អាជីវករ​នៅ​កំពត​​មក​សុំ​កិច្ចអន្តរាគមន៍​ពី​នាយករដ្ឋមន្រ្តី

ក្រុម​អាជីវករ​ផ្សារ​ឈូក​ជាង​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មករា បាន​នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយ​ទប់ស្កាត់​គម្រោង​សង់​តូប​ជិត​៥០​របស់​ក្រុមហ៊ុន​មួយ​នៅ​លើ​ទីធ្លា​ចំណត​យានយន្ត​នៅ​មុខ​ផ្សារ​ឈូក។
ដោយ អ៊ុក សាវបូរី
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​អាជីវករ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា មន្រ្តី​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី បាន​ចេញ​មុខ​អន្តរាគមន៍​ដោយ​បាន​ពន្យល់​ថា អភិបាល​ខេត្ត​នឹង​ដោះស្រាយ​ការ​តវ៉ា​របស់​អាជីវករ​នៅ​ថ្ងៃ​អង្គារ៍ ១៩ មករា​នេះ ៖ «មក​សុំ​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ពី​បញ្ហា​នៅ​មុខ​ផ្សារ ប៉ុន្តែ​ឥឡូវ​គាត់​ឲ្យ​ខុទ្ទកាល័យ​គាត់​ជួយ​ដោះស្រាយ​ឲ្យ​ហើយ ពេល​ទៅ​ស្អែក​ឲ្យ​គេ​មក​ដោះស្រាយ​ឲ្យ​នៅ​សាលា​ស្រុក​ឈូក​ហ្នឹង»

អ្នកស្រី វួច បូរ ដែល​រង​នូវ​ការ​ចោទ​លើ​បទ​បរិហារ​កេរ្តិ៍​ពី​ក្រុមហ៊ុន បាន​សំណូមពរ​ថា ៖ «គិត​ប៉ង​ពី​ផ្ទះ​មក​ថា​ជួប​សម្ដេច។ គាត់​ទូរស័ព្ទ​ឲ្យ​យើង​ឮ​ថា ស្អែក​ចាំ​មក​ដោះស្រាយ​ឲ្យ​នៅ​សាលាស្រុក​ឈូក។ រាង​ស្ងប​ចិត្ត​ហើយ ព្រោះ​សម្ដេច​ថា​អត់​ចូល​ចិត្ត​ធ្វើ​អី​បាំង​មុខ​ផ្សារ។ ខ្ញុំ​ថា លោកពូ! ខ្ញុំ​តុលាការ​កោះ​ហៅ ខ្ញុំ​ទៅ​វិញ​ច្បាស់​ជា​ជាប់​គុក​ហើយ គាត់​ថា ឲ្យ​តែ​ដោះស្រាយ​រឿង​ហ្នឹង​ចប់ អ្វីៗ​ចប់​ទាំង​អស់»

នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល ក្រុម​អាជីវករ​ផ្សារឈូក​ជាង​២០០​នាក់ បាន​សុខ​ចិត្ត​ត្រឡប់​ទៅ​លក់​ដូរ​វិញ​ក្រោយ​ពី​មន្រ្តី​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី​បាន​ពន្យល់​និង​សន្យា​ច្បាស់​លាស់​ថា អាជ្ញាធរ​ខេត្ត​នឹង​ចេញ​មុខ​ដោះស្រាយ​នោះ។

ក្រុម​អាជីវករ​ឲ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​ធ្វើ​ដំណើរ​មក​សុំ​កិច្ច​អន្តរាគមន៍​នៅ​ផ្ទះ​នាយករដ្ឋមន្រ្តី​ក្នុង​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ទប់​ស្កាត់​ពួកគាត់ ហើយ​ក្រុម​អាជីវករ​អ្នក​តវ៉ា​បាន​រត់​គេច ព្រមទាំង​ធ្វើ​ដំណើរ​ដោយ​លួច​លាក់​ទើប​មក​ដល់​ភ្នំពេញ​នា​ទៀប​ភ្លឺ​ថ្ងៃ​ច័ន្ទ ទី​១៨ មករា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល