តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់​អ្នក​ភូមិ​ម្នាក់​ពី​បទ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​ឧសភា​កន្លង​ទៅ​នេះ បាន​ចោទ​ប្រកាន់​បុរស​ម្នាក់ អាយុ ៣៨​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វាលតាភូ ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ពី​បទ​កាប់​បំផ្លាញ​ព្រៃ​ឈើ តាម​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​អភិរក្ស​ព្រៃ​ក្នុង​ខេត្ត​កោះកុង។
ដោយ មុំ សុផុន
2010-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំបន់​ព្រៃ​កោងកាង​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង
តំបន់​ព្រៃ​កោងកាង​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង
RFA File

លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ រួម​ទាំង​រូបថត​ដែល​ជា​វត្ថុ​តាង​ផង​នោះ តុលាការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​បុរស​ឈ្មោះ ហឹន ហេន ​នោះ​តែ​ម្ដង។

លោក ស្រី ម៉ាក់នី បាន​បញ្ជាក់​ថា ៖ «មើល​របាយការណ៍​ហ្នឹង ចម្លើយ​សារភាព​គាត់ គឺ​គាត់​បាន​ទៅ​កាប់​ព្រៃ​នៅ​តំបន់​ហ្នឹង តំបន់​របស់​គេ​អភិរក្ស ដើម្បី​ធ្វើ​ស្រែ ធ្វើ​អី​ហ្នឹង! ឥឡូវ​គេ​មើល​ឃើញ​អ៊ីចឹង ចោទ​ប្រកាន់​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត​មើល​សិន។ ខ្ញុំ​បញ្ជូន​ទៅ​ដល់​ចៅក្រម​ស៊ើប​ហើយ។ ខ្ញុំ​មើល​ទៅ គេ​ចាប់​បាន​ជាក់ស្ដែង​នៅ​ហ្នឹង​ណា៎! វត្ថុ​តាង​អី មាន​ការ​កាប់​ព្រៃ រូបថត​អី ក៏​យើង​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ!»

ក្រុម​គ្រួសារ​របស់​ជន​ជាប់​ចោទ​បាន​ទាមទារ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ហឹន ហេន ដោយសារ​តែ​បុរស​រូប​នោះ​ជា​មនុស្ស​មាន​ជំងឺ​សរសៃ​ប្រសាទ។

លោក ប្រាក់ ភាព អាយុ ៥៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វាលតាភូ ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ជា​ក្រុម​គ្រួសារ​របស់​ជន​ជាប់​ចោទ មាន​ប្រសាសន៍​ថា បុរស​ឈ្មោះ ហឹន ហេន មិន​បាន​ទៅ​កាប់​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក ប្រាក់ ភាព បាន​ឲ្យ​ដឹង​ថា ៖ «អត់​មាន​កាប់​ព្រៃ​ឯ​ណា! ដល់​ពេល​ហ្នឹង​ទៅ គេ​ល្បួង​ថា ឲ្យ​យើង​ឆ្លើយ​ថា អ៊ីចេះ អ៊ីចុះ​អ៊ីចឹង​ទៅ! គេ​អត់​យក​ទោស​យក​ពៃរ៍​អី! ហើយ​មនុស្ស​វា​មិន​សូវ​គ្រប់ អ៊ីចឹង​គេ​ចេះ​តែ​ឆ្លើយ​ទៅ ហើយ​គេ​បបួល​ជិះ​ម៉ូតូ ជិះ​អី​អ៊ីចឹង​ទៅ ថា ពូ​ឯង​ទៅ​ជាមួយ​ខ្ញុំ​មួយ​ភ្លែត​ទៅ បន្តិច​ខ្ញុំ​ឲ្យ​មក​វិញ! ក៏​ចេះ​តែ​ទៅ​ជាមួយ​គេ គេ​យក​ទៅ​ដល់​ខេត្ត​តែម្ដង! ហើយ​វា​ចាប់​អ៊ីចឹង អត់​មាន​មូលហេតុ​ធំដុំ​សោះ! បើ​ថា ឃើញ​កាប់​ព្រៃ​អី​អ៊ីចឹង​ទៅ មាន​កំហុស​ទៅ ខ្ញុំ​ក៏​មិន​ថា​ដែរ! ឥឡូវ​តូច​ចិត្ត​ណាស់ ដូច​ថា វា​រំលោភ​សិទ្ធិ​ប្រជាជន​ខ្លាំង​ពេក មក​គំរាម​កំហែង ចង់​ចាប់​កន្លែង​ណា​ក៏​បាន ស្រេច​តែ​ចិត្ត​វា!»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើប​អង្កេត​ដែល​មាន​តួនាទី​ពិនិត្យ និង​អង្កេត​មើល​ថា តើ​ឈ្មោះ ហឹន ហេន ពិត​ជា​បាន​កាប់​ឈើ​តាម​ការ​ចោទ​របស់​ព្រះរាជអាជ្ញា​មែន ឬ​យ៉ាង​ណា​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល