ការទាមទារនេះបានធ្វើឡើងនៅមុខតុលាការខេត្តបាត់ដំបងបន្ទាប់ពីបាននាំគ្នាចេញពីលំនៅឋាននៅចំណុចអណ្តូងកន្ទួច ឃុំដូនបា ស្រុកគាស់ក្រឡ កាលពីព្រលប់ថ្ងៃអាទិត្យម្សិលមិញ។
លោកស្រី ហ៊ួន បួន និងអ្នកភូមិជាច្រើននាក់ទៀតបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែមករា ថា ៖ «សុំតំណាងប្រជាពលរដ្ឋវិញឈ្មោះ ហ៊ុន សេងលី ដែលតុលាការចាប់ដាក់ពន្ធនាគារ។ ហើយប្រជាពលរដ្ឋ៤១៥គ្រួសារអត់មានដឹងថា គាត់មានទោសកំហុសអីផងអត់បានឃើញគាត់ដុតផ្ទះ លួចគោលួចក្របីផង»។
ក្រុមអ្នកភូមិបានឲ្យដឹងថា លោក ហ៊ុន សេងលី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នំា២០០៨ នៅមុខក្រសួងការពារជាតិដោយរងការចោទប្រកាន់ពីបទប្លន់បង្ករបួសស្នាមនិងបង្កអគ្គិភ័យពីសំណាក់ លោក សោម វណ្ណធឿន ជាមន្ត្រីជំនួយការអធិការកិច្ចនៃក្រសួងការពារជាតិនិងបក្សពួកដទៃទៀតទាក់ទិនទៅនឹងទំនាស់ដីធ្លីនៅចំណុចអណ្តូងកន្តួច ឃុំដូនបា ស្រុកគាស់ក្រឡ កាលពីអំឡុងឆ្នាំ២០០៨។
លោកព្រះរាជអាជ្ញារង គូយ កាន់យ៉ា និងប្រធានតុលាការខេត្តបាត់ដំបង លោក នូវ យ៉ារ័ត្ន ក្រោយមានតវ៉ារបស់អ្នកភូមិបានឲ្យតំណាងអ្នកភូមិចូលជួប ប៉ុន្តែមិនបានយល់ព្រមតាមសំណើទាមទាររបស់អ្នកភូមិទេ។
លោក ថារិទ្ធ ដែលបានចូលជួបជាមួយតុលាការបានថ្លែងថា ទាំងព្រះរាជអាជ្ញារងនិងប្រធានតុលាការបានបដិសេធចោលការទាមទាររបស់អ្នកភូមិ ហើយបញ្ជាក់ថាឲ្យអ្នកភូមិរង់ចាំស្ដាប់ការបើកសវនាការនៅថ្ងៃទី៦ ខែកុម្ភៈខាងមុខ។
លោក ស៊ុន តឹត ប្រធានសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបងបានថ្លែងថា អ្នកភូមិទាំងអស់គួរវិលត្រឡប់ទៅគេហដ្ឋានវិញសិន ៖ «ប្រជាពលរដ្ឋគួរនៅរង់ចាំការកាត់ក្ដីទៅតាមនីតិវិធីសិន»។
ក្រុមអ្នកភូមិទាំងអស់បានបញ្ជាក់ថា ពួកនឹងបន្តការឈរទាមទារនៅមុខបរិវេណតុលាការជាបន្តទៀតរហូតទាល់តែមានការដោះលែង លោក ហ៊ុន សេងលី ៖ «សម្រេចថាអត់ព្រមទេ មិនងាយបានមកវិញទេ មកគេមិនឲ្យមកទេ ឃាត់ផ្លូវរហូត»។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យិន ម៉េងលី បានរិះគន់ថា ចំណាត់ការរបស់តុលាការជាការបំបាក់ស្មារតីតំណាងប្រជាពលរដ្ឋ ប៉ុន្តែវាមិនមែនជាចំណាត់ការផ្លូវច្បាប់ទេ។
លោក យិន ម៉េងលី បានមានប្រសាសន៍ថា ៖ «យើងដោះស្រាយរឿងរដ្ឋប្បវេណីសិន រួចចាំយើងគិតរឿងព្រហ្មទណ្ឌវិញ អ៊ីចឹងទោះជាបទប្លន់ក្ដី បទបង្កអគ្គិភ័យក្ដី បទល្មើសបង្ករបួសស្នាមក្ដី រឿងទាំងអស់នេះ វាកើតចេញពីបញ្ហាដីទាំងអស់»។
គួរបញ្ជាក់ថា លោក ហ៊ុន សេងលី បច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង ហើយនៅមានមនុស្សចំនួន៦នាក់ទៀតត្រូវបានតុលាការចេញដីកាចោទប្រកាន់ពីបទទាក់ទិនទៅនឹងទំនាស់ដីធ្លីក្នុងនោះមានឈ្មោះ ឈិន ឆុន, ទេព សំខាន់, លួង សុខា, តូច វណ្ណឌី, គង់ សុឃឿប និង ញ៉ា ម៉ក់ ជាតំណាងអ្នកភូមិ៤១៥គ្រួសារហើយបច្ចុប្បន្នអ្នកទាំងនោះកំពុងលាក់ខ្លួន៕