ស្ថានភាព​អ្នក​រង​របួស​ពី​ហេតុការណ៍​នៅ​កោះ​ពេជ្រ

ស្ថានភាព​អ្នក​គ្រោះថ្នាក់​ដោយ​ឧបទ្ទវហេតុ​ផ្អើល​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំ​ទូក រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជាង​១​សប្ដាហ៍​កន្លង​ទៅ​ហើយ ដោយ​អ្នក​រង​គ្រោះ​ទាំង​នោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​តាម​មន្ទីរពេទ្យ​នានា ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ឡើយ។
ដោយ ខែ សុណង
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូពេទ្យ​ព្យាបាល​របួស​ដល់​អ្នក​ជំងឺ​ដែល​រង​គ្រោះ​ដោយសារ​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
គ្រូពេទ្យ​ព្យាបាល​របួស​ដល់​អ្នក​ជំងឺ​ដែល​រង​គ្រោះ​ដោយសារ​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
RFA/Khe Sonorng

មន្ត្រី​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អ្នក​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នោះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ ដោយ​អ្នក​ខ្លះ​មាន​ស្ថានភាព​ល្អ​បង្គួរ​ហើយ ក៏​ប៉ុន្តែ​ខ្លះ​ទៀត​ក៏​មិន​អាច​ប៉ាន់​ស្មាន​បាន​ថា នឹង​មាន​វាសនា​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​មន្ទីរពេទ្យ​ព្រះកេតុមាលា បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ មាន​អ្នក​រង​របួស​ដែល​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤៣​នាក់ រី​ឯ​ស្ថានភាព​ជំងឺ​របស់​អ្នក​ទាំង​នោះ អនុ​ប្រធាន​មន្ទីរពេទ្យ​ព្រះកេតុលាមា លោក​វេជ្ជបណ្ឌិត សោម សម្បត្តិ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​របួស ២៩​នាក់ ដែល​លោក​ទទួល​ព្យាបាល​តាំង​ពី​ថ្ងៃ​គ្រោះថ្នាក់​ដំបូង ក្នុង​នោះ​មាន​ស្លាប់ ៣​នាក់ និង​មួយ​ចំនួន​បាន​ចេញ​ទៅ​វិញ​ហើយ និង​មាន​ម្នាក់​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ មាន​ឈាម​ហូរ​ដក់​នៅ​ក្នុង​ខួរ​ក្បាល។

លោក​វេជ្ជបណ្ឌិត សោម សម្បត្តិ បន្ត​ទៀត​ថា ៖ «បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ចូល​មក គឺ​គ្រាន់​បើ​មែន​ទែន ឃើញ ៥០% គឺ​គាត់​និយាយ​បាន​អី​បាន គឺ​របៀប​មិន​គ្រប់​លក្ខណៈ តែ​គាត់​ចេះ​តែ​និយាយ ពី​មុន​មក​គាត់​ស្ងៀម»

ទាក់ទង​ទៅ​បញ្ហា​ស្រដៀង​គ្នា​នេះ ប្រធាន​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ហៅ​មន្ទីរពេទ្យ​លោក​សង្ឃ លោក​វេជ្ជបណ្ឌិត តេង សឿន មាន​ប្រសាសន៍​ថា នៅ​ឯ​មន្ទីរពេទ្យ​របស់​លោក មាន​អ្នក​ជំងឺ​ចេញ​ទៅ​ផ្ទះ​តិចតួច​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ក៏​កំពុង​ទទួល​អ្នក​គ្រោះថ្នាក់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នេះ​ជា​បន្ត​បន្ទាប់ ដែល​ទើប​មក​សុំ​ឲ្យ​ព្យាបាល​សរុប​ទាំង​អស់​មាន​ចំនួន ២០៦​នាក់។

លោក​វេជ្ជបណ្ឌិត តេង សឿន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «មួយ​ចំនួន​ធូរ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ដែល​សល់​ពី​ថ្ងៃ​ទី​២២-​២៣ (វិច្ឆិកា) ជាក់​ស្ដែង​នោះ អ្នក​ខ្លះ​គ្នា​ធ្ងន់។ ខ្ញុំ​សូម​ជម្រាប​ថា កិន​ដោយ​សង្កត់​ច្រើន​ជួរ​ច្រើន​ជាន់»

ប្រធាន​ផ្នែក​អគារ​វះ​កាត់​ឆ្អឹង និង​របួស​គ្រាំគ្រា​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ លោក​វេជ្ជបណ្ឌិត ដួង ប៊ុណ្ណ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​គ្រោះថ្នាក់​នៅ​កោះ​ពេជ្រ ដែល​លោក​គ្រប់គ្រង​មាន​ចំនួន ៥២​នាក់ ក្នុង​នោះ ៣០​នាក់​លោក​បាន​ធ្វើ​ការ​វះ​កាត់​រួច​ហើយ ដែល​ការ​វះ​កាត់​នោះ​មាន​ដូច​ជា វះ​ដៃ វះ​ភ្លៅ និង​វះ​កំភួន​ជើង។

កញ្ញា ប៉ង់ ស្រីពៅ ដែល​រង​គ្រោះ​ថ្នាក់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បាន​រៀបរាប់​ថា នាង​បាន​ធូរ​ស្បើយ​បន្តិច​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​បាន​មួយ​សប្ដាហ៍​កន្លង​មក​នេះ ៖ «ខ្ញុំ​ត្រូវ​ឆ្អឹងជំនីរ ហើយ​ខ្លួន​មុខ​មាត់​គេ​សង្កត់​ផង ហើយ​ជាន់​ផង ជើង​ខ្ញុំ​រឹង​មួយ​ចំហៀង​ដើរ​អត់​ចង់​រួច​រៀង​អូសៗ»

នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត​វិញ មន្ត្រី​ទទួល​បន្ទុក​ទិន្នន័យ​អ្នក​គ្រោះថ្នាក់​នៅ​កោះ​ពេជ្រ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ថា ក្នុង​មន្ទីរពេទ្យ​នេះ​មាន​អ្នក​ជំងឺ​កំពុង​ព្យាបាល​នៅ​សល់​ចំនួន ១៣៨​នាក់ ក្នុង​ចំណោម​អ្នក​របួស ២៦១​នាក់ មាន ២​នាក់​ស្លាប់ និង ១២១​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក៏ប៉ុន្តែ​ស្ថានភាព​អ្នក​ជំងឺ​យ៉ាង​ណា​នោះ ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​នៃ​មន្ទីរពេទ្យ​នេះ បាន​បដិសេធ​មិន​ផ្ដល់​សម្ភាសន៍​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី សុក ស៊ុន រស់​នៅ​ខេត្ត​ស្វាយរៀង ដែល​កំពុង​មើល​ថែ​កូន​ប្រុស​ឈ្មោះ សេក សាមឿន អាយុ ២២​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​រៀបរាប់​ពី​អាការៈ​ជំងឺ​របស់​កូន​របស់​គាត់​ដូច្នេះ ៖ «គេ​សង្កត់​ជើង​ត្រឹម​ជើង​ទៅ​ក្រោម ប៉ះ​ពាល់​ដល់​ពោះវៀន ឥឡូវ​បត់​ជើង​មក​ឈាម»

អនុ​ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ហៅ​ពេទ្យ រុស្សី លោក ហេន រ៉ាម៉ានី បាន​ថ្លែង​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា មន្ទីរពេទ្យ​នេះ​មាន​អ្នក​របួស ៥៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល។ អ្នក​ជំងឺ ៧០% គឺ​សុទ្ធ​សឹង​តែ​ក្រំ​ក្នុង​រាងកាយ ៖ «ស្ថានភាព​ជំងឺ​យើង​ឃើញ​ថា មាន​ភាព​ធូរ​ស្រាល​ច្រើន យើង​អត់​ទាន់​មាន​គោលការណ៍​ចេញ​ទៅ​ផ្ទះ​ទេ​ឥឡូវ​ហ្នឹង ពីព្រោះ​ក្រសួង​អត់​ទាន់​មាន​បទ​បញ្ជា គឺ​ឲ្យ​សម្រាក​ព្យាបាល​សិន»

សេចក្តី​ជូន​ដំណឹង​ជា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដោយ​សម្រេច​លទ្ធផល​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​រត់​ជាន់​គ្នា​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ​នោះ បាន​កើន​ឡើង​ចំនួន ៤​នាក់​ទៀត គឺ​កើន​ដល់ ៣៥១​នាក់ ក្នុង​នោះ​ប្រុស ១២៩​នាក់ និង​ស្រី ២២២​នាក់។ រី​ឯ​ចំនួន​អ្នក​របួស​នៅ​មាន​ចំនួន ៣៩៥​នាក់​ដដែល។ ចំនួន​នេះ​បាន​ថយ​ចុះ​ជាង​ការ​ប្រកាស​លើក​មុនៗ ដែល​ថា អ្នក​ស្លាប់ និង​អ្នក​របួស​ជិត​ដល់ ១​ពាន់​នាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល