ពលរដ្ឋ​នៅ​កោះរុង ទាមទារ​ឲ្យ​បក្ស​ប្រជាជន​គោរព​ពាក្យ​សន្យា

ក្រុម​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស សម រង្ស៊ី នៅ​សង្កាត់​កោះរុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២ ប្រតិកម្ម និង​ទាមទារ​ឲ្យ​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​កោះរុង គោរព​ពាក្យ​សន្យា​ថា ផ្ដល់​ស័ង្កសី​ចំនួន ២០​សន្លឹក ក្នុង​មួយ​គ្រួសារ ដល់​គ្រួសារ​ក្រីក្រ​ប្រមាណ ២០​គ្រួសារ នៅ​ភូមិ​ព្រៃស្វាយ សង្កាត់​កោះរុង។
ដោយ ជិន ជេដ្ឋា
2012.06.30

ប្រជាពលរដ្ឋ និង​ជា​សកម្មជន​គណបក្ស សម រង្ស៊ី សង្កាត់​កោះរុង ឈ្មោះ ហែម ឡាន់ លោក​មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កោះរុង ចំនួន​ពីរ​នាក់ គឺ​ឈ្មោះ ចន្ថា និង​ឈ្មោះ លាង បាន​ចុះ​មក​ដល់​ភូមិ​ព្រៃស្វាយ ដើម្បី​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ដោយ​សន្យា​ផ្ដល់​ស័ង្កសី និង​សម្ភារៈ​ទិញ​ទឹក​ចិត្ត​មួយ​ចំនួន​ទៀត៖ «បើ​សិន​ណា​មិន​ភូត​កុហក សូម​ធ្វើ​ឲ្យ​តាម​ទៅ ព្រោះ​ប្រជាជន​នេះ​សុទ្ធ​អ្នក​ក្រីក្រ​ណាស់ ខ្ញុំ​ក៏​ស្រលាញ់​ប្រជាជន​យើង ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ យក​លុយ​មួយ​រយ សារុង​មួយ។ ជួន​កាល ប៊ីចេង​យក​មក​ឲ្យ​គ្នា ហើយ​បួន​ប្រាំ​ឆ្នាំ បាន​ឲ្យ ដល់​រៀប​បោះ​ឆ្នោត តាំង​ធ្វើ​អីចឹង​ទៀត»

បន្ថែម​ពី​លើ​នេះ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ សុខ ភ័ណ្ឌ បង​ស្រី​មាន​ប្រសាសន៍​ថា នៅ​មុន​ពេល​បោះ​ឆ្នោត​ពីរ​ថ្ងៃ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កោះរុង មក​ពី​គណបក្ស​ប្រជាជន បាន​ប្រមូល​ប្រជាពលរដ្ឋ​ប្រជុំ និង​បាន​ដើរ​ប្រាប់​តាម​ផ្ទះ​ថា នឹង​ផ្ដល់​ស័ង្កសី​ចំនួន​២០​សន្លឹក​ក្នុង​មួយ​គ្រួសារ ប្រសិន​បើ​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត៖ «ឈ្មោះ​ពូ លាង មួយ ហើយ​ពូ ចន្ថា មួយ កាល​ហ្នឹង​គេ​ថា ជួយ​បោះ​ឆ្នោត​ឲ្យ​គេ​ជាប់​ទៅ គេ​ថា​ឲ្យ​ស័ង្កសី​២០​សន្លឹក​មួយ​គ្រួសារ ឥឡូវ​អត់​ឃើញ បាត់​ឈឹង​មក»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ចៅសង្កាត់​លោក ឌុច សុខុម និង​ចៅសង្កាត់​រង​ទី១ លោក អួង និត ព្រម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កោះរុង ផ្សេង​ទៀត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បកស្រាយ​លើ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២។

មន្ត្រី​សម្រប​សម្រួល​អង្គការ ខុមហ្រ្វែល (Comfrel) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី អ្នកស្រី​មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​ដែល​យក​លុយ​កាក់ ឬ​សម្ភារៈ​ផ្សេងៗ ដើម្បី​ឲ្យ​ប្រជាជន​បោះ​ឆ្នោត​ឲ្យ គឺ​ខុស​ទៅ​នឹង​បទ​បញ្ជា និង​នីតិវិធី​បោះ​ឆ្នោត ប្រការ​ទី៨.១៣.៧។ ប៉ុន្តែ​បទ​ល្មើស​នេះ គ្រាន់​តែ​ពិន័យ​រដ្ឋបាល​ប៉ុណ្ណោះ។

អ្នកស្រី ជាប សុធារី៖ «បោះ​ឆ្នោត​នៅ​ស្រុក​ខ្មែរ​ភាគ​ច្រើន គណបក្ស​ដែល​គេ​មាន​លទ្ធភាព គឺ​គេ​ទៅ​ឃោសនា គេ​ផ្ដល់​ជា​សម្ភារៈ ឬ​ក៏​ជា​លុយ​កាក់​ដល់​អ្នក​បោះ​ឆ្នោត។ អីចឹង​គេ​បាន​ទទួល​សំឡេង​ឆ្នោត​ច្រើន​ពី​អ្នក​គាំទ្រ។ យើង​និយាយ​ពី​ទោស​វិញ វា​អត់​មាន​ទោស​ព្រហ្មទណ្ឌ​ទេ វា​មាន​ជា​ពិន័យ​រដ្ឋបាល។ ប៉ុន្តែ បើ​សិន​ជា​ថា​គាត់​សន្យា​អីចឹង​ហើយ គាត់​អត់​បាន​ផ្ដល់​ឲ្យ​តាម​ការ​សន្យា វា​អត់​មាន​ចែង​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ថា​ការ​ទៅ​ឃោសនា​អីចឹង យើង​ប្ដឹង​គេ​ជា​បទ​ឆបោក វា​មិន​ត្រូវ»

សង្កាត់​កោះរុង គឺ​ជា​សង្កាត់​មួយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត និង​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ទឹក។ សង្កាត់​នេះ មាន​ប្រជាពលរដ្ឋ​រស់​នៅ​សរុប ២.៣០៧​នាក់ ហើយ​មាន​អ្នក​គ្រប់​អាយុ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ មាន​ចំនួន ១.៥២០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។