USAID ផ្ដល់​ថវិកា​ជាង​១៦​លាន​ដុល្លារ ដល់​គម្រោង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

នៅ​ថ្ងៃ​អង្គារ​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អាមេរិកាំង​ចំនួន​៣ បាន​ទទួល​ជំនួយ​ថវិកា​ច្រើន​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​កិច្ចការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ សុខ សេរី
2010.04.20

ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុជា ហៅ​កាត់​ថា USAID និង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ នូវ​គម្រោង​ការ​ទ្រទ្រង់​ថវិកា​ចំនួន ១៦​លាន ២​សែន​ដុល្លារ​អាមេរិក សម្រាប់​រយះ​ពេល ៥​ឆ្នាំ ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អាមេរិក ចំនួន​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​នេះ។

អង្គការ​ចំនួន​៣ របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​គាំទ្រ​ថវិកា​ខាង​លើ​នេះ មាន​វិទ្យាស្ថាន សាធារណរដ្ឋ​អន្តរជាតិ (IRI ) វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អន្តរជាតិ (NDI) និង​មូលនិធិ​អន្តរជាតិ ដើម្បី​ប្រព័ន្ធ​បោះ​ឆ្នោត (IFES) ដែល​មាន​កិច្ច​ការងារ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​រយះ​ពេល ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៤។

លោក សុខ អាន ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បើក​សម្ពោធ​ថា ៖ «ខ្ញុំ​យល់​ថា គម្រោង​ដែល​ត្រូវ​អនុវត្ត​នា​ពេល​ខាង​មុខ​នេះ ក៏​ជា​ការ​ដើរ​ស្រប​ផង​ដែរ ជា​មួយ​នឹង​កម្មវិធី​នយោបាយ របស់​រដ្ឋាភិបាល ដែល​បាន និង​កំពុង​តែ​ជំរុញ​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ក្នុង​ដំណើរ​ការ​កសាង​គោល​នយោបាយ ការ​រៀបចំ​ផែនការ និង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា របស់​រដ្ឋាភិបាល តាម​រយះ​ដំណើរ​ការ​ពិគ្រោះ​យោបល់​ផ្សេងៗ ដើម្បី​ធានា​ឲ្យ​មាន​ការ​រីក​ចំរើន ប្រកប​ដោយ​សមធម៌​នៅ​កម្ពុជា»

លោក​ស្រី Carol Rodleyជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក ប៉ុន្តែ​មាន​ការ​រីក​ចំរើន​គួរ​ឲ្យ​កត់​សំគាល់។

លោក​ស្រី Carol Rodley មាន​ប្រសាសន៍​បន្ថែម ៖ «លទ្ធផល​រយះ​ពេល​យូរ​អង្វែង នៅ​ក្នុង​កែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ គឺ​ពឹង​ផ្អែក​លើ​ការ​ប្ដេជ្ញា​ចិត្ត របស់​រដ្ឋាភិបាល។ មិន​មែន​ត្រឹម​តែ​ផ្អែក​ទៅ​លើ​អនុម័ត​ច្បាប់ និង​បទដ្ឋាន​នានា និង​មាន​ពាក្យ​សំដី​អំពី​ការ​កែទម្រង់​នោះ​ទេ។ ប៉ុន្តែ​គឺ​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ និង​ចាត់​វិធានការណ៍​ជា​មួយ​ផង ក្នុង​ការ​ពង្រឹង​ច្បាប់ និង​អនុវត្ត​ច្បាប់​នោះ»

ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នោះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​លោក សុខ អាន ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​ស្រី Carol Rodley ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លោក Flynn Fuller នាយក​របស់ USAID នៅ​ក្នុង​ប្រទេស​កម្ពុជា។

មាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ទទួល​បន្ទុក​ការងារ​ឃ្លាំ​មើល​ការ​បោះឆ្នោត តំណាង​របស់ គ.ជ.ប. តំណាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី តំណាង​របស់ IRI, NDI និង​អង្គការ IFES និង​អ្នក​សារព័ត៌មាន​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ គណបក្ស​ប្រឆាំង​សមរង្ស៊ី ដែល​បាន​មក​ចូល​រួម បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ដំណើរ​ការ​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ត្រូវ​តែ​ជា​ដំណើរ​ការ​មួយ ដោយ​បើក​ចំហ ហើយ​ធានា​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា លោក​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់​គ្រាន់ ដែល​ចាប់​ផ្ដើម​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ បញ្ហា​ធំ​ជាង​គេ គឺ​បញ្ជី​ឈ្មោះ​នៃ​អ្នក​បោះ​ឆ្នោត​នេះ​ឯង។ កុំ​ភ្លេច​ថា យើង​មាន​រហូត​ដល់​ជាង ២​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០០៨ ដែល​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​អត់​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​។ល។ និង។ល។ នេះ»

ការ​សម្ពោធ​នូវ​គម្រោង​ឈ្មោះ​ថា គណនីយភាព ក្នុង​អភិបាល​កិច្ច និង​នយោបាយ ខាង​លើ​នេះ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១២ និង​បោះ​ឆ្នោត​ជាតិ នៅ​ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។