ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​ស្វែងរក​អន្តរាគមន៍​ដើម្បី​បាន​លក់​ដូរ​បន្ត​ទៀត

ក្រុម​អាជីវករ និង​ប្រជា​ពលរដ្ឋ​ជាង ៦០​គ្រួសារ បាន​នាំគ្នា​តវ៉ា​រក​អន្តរាគមន៍​ពី​មន្ត្រី​ជាន់​ខ្ពស់ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ពួក​គាត់​បាន​ធ្វើ​អាជីវកម្ម​លក់​ដូរ​បន្ត​ទៀត ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បណ្ដេញ​ពួក​គាត់​ចេញ និង​លែង​ឲ្យ​បន្ត​ធ្វើ​អាជីវកម្ម​នៅ​ឯ​ឆ្នេរ​អូត្រេះ ក្នុង​សង្កាត់​លេខ​៤ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ។
ដោយ មុំ សុផុន
2010-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៤-មីនា-២០១០: ​ទេសចរ​សម្រាក​លម្ហែ​កាយ​នៅ​ឆ្នេរ​អូរត្រេះ ក្នុង​ខេត្ត​ព្រះសីហនុ
៤-មីនា-២០១០: ​ទេសចរ​សម្រាក​លម្ហែ​កាយ​នៅ​ឆ្នេរ​អូរត្រេះ ក្នុង​ខេត្ត​ព្រះសីហនុ
Photo: RFA

អ្នកស្រី អេង ផានិត ជា​អាជីវករ​លក់​ដូរ​នៅ​ឯ​ឆ្នេរ​អូត្រេះ បាន​ថ្លែង​ថា ពួក​គាត់​ជា​អាជីវករ​ដែល​លក់​ដូរ នៅ​តំបន់​ឆ្នេរ​អូត្រេះ គឺ​បាន​រក​អន្តរាគមន៍​ពី​សាលា​ខេត្ត ក៏ប៉ុន្តែ​មកដល់​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ សម្រាប់​ក្រុម​អាជីវករ​ទាំងអស់​នោះ។ អ្នកស្រី​បាន​បន្ថែម​ថា ក្រុមហ៊ុន​បាន​ទុក​ឱកាស​ចុង​ក្រោយ​សម្រាប់​ពួកគាត់ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១០ ដើម្បី​រុះរើ​តូប​លក់​ដូរ​ចេញ​ពី​តំបន់​នោះ។

អាជីវករ​ម្នាក់​ទៀត គឺ​លោក អ៊ុក សីហា បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ក្រុម​អាជីវករ​ចង់​ពន្យារ​ពេល​ដើម្បី​បន្ត​លក់​ដូរ​នៅ​តំបន់​នោះ ប៉ុន្តែ​ក្រុមហ៊ុន អូត្រេះ អ៊ិនវេសស្មេន បាន​បង្ខំ​ឲ្យ​ក្រុម​អាជីវករ​ចេញ ដោយ​មិន​មាន​សំណង។

លោក អ៊ុក សីហា បាន​បញ្ជាក់​ថា ៖ «ចង់​បាន​ការ​ពន្យារ​ពេល​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ អាជីវករ​ទាំង​អស់​ចង់​បាន​អ៊ីចឹង ពីព្រោះ​ដើម្បី​ឲ្យ​បាន​ដើមទុន​មក​វិញ​ខ្លះ។ អ្នក​ខ្លះ​ចំណាយ និង​ចង​ការ​លុយ ដូច​អេស៊ីលីដា ដូច​អី​អ៊ីចឹង វា​អស់​ច្រើន! អ៊ីចឹង​បន្ទាប់​ពី ៥​ឆ្នាំ​ហ្នឹង ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុខ​ចិត្ត​ដើរ​ចេញ​ដោយ​ឥត​សំណង រុះរើ​អី​គឺ​ស្ម័គ្រចិត្ត​តែម្ដង!»

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ផៃ ផាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​មាន​កិច្ច​ប្រជុំ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជា​ពលរដ្ឋ ហើយ​អ្វី​ដែល​អាជ្ញាធរ​អនុវត្ត​នោះ គឺ​តាម​បញ្ជា​ពី​ថ្នាក់​លើ។

លោក ផៃ ផាន បាន​ថ្លែង​ថា ៖ «ធ្វើ​ម៉េច ខ្ញុំ​ចេះ​តែ​មាន​ការ​អាណិត​ចំពោះ​ប្រជា​ពលរដ្ឋ​ហើយ! ប៉ុន្តែ​ជា​គោលការណ៍​ខ្លះ យើង​ត្រូវ​គោរព​ឋានានុក្រម​ខាង​លើ​ដែរ យើង​ចៀស​មិន​ផុត!»

លោក​អភិបាល​រង​មាន​ប្រសាសន៍​បន្ត​ថា ក្រុម​អាជ្ញាធរ​កំពុង​ជួប​ការ​ស្មុគស្មាញ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​គោរព​ច្បាប់ ក៏​ប៉ុន្តែ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នោះ គឺ​មិនបាន​ធ្វើ​តាម​គោលការណ៍​ដែល​អាជ្ញាធរ​បាន​ណែនាំ​ឡើយ ដូច​ជា​ការ​សង់​អគារ​ផ្សេង​ៗ​នៅ​តាម​ឆ្នេរ​ជាដើម​នោះ។

មន្ត្រី​សម្រប​សម្រួល​អង្គការ លីកាដូ ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ លោក បួន ណារិទ្ទ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​គួរតែ​មាន​ផលប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ ជាជាង​បាន​ទទួល​ប្រយោជន៍​តែ​ក្រុមហ៊ុន​ឯកជន​តែ​ម្នាក់​ឯង​នោះ។

ក្រុមហ៊ុន អូត្រេះ អ៊ិនវេសស្មេន បាន​ទទួល​សិទ្ធិ​អភិវឌ្ឍ​ឆ្នេរ​អូត្រេះ​ប្រវែង ១៥០០​ម៉ែត្រ ក្នុង​ចំណោម​ឆ្នេរ​ដែល​មាន​ប្រវែង ៣​ពាន់​ម៉ែត្រ កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល