អ្នក​ស្រុក​សេសាន​ត្រូវ​ការ​ធុង​ចម្រោះ​ទឹក​ស្អាត​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ជា​បន្ទាន់

កន្លង​មក​មាន​ការ​ចែក​ធុង​ទឹក​ស្អាត​ឲ្យ​អ្នក​ភូមិ​ខ្លះ​ដែរ តែ​ចែក​ឲ្យ​តែ​អ្នក​មាន​ធុង​ហើយ ចំណែក​អ្នក​ដែល​មិន​ទាន់​មាន​ធុង​ចម្រោះ​នៅ​តែ​អត់​ដដែល ​នៅ​ពេល​នេះ​អ្នក​ស្រុក​ប្រើ​​ទឹក​ទន្លេ​ល្អក់​ឡើង​ពណ៌​ក្រហម​កំពុង​ឆ្លង​រោគ និង​មាន​ជំងឺ​យ៉ាង​ខ្លាំង​។
ដោយ គង់ យុទ្ធនា
2010.01.27
ទន្លេ​សេសាន ៣០៥ ១៦-មករា-២០១០: ទន្លេ​សេសាន ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង
RFA/Uon Chhin

អ្នក​ស្រី ចៅ ចន្ថា ប្រធាន​សហគមន៍​គ្រប់គ្រង​ធនធាន​ទឹក ភូមិ​បានម៉ៃ ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង មាន​ប្រសាសន៍​ថា មណ្ឌល​សុខ​ភាព​បាន​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ភូមិ​បានម៉ៃ បាន​បង្ក​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ដោយសារ​ថា មេភូមិ​បាន​ផ្តល់​​ឈ្មោះ​​សម្រាប់​ការ​ទទួល​ធុង​នោះ​តម្រូវ​ឲ្យ​ចែក​ជូន​ចំពោះ​អ្នក​ដែល​មាន​ធុង​រួច​ហើយ​នោះ​ម្តង​ទៀត។ រីឯ​អ្នក​ភូមិ​ដទៃ​ជា​ច្រើន​មិន​ទាន់​មាន​ធុង​មិន​ត្រូវ​បាន​គេ​ចែក​ឲ្យ​សោះ។

ប្រធាន​សហគមន៍​គ្រប់គ្រង​ធនធាន​ទឹក អ្នក​ស្រី ចៅ ចន្ថា បាន​បញ្ជាក់​ថា ៖ «គេ​ថា មណ្ឌល​សុខភាព​បើក​ធុង​ចម្រោះ​ឲ្យ ឥឡូវ​ប្រជាជន​ប្រតិកម្ម​នៅ​ក្នុង​ភូមិ​ហ្នឹង អ្នក​ដែល​បាន​ម្តង​ហើយ​ឥឡូវ​ហ្នឹង​បើក​ម្តង​ទៀត។ តើ​គេ​ធ្វើ​ហ្នឹង​គេ​ធ្វើ​ដើម្បី​ស្អី? ឥឡូវ​ប្រជាជន​ថា គេ​ក៏​ប្រើប្រាស់​ទឹក​ទន្លេ​ដែរ អ្នក​ដែល​បាន​ហើយ​គួរ​តែ​ផ្អាក​ឲ្យ»

កាល​ពី​ថ្ងៃ​ទី ៦​មករា មណ្ឌល​សុខភាព​ឃុំ​កំភុន បាន​ចែក​ធុង​ចម្រោះ​ទឹក​ចំនួន ៦ ទៅ​ឲ្យ​អ្នក​ភូមិ​បានម៉ៃ​ តាម​បញ្ជី​ឈ្មោះ​ដែល​ផ្តល់​ដោយ​មេភូមិ។ ភូមិ​នេះ​បាន​ទទួល​ធុង​ចម្រោះ​ទឹក​ជា​លើក​ទី​២ បន្ទាប់​ពី​អង្គការ ឌីភីអេ (DPA) បាន​ចែក​ចំនួន ២០​ធុង កាល​ពី​ឆ្នាំ​កន្លង​ទៅ។

អ្នក​ភូមិ​បាន​ម៉ៃ​ជា​ច្រើន​នាក់​បាន​អំពាវនាវ​ថា សុំ​ឲ្យ​មាន​ការ​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​បន្ថែម​ទៀត​ ហើយ​សុំ​ឲ្យ​ការ​ចែក​ធុង​ត្រូវ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌​កុំ​ចែក​ឲ្យ​តែ​គ្នី​គ្នា​ឯង​ដដែលៗ​ ឯ​អ្នក​ក្រីក្រ​ជា​ច្រើន​ទៀត​នៅ​តែ​មិន​ចែក​ឲ្យ​ដូច្នេះ​។

ទាក់​ទង​ទៅ​នឹង​បាតុភាព​ស្តី​ពី​ការ​ចែក​ធុង​ចម្រោះ​ទឹក​មិន​បាន​ត្រឹម​ត្រូវ​នេះ​លោក ប៊ូ កែវ​សុវណ្ណ អភិបាល​ស្រុក​សេសាន​បាន​ទទួល​ស្គាល់​ថា វា​អាច​មាន​ករណី​ចែក​ឲ្យ​ទៅ​លើ​អ្នក​ទទួល​ម្តង​រួច​ហើយ​នោះ​មែន។ ដូច្នេះ​លោក​នឹង​សួរ​មន្រ្តី​ទាំង​នោះ​ថា តើ​វា​មក​ពី​ហេតុអី្វ ឬ​មួយ​ក៏​អ្នក​ដែល​ទទួល​ម្តង​ទៀត​នោះ​គេ​មិន​ថែទាំ​ធ្វើ​ឲ្យ​វា​ខូច​ខាត ឬ​យ៉ាង​ម៉េច​បាន​ជា​ត្រូវ​ចែក​ឲ្យ​ម្តង​ទៀត​បែប​នេះ។

លោក​អភិបាល​ស្រុក​សេសាន​បាន​បន្ត​ថា ក្នុង​ឆ្នាំ ២០១០​នេះ​ ខាង​ផ្នែក​អភិវឌ្ឍ​ន៍​ជន​បទ​នឹង​ចែក​ធុង​ទឹក​ស្អាត​បន្ថែម​ទៀត​ដល់​អ្នក​ភូមិ​ទូទាំង​ស្រុក​សេសាន​ ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ទន្លេ​សេសាន​ផង​ដែរ។

លោក​អភិបាល​ស្រុក​រូប​នោះ​បាន​បន្ថែម​ថា ៖ «ចំពោះ​ធុង​ចម្រោះ​ហ្នឹង! ខ្ញុំ​គិត​ថា​ មិន​ទាន់​គ្រប់​គ្រាន់​ទេ​បាទ! បើ​យើង​គិត​ចំនួន​គ្រួសារ​ប្រជាជន​យើង​ឃើញ​ថា នៅ​ខ្វះ​ច្រើន​»

ប្រធាន​សហគមន៍​ធនធាន​ទឹក​ភូមិ​ស្វាយ​រៀង ឃុំ​តាឡាត លោក បៃ ថងញ៉ុត បាន​អំពាវនាវ​ដែរ​ថា ប្រជាជន​នៅ​ភូមិ​ស្វាយរៀង​ទាំង​អស់​មិន​មាន​ធុង​ចម្រោះ​ទឹក​ស្អាត​ទាល់​តែ​សោះ​ ហើយ​ក៏​មិន​ដែល​ទទួល​បាន​ជំនួយ​នេះ​ម្តងណា​ឡើយ។ ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​អង្គការ​នានា និង​រដ្ឋាភិបាល មេត្តា​ជួយ​ផ្តល់​ធុង​ចម្រោះ​ទឹក​ដល់​អ្នក​ភូមិ​ស្វាយ​រៀង​ផង។

ប្រធាន​សហគមន៍ លោក បៃ ថងញ៉ុត បាន​អំពាវនាវ​ដូច្នេះ​ថា ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ ហើយ​ឲ្យ​អង្គការ​នានា​ឲ្យ​គាត់​ជួយ​ធុង​ចម្រោះ​ទឹក តាម​គ្រួសារ​អត់​មានទេ»

មក​ទល់​ពេល​នេះ​ទឹក​ទន្លេ​សេសាន​នៅ​តែ​បន្ត​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ដល់​អ្នក​ភូមិ និង​សត្វ​ពាហនៈ​ដដែល។ គោ មាន់ ទា នៅ​បន្ត​ងាប់​រាល់​ថ្ងៃ​ ពិសេស​អ្នក​ភូមិ​ស្វាយរៀង នៅ​តែ​កើត​ជំងឺ​​រាករូស និង​រមាស់​រហូត​មក​ដល់​ថ្ងៃ​នេះ​គ្មាន​មន្រ្តី​ផ្នែក​សុខាភិបាល​ណា​ម្នាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ពិនិត្យ និង​ជួយ​សង្រ្គោះ​នៅ​ឡើយ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។