ពលករ​ម្នាក់​ស្លាប់​ក្នុង​មណ្ឌល​ហ្វឹកហ្វឺន​នាំ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស

កសិករ​មួយ​គ្រួសារ នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប មាន​បំណង​ប្ដឹង​តវ៉ា​ចំពោះ​ក្រុម​ហ៊ុន​នាំ​ពលករ​ខ្មែរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ មួយ​ឈ្មោះ វ៉ី.ស៊ី. មែន ផៅ​វើរ (VC MAN POWER) បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​ម្នាក់ ដែល​ចុះ​ឈ្មោះ​ទៅ​ធ្វើ​ពលករ​ក្រៅ​ប្រទេស បាន​ស្លាប់​គួរ​ឲ្យ​សង្ស័យ។
ដោយ ហង្ស សាវយុត
2010.08.28

មេ​គ្រួសារ​កសិករ​ដែល​មាន​កូន​ចំនួន​៥​នាក់ រស់​នៅ​ភូមិ​ភ្នំដី ឃុំ​ស្លែងស្ពាន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប កំពុង​ស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​តាម​ផ្លូវ​ច្បាប់ ពី​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ប្ដឹង​តវ៉ា​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ចេញ​ទៅ​ក្រៅ​ប្រទេស​មួយ​ឈ្មោះ វី.ស៊ី.ម៉ែន ផៅ​វើរ) (VC MAN POWER) បន្ទាប់​ពី​មាន​ការ​សង្ស័យ​ដោយ​កូន​ស្រី​របស់​គាត់​ម្នាក់​ស្លាប់​ពុំ​មាន​មូល​ហេតុ​ច្បាស់​លាស់ ក្នុង​ពេល​ទៅ​ស្នាក់​នៅ​មណ្ឌល​របស់​ក្រុមហ៊ុន​នោះ ឯ​ទីក្រុង​ភ្នំពេញ មុន​ពេល​ចាក​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស។

លោក រាម វី បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​សីហា​ថា កូន​ស្រី​គាត់​ម្នាក់​ឈ្មោះ យុន ម៉ាប់ អាយុ​២១​ឆ្នាំ បាន​ចាក​ចេញ​ពី​ផ្ទះ​ចំនួន​ជាង​២​ខែ ទៅ​ចុះ​ឈ្មោះ​ធ្វើ​ពលករ​ក្រៅ​ប្រទេស ដោយ​ស្នាក់​នៅ​ក្នុង​មណ្ឌល​របស់​ក្រុមហ៊ុន VC MAN POWER  នៅ​ទីក្រុង​ភ្នំ​ពេញ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា​កន្លង​មក​កូន​ស្រី​គាត់​បាន​ស្លាប់​ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​គួរ​ឲ្យ​សង្ស័យ។ លោក រាម វី បាន​មាន​ប្រសាសន៍​ថា ការ​ស្លាប់​របស់​កូន​ស្រី​គាត់​នោះ ខាង​ក្រុមហ៊ុន​បាន​ប្រាប់​ថា នាង​កើត​ជំងឺ​មហា​រីក​សួត ប៉ុន្តែ​សំបុត្រ​ពេទ្យ​នៅ​ពេល​គេ​ដឹក​នាង​ទៅ​ព្យាបាល​មុន​ពេល​ស្លាប់ បាន​សរសេរ​ថា បណ្ដាល​ពី​ជំងឺ​គ្រុន​ឈាម ហើយ​ក្រុម​ហ៊ុន​បាន​ព្យាយាម​បង្វាស់​លោក​មិន​ឲ្យ​ឃើញ​សាក​សព​កូន​ទេ។ ប៉ុន្តែ​នៅ​ពេល​លោក​ឃើញ​ឡាន​ដឹក​សាក​សព​កូន​រួច​ឡើង​ទៅ​មើល​ឃើញ​ស្លាកស្នាម​ក្រហម ហើម​នៅ​ត្រង់​ក និង​មុខ​សាក​សព​មាន​ស្នាម​ជាំ​ខៀវ ដែល​គួរ​ឲ្យ​សង្ស័យ​ចំពោះ​ការ​វាយ​ធ្វើ​បាប​រហូត​ស្លាប់។

លោក រាម វី មាន​ប្រសាសន៍ ៖ «វា​ទៅ​រៀន VC MAN POWER បាន​២​ខែ ២៣​ថ្ងៃ ស្រាប់​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ ម៉ោង​៧ និង​១៥​នាទី ក្រុមហ៊ុន​គេ​ចុច​មក​ប្រាប់​ខ្ញុំ កូន​ខ្ញុំ​ឈឺ ឲ្យ​ខ្ញុំ​ទៅ​មើល ដល់​ខ្ញុំ​ទៅ​កូន​ងាប់​ទៅ​បាត់។ ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ហើយ ក៏​ក្រុមហ៊ុន​គេ​អត់​ឲ្យ​ខ្ញុំ​ទៅ​មើល​សាក​សព​កូន​ខ្ញុំ​នៅ​ត្រង់​ណា​អី​ត្រង់​ណី អត់​ឲ្យ​មើល​ទេ។ក្រុមហ៊ុន​វា​នាំ​ខ្ញុំ​ចេញ​មក​ឆ្ងាយ​ពី​មន្ទីរ​ពេទ្យ មក​ដល់​ឯ​ភ្លើង​ស្តុប​ផ្សារ​ដី​ហុយ​នោះ​បាន​ឃើញ​ឡាន​ដឹក​សាក​សព​កូន​ខ្ញុំ​នោះ​មក​ពី​ក្រោយ​មក​វិញ​។ សង្ស័យ​នោះ​ក៏​សង្ស័យ​ដែល​ខ្ញុំ​បាន​ឡើង​ឡាន​បើក​មើល​កូន​របស់​ខ្ញុំ​ដែល​ស្លាប់​ហ្នឹង ឃើញ​វា​ហើម​ក​ហើយ​វា​ជាំ​មុខ​ខាង​ឆ្វេង​ថ្ពាល់​វា»

ប៉ុន្តែ​ទោះ​យ៉ាង​ណា​មិន​អាច​ទំនាក់​ទំនង​តំណាង​ក្រុមហ៊ុន VC MAN POWER ដើម្បី​អធិប្បាយ​ជុំវិញ​ការ​សង្ស័យ​ទាំង​នោះ​បាន​ទេ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ស្រាវ​ជ្រាវ​ឃើញ​ថា ចំពោះ​ការ​ស្លាប់​ពលការិនី​ម្នាក់​នោះ គឺ​ក្រុមហ៊ុន​បាន​ចេញ​ប្រាក់​១​លាន ២​សែន​រៀល​ទៅ​ឲ្យ​ក្រុម​គ្រួសារ។

លោក មាស សាណែត អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​អង្គការ​ខារ៉ាម​កម្ពុជា ដែល​កំពុង​ធ្វើ​ការ​ងារ​ជួយ​ដល់​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​នៅ​ឡើយ​ទេ ជុំវិញ​ការ​ស្លាប់​កម្មការិនី​ម្នាក់​នៅ​ក្នុង​មណ្ឌល​ក្រុមហ៊ុន VC MAN POWER នោះ។ ប៉ុន្តែ​លោក​ដឹង​ថា​ក្រុមហ៊ុន​នោះ​កំពុង​មាន​រឿង​អាស្រូវ​ជា​ច្រើន​ករណី ដែល​មាន​ពាក្យ​បណ្ដឹង​ក្នុង​ដៃ​របស់​លោក ៖ «ឥឡូវ​ហ្នឹង​ករណី​ដែល​យើង​មាន វា​ច្រើន​ដែរ​នៅ​ក្នុង​ដៃ ដូច​ជា​១០​ករណី​ណោះ។ ក្នុង​ខែ​កន្លង​មក​ហើយ​ហ្នឹង ក៏​មាន​បញ្ហា​មួយ​សា​ហើយ​ជា​មួយ​ពលករ មាន​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ហ្នឹង រឿង​ការ​ឃុំ​ឃាំង មាន​របួស​មាន​អី​ដោយ​លោត​ចុះ»

មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ CLEC ទើប​បាន​បញ្ជូន​មន្ត្រី​ផ្នែក​សិទ្ធិ​ការ​ងារ​ទៅ​កាន់​ផ្ទះ​អ្នក​ស្លាប់ ដើម្បី​ស្រាវ​ជ្រាវ​ករណី​នោះ ហើយ​ថា​ប្រសិន​បើ​ក្រុម​គ្រួសារ​អ្នក​ស្លាប់​មាន​ការ​សង្ស័យ​អំពី​ការ​ស្លាប់​របស់​កូន ត្រូវ​ការ​ប្ដឹង​ទាម​ទារ​រក​យុត្តិធម៌​នោះ អង្គការ CLEC នឹង​ជួយ​ជ្រោមជ្រែង​ផ្លូវ​ច្បាប់ និង​ជួយ​ផ្តល់​មេធាវី​ការ​ពារ​ផង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។