សហរដ្ឋអាមេរិក​សន្យា​ផ្តល់​ប្រាក់​ជំនួយ​៥០​លាន​ដុល្លារ​សម្រាប់​ប្រទេស​​៥

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​សន្យា​​​ផ្តល់​ប្រាក់​ជំនួយ ៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ សម្រាប់​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក្រោម។

0:00 / 0:00

ប្រទេស​ទាំង​នោះ​មាន​ដូច​ជា ប្រទេស​កម្ពុជា (Cambodia) វៀតណាម (Vietnam) ឡាវ (Lao) ថៃ (Thailand) និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Burma/Myanmar)។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៥ ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស ស្តី​ពី​គំនិត​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ​ក្រោម នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​ថា យើង (សហរដ្ឋអាមេរិក) បាន​បង្កើត​ឲ្យ​មាន​កិច្ច​ប្រជុំ​នេះ​កាល​ពី​ជាង​៣​ឆ្នាំ​កន្លង​មក​នេះ ដោយ​មើល​ឃើញ​ថា វា​មាន​សក្ដានុពល និង​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​យើង​ដោះស្រាយ​ជាមួយ​គ្នា ដូច​ជា​បញ្ហា​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា៖ «ជា​ដំបូង យើង​នឹង​វិនិយោគទុន​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ។ នេះ​ជា​អ្វី​បន្ថែម​លើ​ជំនួយ​ទ្វេភាគី​កន្លង​មក នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៥ នៃ​ទន្លេ​មេគង្គ​ក្រោម ដែល​មាន​តំណាង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ»

អ្នកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​ចំនួន​៥ នៃ​ទន្លេ​មេគង្គ​ក្រោម​រង​ការ​ប៉ះពាល់​ដោយ​សារ​គំរោង​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​ទន្លេ​មេគង្គ។

អ្នកស្រី​បន្ត​ថា កាល​ពី​ពេល​មុន​នេះ អ្នកស្រី​បាន​សុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី រហូត​ដល់​មាន​ការ​សិក្សា​ពេញលេញ​មួយ​លើ​ផល​ប៉ះពាល់។

ការ​សាងសង់​ទំនប់​វារីអគ្គិសនី គឺ​ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនី ប៉ុន្តែ​វា​មាន​ផល​ប៉ះពាល់​ដល់​ត្រី ធម្មជាតិ កសិកម្ម ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បរិស្ថាន និង​បញ្ហា​សុខភាព។

សហរដ្ឋអាមេរិក បាន​សន្យា​ផ្តល់​ទឹក​ប្រាក់​ចំនួន​ជាង ១​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​នានា ដែល​ពុំ​មាន​ចម្លើយ​កន្លង​មក។ ថវិកា​នេះ គឺ​ផ្តល់​ជូន​គណៈកម្មាធិការ​អន្តរជាតិ​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។