ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ចំពោះ​ថ្ងៃ ១៤ កុម្ភៈ

ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ​ពលរដ្ឋ​ខ្មែរ​យើង​ស្គាល់​ជា​ទូទៅ​ថា ជា​ថ្ងៃ​បុណ្យ​សង្សារ នៅ​តែ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​យុវវ័យ​អោយ​ចូល​រួម​កម្មវិធី​នេះ។
ដោយ សុ ជីវី
2013.02.14
បុណ្យ​សង្សារ ៣០៥ យុវជន​ឈរ​ទិញ​ផ្កា​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាធានី​ភ្នំពេញ នៅ​ថ្ងៃ​១៤ កុម្ភៈ ២០១០។
RFA/Mom Sophon

យុវវ័យ​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត ដោយ​ចាត់​ទុក​ថ្ងៃ​ទី​១៤ កុម្ភៈ ថា​ជា​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​សម្រាប់​មនុស្ស​គ្រប់​គ្នា មិន​មែន​សម្រាប់​តែ​ដៃគូ​ស្នេហា​ឡើយ។ ទោះ​ជា​យ៉ាង​ណា​យុវជន​ ​ភាគ​ច្រើន​ក៏​នៅ​គិត​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​ដៃ​គូ​ស្នេហា​ដោយ​ការ​ជូន​ផ្កា ឬ​ រង្វាន់ និង​បបួល​គ្នា​ដើរ​លេង។

យុវតី​មួយ​ចំនួន​បាន​ចាប់​ផ្លាស់​ប្ដូរ​មក​ប្រើ​ពាក្យ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ជំនួស​អោយ​ពាក្យ​បុណ្យ​សង្សារ សម្រាប់​ហៅ​ថ្ងៃ​បុណ្យ​ក្នុង​សាសនា​គ្រិស្ត​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។

ក្នុង​វ័យ​២២ ឆ្នាំ កញ្ញា វៃ សុគន្ធមុនី ដែល​កំពុង​រៀន​ផ្នែក​គណនេយ្យ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច ថ្លែង​អោយ​ដឹង​ថា ដែល​ហៅ​ថា បុណ្យ​នៃ​ក្ដី​ស្រឡាញ់​សម្រាប់​នាង គឺ​ជា​ថ្ងៃ​ដែល​នាង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ទៅ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ។

សុគន្ធមុនី បន្ត​ថា ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នាង​តែង​ទិញ​អំណោយ​បន្តិច​បន្តួច​ដល់​មិត្ត​ភក្តិ​ជិត​ស្និត​របស់​នាង។

ស្របគ្នា​នេះ​ដែរ កម្មការិនី​ជា​ច្រើន​នាក់​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ដឹង​ថា ថ្ងៃ​១៤ ខែ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

ជាង​មួយ​ទសវត្ស​មក​ហើយ​ដែល​យុវជន​ខ្មែរ​នាំ​គ្នា​អបអរ​បុណ្យ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។ នៅ​ថ្ងៃ​ទី​១៤ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ទិញ​ផ្កា​កូឡាប ទិញ​កាដូ ឬ​វត្ថុ​អនុស្សាវរីយ៍ និង​នាំ​គ្នា​ដើរលេង។

អ្នក​ធ្វើ​ការងារ​ជា​មួយ​ក្រុម​យុវជន​បញ្ជាក់​ថា ជា​រៀងរាល់​ឆ្នាំ​មាន​បញ្ហា​ជាច្រើន​កើត​ឡើង​នៅ​ថ្ងៃ​១៤ កុម្ភៈ សម្រាប់​យុវជន​កម្ពុជា។ រួម​មាន​យុវតី​អាច​ត្រូវ​បោកប្រាស់​អោយ​ទទួល​យក​ការ​រួម​ភេទ​មុន​រៀបការ ការ​បោះបង់​ចោល​ការ​សិក្សា រំលូត​កូន មាន​វិបត្តិ​ផ្លូវចិត្ត ឬ​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន។ ម្យ៉ាង​ទៀត​យុវជន​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ទិញ​វត្ថុ​អនុស្សាវរីយ៍ ការ​ជួប​ជុំ​ទទួល​ទាន​អាហារ និង​ការ​កម្សាន្ត​ផ្សេង​ទៀត។

ស្រប​គ្នា​នេះ​ដែរ​ប្រធាន​សមាគម​យុវជន​ខ្មែរ លោក ម៉ាក ចំរើន មាន​ប្រសាសន៍​ថា ក្រុម​យុវជន​ដែល​លោក​បាន​ធ្វើ​ការ​ជាមួយ​បាន​យល់​ដឹង​ច្រើន​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ខ្លួន​របស់​ពួក​គេ​ក្នុង​នាម​ជា​យុវវ័យ។

រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស៊ីវណ្ណ បុទម មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​យុវវ័យ​ចំពោះ​ថ្ងៃ​ទី​១៤ ខែ កុម្ភៈ គឺ​ជា​ការ​ខិតខំ​របស់​ក្រសួង​កិច្ចការ​នារី ស្ថាប័ន​ពាក់ព័ន្ធ​សង្គម​ស៊ីវិល​ផ្នែក​ស្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​សហការ​គ្នា។

កាល​ពី​ឆ្នាំ​២០១១ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​មួយ​ក្រុម​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ភ្លាម​ៗ​មួយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​រក​ឃើញ​ថា ការ​ជូន​ផ្កា ឬ​កាដួ ពុំ​មែន​កើត​មាន​តែ​ទៅ​លើ​ក្រុម​យុវជន​ទេ ប៉ុន្តែ​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់ ឬ​ជា​អ្នក​មាន​គ្រួសារ ជា​ប្ដី ឬ​ប្រពន្ធ។

បើ​ទោះ​ជា​ទស្សនៈ​បាន​ផ្លាស់​ប្ដូរ​ចំពោះ​ថ្ងៃ​១៤ ខែ​កុម្ភៈ ប៉ុន្តែ​ការអនុវត្ត​ក្នុង​ជីវភាព​រស់​នៅ​ជាក់​ស្ដែង​គឺ​នៅ​តែ​ចោទ​ជា​បញ្ហា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​នៅ​តែ​រក​ឃើញ​ចំណុច​អវិជ្ជមាន​ពី​ការចូលរួម​អបអរ​ថ្ងៃ​បុណ្យ​នេះ។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា យុវវ័យ ជា​ពិសេស​យុវតី ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ងាយ​នឹង​ត្រូវ​អូស​ទាញ​អោយ​ធ្លាក់​ចូល​ក្នុង​អបាយ​មុខ នៅ​ថ្ងៃ​អបអរ​ទិវា​នៃ​ក្ដី​ស្រឡាញ់។

លោក កែម ឡី ស្នើ​អោយ​រឹត​បន្តឹង​ការ​ចូល​ទៅ​រក​សេវាកម្ម​ផ្ទះសំណាក់​របស់​យុវជន​ដែល​មាន​វ័យ​ក្រោម ១៨​ឆ្នាំ រួម​នឹង​ការ​ចូល​រួម​ចំណែក​របស់​ការអប់រំ​នៅ​តាម​សាលារៀន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ករណី​នេះ​ដែរ​ជា​យុវតី​ម្នាក់ វៃ សុគន្ធមុនី បាន​អំពាវនាវ​អោយ​យុវជន ជា​ពិសេស​យុវតី​ត្រូវ​ថែ​រក្សា​ខ្លួន​ប្រាណ​វៀរចាក​ពី​ការ​ប្រឡូក​នឹង​ការ​មាន​ដៃ​គូ​ស្នេហា ឬ​ការ​រួម​ភេទ​មុន​រៀបការ។

នៅ​ក្នុង​ប្រតិទិន​នៃ​ពិធីបុណ្យ​ក្នុង​សាសនា​គ្រិស្ត​ ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ គឺ​ជា​ទិវា វ៉ាឡង់ទីន ឬ វ៉ាលេនថាញ ដេយ៍ (Valentine’s Day) ដែល​ឧទ្ទិស​បូជា​សេចក្ដី​ស្រឡាញ់​ដល់​បព្វជិត សេន វ៉ាលេនថាញ (Saint Valentines)។ បព្វជិត សេន វើលេនថាញ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សេចក្ដី​ស្រលាញ់ សម្រាប់​គូរ​ស្នេហ៍ បង្ហាញ​សេចក្ដី​ស្រលាញ់​ទៅ​កាន់​មិត្តភ័ក្ដិ និង​អ្នក​ជា​ទី​ស្រលាញ់ ដោយ​ផ្ញើ​ពាក្យ​កាព្យ​កាដូ និង​ជា​ផ្កា​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។