អ្នក​ស្រុក​នៅ​រតនគិរី​តវ៉ា​ពី​ការ​រើសអើង​ក្នុង​ការ​ចែក​ប័ណ្ណ​សមធម៌

អ្នក​ភូមិ​នៅ​ស្រុក​បរកែវ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា អង្គការ​សកម្មភាព​ដើម្បី​សុខភាព​បាន​ផ្ដល់​ប័ណ្ណ​សម្រាប់​សេវា​ព្យាបាល​ជំងឺ​ដល់​គ្រួសារ​អ្នក​មាន​ជីវភាព​ល្អ​ប្រសើរ និង​គ្រួសារ​មន្ត្រី​មាន​បណ្ដា​ស័ក្ដិ​ខ្លះ ដែល​ការ​ផ្ដល់​នេះ​ពួក​គាត់​រិះគន់​ថា ធ្វើ​ផ្ទុយ​នឹង​គោលការណ៍​ដែល​កំណត់​សម្រាប់​ចែក​ប័ណ្ណ​នេះ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មាន​ជីវភាព​ក្រីក្រ។
ដោយ រដ្ឋា វីសាល
2010-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​អះអាង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​រវាង​ប្រជាពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​សឺង ស្រុក​បរកែវ កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​មីនា ឆ្នាំ​២០១០ រៀបចំ​ឡើង​ដោយ​អង្គការ​ខុមហ្រ្វែល ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មិន​យុត្តិធម៌​ក្នុង​គោលការណ៍​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ។

អ្នក​ភូមិ​ឈ្មោះ យ៉ែម សុច័ន្ទ មាន​ប្រសាសន៍​ពី​បញ្ហា​នេះ ៖ «ផ្ទះ​ធំ មាន​ម៉ូតូ មាន​អី​ជិះ​អ៊ីចឹង​ហើយ មាន​ប័ណ្ណ​សមធម៌​ក្នុង​ផ្ទះ​គាត់​ហ្នឹង សឹង​តែ​គ្រប់​គ្នា​ទៀត!»

កាល​ពី​ឆ្នាំ​២០០៩ អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ សកម្មភាព​ដើម្បី​សុខភាព បាន​ផ្ដល់​មូលនិធិ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​លំដាប់​ទី​១ និង​លំដាប់​ទី​២ នៅ​ខេត្ត​រតនគិរី ដើម្បី​បាន​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត រួម​មាន​ការ​ផ្ដល់​ប្រាក់​សម្រាប់​ថ្លៃ​ព្យាបាល​ជំងឺ ថ្លៃ​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​អ្នក​ជំងឺ និង​ប្រាក់​ម្ហូប​អាហារ​សម្រាប់​អ្នក​ជំងឺ និង​អ្នក​កំដរ​តាមរយៈ​ការ​សម្ភាស​កំណត់​អត្តសញ្ញាណ​អ្នក​ក្រីក្រ​ពិត​ប្រាកដ។

ជាមួយ​គ្នា​នោះ​ដែរ គម្រោង​នេះ​បាន​បង្កើត​ប័ណ្ណ​សមធម៌​ផ្ដល់​ឲ្យ​អ្នក​ភូមិ​ក្រីក្រ ដើម្បី​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ដោយ​មិន​ចាំបាច់​ធ្វើ​ការ​សម្ភាស។

មេ​ឃុំ​សឺង លោក រម៉ាម ថាង មាន​ប្រសាសន៍​ថា ករណី​នេះ​ពិត​ជា​កើត​មាន​នៅ​មូលដ្ឋាន​លោក​មែន ៖ «គាត់​មាន ថា​អត់ អ្នក​អត់ ថា​មាន អ៊ីចឹង​បាន​វា​ពិបាក!»

ស្ថិតិ​ផ្ដល់​ដោយ​មន្ត្រី​អង្គការ​សកម្មភាព​ដើម្បី​សុខភាព ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ពលរដ្ឋ​ឋិត​ក្នុង​ការ​កំណត់​ជា​អ្នក​ក្រីក្រ​កម្រិត​ទី​១ និង​ទី​២ មាន​ជាង ១​ម៉ឺន​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១៣​ម៉ឺន​នាក់​រស់​នៅ​ក្នុង​ខេត្ត​នេះ។

ប្រធាន​អង្គការ សកម្មភាព​ដើម្បី​សុខភាព ខេត្ត​រតនគិរី លោក នុត មុន្នី មាន​ប្រសាសន៍​ថា អង្គការ​លោក​ក៏​ទទួល​បាន​ព័ត៌មាន​ដូច​សេចក្ដី​រាយការណ៍​នោះ​ដែរ។ លោក​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ។

លោក នុត មុន្នី បាន​បញ្ជាក់​ថា ៖ «ការ​សម្រេច​អ្វី​ទាំង​អស់ នីតិ​វិធី​យើង ក្រុម​តំណាង​ភូមិ ៣​រូប បូក​នឹង​ចាស់​ទុំ​ហ្នឹង គាត់​សម្រេច​ហើយ យើង​បិទ ៧​ថ្ងៃ ឲ្យ​គាត់​តវ៉ា​ថា គ្រួសារ​ណា​មាន គ្រួសារ​ណា​ក្រ គ្រួសារ​ណា​អត់​មាន​ឈ្មោះ​អី​អ៊ីចឹង ឲ្យ​គាត់​តវ៉ា»

ក្រសួង​ផែនការ​បាន​រៀបចំ​សំណួរ​ទាក់ទិន​ស្ថានភាព និង​ជីវភាព​អ្នក​ភូមិ ហើយ​ផ្ដល់​មក​គម្រោង​មូលនិធិ​សមធម៌​ដើម្បី​បណ្ដុះ​បណ្ដាល​បុគ្គលិក​គម្រោង ហើយ​បុគ្គលិក​គម្រោង​បណ្ដុះ​បណ្ដាល​សំណួរ​បន្ត​ទៅ​អ្នក​តំណាង​ភូមិ ៣​នាក់ តាមរយៈ​តំណាង​ឃុំ​ចំនួន ២​នាក់ ដែល​ជា​អ្នក​ជ្រើសរើស​តំណាង​ភូមិ ដើម្បី​សម្ភាស​កំណត់​អត្តសញ្ញាណ​ជ្រើសរើស​អ្នក​ក្រីក្រ​ពិត​ប្រាកដ។ បន្ទាប់​មក​ក៏​មាន​ការ​អញ្ជើញ​ក្រុម​ចាស់​ទុំ មេ​កន្ទ្រាញ​ប្រចាំ​ភូមិ ចូលរួម​វាយ​តម្លៃ​ពី​លក្ខណៈ​សម្បត្តិ និង​ជ្រើសរើស​យក​អ្នក​ក្រីក្រ​ទាំង​នោះ​ដាក់​ទៅ​ក្នុង​បញ្ជី​ឈ្មោះ បិទ​នៅ​ក្នុង​ភូមិ ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​រយៈពេល​មួយ​សប្ដាហ៍ ប្រសិន​ការ​កំណត់​អត្តសញ្ញាណ​ធ្វើ​មិន​បាន​ត្រឹមត្រូវ។

របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​សុខភាព ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៩ មាន​ពលរដ្ឋ​ក្រីក្រ​គ្រប់​ស្រុក​ក្នុង​ខេត្ត​រតនគិរី​ជាង ៧០០​នាក់ បាន​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ពី​មូលនិធិ​សមធម៌៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល