ក្រសួង​សុខាភិបាល​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្ដាសាយ​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1) រយៈ​ពេល ១០​ថ្ងៃ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៤ ខែ​មីនា ឆ្នាំ​២០១០​នេះ។
ដោយ ឡេង ម៉ាលី
2010.03.25
ផ្ដាសាយ​ជ្រូក ៣០៥ អ្នក​ដំណើរ​ពាក់​ម៉ាស​មុខ ខណៈ​ដើ​រកាត់​ផ្សារ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ តុលា ២០០៩។
AFP/TANG CHHIN SOTHY

យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្ដាសាយ​ថ្មី​រយៈពេល ១០​ថ្ងៃ​នេះ ត្រូវ​បាន​ប្រកាស​ធ្វើ​នៅ​ឯ​មណ្ឌល​សុខភាព​ចំការមន រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចាក់​ថ្នាំ​បង្ការ​ជា​និមិត្តរូប ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា និង​តំណាង​អង្គការ​សុខភាព​ពិភពលោក តំណាង​ទីភ្នាក់ងារ USAID និង​តំណាង​អង្គការ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

អនុ​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​កណ្ដាល នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក យឹម ដេត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពិធី​ប្រកាស​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នេះ ជា​យុទ្ធនាការ​ជំហាន​ទី​មួយ​នៅ​ទូទាំង​ប្រទេស ក៏ប៉ុន្តែ​លោក​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «យើង​បើក​នេះ​ជា​យុទ្ធនាការ​បើក​ទូទាំង​ប្រទេស ប៉ុន្តែ​ជា​ជំហាន​មួយ​យើង​ចាក់ ៤​ខេត្ត​ក្រុង​សិន គឺ​រាជធានី ខេត្ត​កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង។ ៤​ខេត្ត​ក្រុង​សិន។ ចប់​ជំហាន​មួយ​ហ្នឹង ថ្នាក់​ជាតិ​នឹង​ប្រមើល​មើល​ថា គួរ​ទៅ​ខាង​ណា​ទៀត បន្តៗ​ទៀត ព្រោះ​វ៉ាក់សាំង​របស់​យើង​ដែល​បាន​ទទួល​ជំនួយ​ពី​គេ​មក​ហ្នឹង​វា​មាន​កម្រិត បាន​តិច។ ជា​គម្រោង​ទូទាំង​ប្រទេស​ហ្នឹង​វា​ត្រូវ​ទទួល​ច្រើន វា​ជាង​មួយ​លាន ១,៥​លាន​ដូស​ឯណោះ ប៉ុន្តែ​ឥឡូវ​យើង​បាន​ទទួល​តិច​នៅ​ឡើយ»

លោក យឹម ដេត បាន​បន្ត​ថា គម្រោង​ជំហាន​ដំបូង​របស់​ស្រុក​ប្រតិបត្តិ​កណ្ដាល​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​គ្រប​ដណ្ដប់​ពីរ​ខណ្ឌ គឺ​ខណ្ឌ​ចំការមន និង​ខណ្ឌ​៧មករា មាន​គម្រោង​ផ្ដល់​ថ្នាំ​បង្ការ​ជំងឺ​ផ្ដាសាយ​ថ្មី​នេះ​ចំនួន​ប្រមាណ ១៦.០០០​ដូស​ដល់​មនុស្ស ១៦.០០០​នាក់ ជា​ពិសេស​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ថ្មី​ជាង​គេ។

លោក យឹម ដេត មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្រុម​ចំណុច​យើង​មាន​ទី​១ កុមារ​ពី​អាយុ ៦​ខែ​ទៅ ២​ឆ្នាំ ទី​២ ស្ត្រី​មាន​ផ្ទៃ​ពោះ ទី​៣ អ្នក​មាន​ជំងឺ​សួត​រ៉ាំរ៉ៃ ហើយ​ទី​៤ មន្ត្រី​សុខាភិបាល។ ទាំង​មន្ត្រី​សុខាភិបាល​រដ្ឋ អង្គការ ឯកជន ឲ្យ​តែ​អ្នក​ហ្នឹង​ប្រតិបត្តិ​លើ​ការងារ​សុខាភិបាល​យើង​ចាក់​ជូន ហើយ​ទី​៥ គឺ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខណ្ឌ យើង​ផ្ដល់​ជូន​ចំនួន ១០​នាក់ នៅ​សង្កាត់​យើង​ផ្ដល់​ជូន ៥​នាក់​ក្នុង​មួយ​សង្កាត់»

របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០ នៅ​ប្រទេស​កម្ពុជា មាន​អ្នក​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1) ចំនួន ៥៦៦​នាក់​ហើយ ហើយ​មាន​អ្នក​ស្លាប់​ចំនួន ៦​នាក់។

នៅ​ក្នុង​យុទ្ធនាការ ១០​ថ្ងៃ​ដែល​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១០ លោក យឹម ដេត បាន​ឱ្យ​ដឹង​ថា មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​មន្ត្រី​សុខាភិបាល​ចំនួន ១០០​ ក្រុម​ចុះ​ផ្ដល់​ថ្នាំ​បង្ការ​ជំងឺ​ផ្ដាសាយ​ថ្មី នៅ​តាម​ភូមិ​នានា​ទូទាំង​រាជធានី​ភ្នំពេញ ជា​រៀង​រាល់​ថ្ងៃ រាប់​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។