អាជីវករ​ផ្សារ​ស្នឹង​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ​បាត់ដំបង​ជួយ

អាជីវករ​នៅ​ផ្សារ​ស្នឹង​ជា​ច្រើន​នាក់​គ្រោង​លើក​គ្នា​ឡើង​មក​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ឲ្យ​ជួយ​ពួក​គេ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​បាណន់​កំណត់​កាលបរិច្ឆេទ​ឲ្យ​ពួក​គេ​រុះរើ​តូប​លក់​ដូរ​ចេញ​ពី​ផ្សារ​ស្នឹង​ឲ្យ​អស់​នៅ​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មករា​នេះ។
ដោយ សុផល មុន្នី
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជីវករ​ឈ្មោះ ប៊ុន ថេត បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​មករា ថា អ្នក​លក់​ដូរ​ប្រមាណ​ជាង ៨០​នាក់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​បាន​លក់​ដូរ​នៅ​ទីតាំង​ផ្សារ​ចាស់។

លោក ប៊ុន ថេត បាន​ឲ្យ​ដឹង​ថា ៖ «អាជីវករ​បាន​ស្នើសុំ​មិន​ឲ្យ​រុះរើ​តួ​ផ្សារ​ចាស់​ហ្នឹង​ចេញ ក៏​ប៉ុន្តែ​ស្រុក​គេ​គ្រាន់​តែ​ថា គេ​នឹង​យក​សំណើ​ហ្នឹង​ដើម្បី​ទៅ​សុំ​ថ្នាក់​លើ​នៅ​ខេត្ត តើ​ខេត្ត​គេ​សម្រេច​យ៉ាង​ម៉េច?»

លោកស្រី នាង អាជីវករ​ម្នាក់​ទៀត​បាន​បន្ថែម​ថា ៖ «ខ្ញុំ​មិន​ចង់​ទៅ ព្រោះ​ខ្ញុំ​អត់​មាន​លុយ​បង់​តូប​គេ ហើយ​តម្លៃ​ខ្ពស់។ ពី​ដើម​គេ​ដាក់​តម្លៃ ៨០០​(ដុល្លារ) ឥឡូវ​គេ​ដាច់ ១​ពាន់»

អាជីវករ​ម្នាក់​ទៀត​បាន​ត្អូញត្អែរ​ដែរ​ថា ៖ «និយាយ​រឿង​ចេញ ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ព្រោះ​អី​រាល់​ថ្ងៃ​នេះ ខ្ញុំ​លក់​នៅ​ផ្សារ​ចាស់​នេះ គេ​មិន​យក​ទាំង​ថ្លៃ​កន្លែង​ថ្លៃ​អី​ផង ខ្ញុំ​រក​លុយ​សឹង​​តែ​មិន​បាន​ចិញ្ចឹម​កូន​ផង ហើយ​បើសិន​ជា​ខ្ញុំ​ទៅ​ផ្សារ​ថ្មី​ឯ​ណោះ តម្លៃ​រាប់​រយ​ដុល្លារ ហើយ​គិត​មើល​មើល៍ ខ្ញុំ​មាន​លុយ​ឯ​ណា​បង់!»

ផ្សារ​ស្នឹង​ស្ថិត​នៅ​ភូមិ​ស្នឹងលិច ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​តូប​លក់​ខោ​អាវ​និង​គ្រឿង​ទេស​ជាង ២០​តូប មាន​អាជីវករ​លក់​ដូរ​បន្លែ​ត្រី​សាច់​សរុប​ជាង ១០០​នាក់។

ក្រុម​អាជីវករ​ទាំង​នោះ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ឲ្យ​ទៅ​លក់​នៅ​កន្លែង​ថ្មី​មួយ​មាន​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ដែល​កំពុង​សាងសង់។

លិខិត​ជូន​ដំណឹង​របស់​លោក ស៊ិន បូរ៉ា មេ​ឃុំ​ស្នឹង ដែល​បាន​បិទ​ប្រកាស​នៅ​ក្នុង​ផ្សារ​ស្នឹង នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ បាន​កំណត់​ឲ្យ​ក្រុម​អាជីវករ​ផ្សារ​ស្នឹង​ទាំង​អស់​រុះ​រើតូប​ចេញ​ឲ្យ​អស់​ពី​ផ្សារ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​មករា​នេះ។

អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា ដី​ផ្សារ​ស្នឹង​បាន​បះ​ចំណី​ផ្លូវ​ជាតិ​លេខ​៥៧ ពី​បាត់ដំបង​ទៅ​ប៉ៃលិន​នៅ​សល់​ទំហំ​តូច តម្រូវ​ឲ្យ​មាន​ការ​ប្តូរ​ទីតាំង។ តែ​ក្រុម​អាជីវករ​ត្អូញត្អែរ​ថា ផ្សារ​ឯកជន​ថ្មី​ដែល​កំពុង​កសាង​នោះ តូប​នីមួយៗ​មាន​តម្លៃ​ថ្លៃ ពី ៨០០​ដុល្លារ ទៅ ១​ពាន់​ដុល្លារ។

លោក ម៉ិល សុផល មន្ត្រី​ភូមិបាល​ស្រុក​បាណន់ និង​ជា​ម្ចាស់​ដី បាន​មាន​ប្រសាសន៍​ថា ផ្សារ​កំពុង​សាងសង់​មាន ៧២​តូប និង​មាន​ផ្ទះ​ល្វែង​ហ៊ុម​ព័ទ្ធ​ជុំវិញ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​តម្លៃ​ទេ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ធ្លាប់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​និង​ធ្វើ​ការ​សម្រប​សម្រួល​ដោះស្រាយ​ជូន​ក្រុម​អាជីវករ។

លោក យិន ម៉េងលី មន្ត្រី​អង្គការ​អាដហុក បាន​ស្វាគមន៍​ចំពោះ​ការ​អភិវឌ្ឍ ប៉ុន្តែ​លោក​ស្នើ​ថា ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

ផ្សារ​ស្នឹង​ដែល​មាន​ផ្ទៃ​ដី​ទំហំ ៤០០​ម៉ែត្រ​ការ៉េ ក្រោយ​ពី​ការ​កាត់​ចូល​ចំណី​ផ្លូវ​ជាតិ​លេខ​៥៧ គឺ​ជា​អតីត​ទីតាំង​រោង​បាយ​កាល​ពី​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ក្រុម​អាជីវករ​ប្រមូល​ផ្តុំ​គ្នា​លក់​ដូរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល