូរាណ​របស់​ខ្មែរ​ត្រូវ​បាន​គេ​ដាក់​លក់​តាម​អ៊ិនធឺណិត គេហ​ទំព័រ eBay។ ក្រោយ​ពី​ការ​ស៊ើប​អង្កេត សមត្ថកិច្ច​សហរដ្ឋ​អាមេរិក​បាន​រឹបអូស​វត្ថុ​បូរាណ​ទាំង​នេះ ហើយ​កាល​ពី​ឆ្នាំ​២០០៨ នៅ​ទីក្រុង ឡស អេនជិលឡេស នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​បូរាណ​ខ្មែរ​ចំនួន ២​ទៀត។ វត្ថុ​ទាំង​នេះ​ត្រូវ​បាន​គេ​រត់​ពន្ធ​ពី​ប្រទេស​ថៃ។

ឧប​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​វត្ថុ​បូរាណ​ថា ការ​ប្រគល់​វត្ថុ​បូរាណ​របស់​សហរដ្ឋ​អាមេរិក ជា​កាយវិការ​មនុស្សធម៌ ហើយ​បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា។

លោកស្រី ម៉ែន សំអន បាន​បញ្ជាក់​ថា ៖ «ការ​ប្រគល់​វត្ថុ​បូរាណ​នា​ពេល​នេះ​មក​កាន់​កម្ពុជា​វិញ ពិត​ជា​មាន​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​យើង ក៏​ដូច​ជា​ប្រជាជន​ដទៃ​ទៀត ដើម្បី​បង្ហាញ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​វប្បធម៌ និង​អរិយធម៌​ដ៏​សម្បូរ​បែប និង​រុងរឿង​របស់​កម្ពុជា​យើង»

កន្លង​មក​សារមន្ទីរ​ជាតិ​កម្ពុជា​បាន​ទទួល​វត្ថុ​បូរាណ​ចំនួន ១៦​រូប​ពី​រដ្ឋាភិបាល​អាមេរិក និង ១១​រូប​ទៀត​ពី​សប្បុរសជន​អាមេរិក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។