អ្នក​ភូមិ​នៅ​កំពង់ស្ពឺ​តវ៉ា​ពី​​ការ​បូម​ខ្សាច់​នៅ​ស្ទឹង​ព្រែក​ត្នោត

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​តាំង​ខ្យា ស្រុក​ភ្នំ​ស្រួច និង​ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ជាង ១០០​គ្រួសារ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ឧសភា ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន តាន់ស៊ីម៉ន ថា​បាន​បូម​ខ្សាច់​នៅ​ស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើ​ឲ្យ​ល្អក់​ទឹក និង​បាក់​ច្រាំង​តាម​ដង​ស្ទឹង។
ដោយ ទីន ហ្សាការីយ៉ា
2010-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កប៉ាល់​​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​កណ្ដាល។
កប៉ាល់​​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​កណ្ដាល។
RFA/Mean Riddh

ពលរដ្ឋ​ឈ្មោះ ឈិន ឈីម អាយុ ៦៦​ឆ្នាំ នៅ​ភូមិ​ច្រក​ខ្លា ឃុំ​តាំង​ខ្យា ស្រុក​ភ្នំ​ស្រួច ខែត្រ​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​គ្មាន​ទឹក​ភ្លៀង អ្នក​ភូមិ​ពឹង​លើ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បន្ទាប់​ពី​ក្រុមហ៊ុន​បូម​ខ្សាច់ អ្នក​ភូមិ​គ្មាន​ទឹក​ប្រើប្រាស់​ទេ ព្រោះ​ទឹក​ល្អក់​មិន​ស្អាត ៖ «ខ្ញុំ​ថា ឲ្យ​យក​យ៉ាង​ម៉េច ប្រជាជន​ហូប​ទឹក​យ៉ាង​ម៉េច? ឥឡូវ​មើល អញ្ជើញ​មក​មើល ល្អក់! គ្រាន់តែ​ដាំ​បាយ ហូប​បាយ រមាស់​ប្រជាជន​គ្រប់​គ្នា!»

ពលរដ្ឋ​មួយ​រូប​ទៀត​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​ភូមិ មាន​អ្នក​ភូមិ​ច្រក​ខ្លា និង​អ្នក​ភូមិ​ពាម​ខ្លី បាន​លើក​គ្នា​ទៅ​ទប់​ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ ហើយ​បាន​ប្ដឹង​ទៅ​លោក​មេ​ឃុំ​តាំង​ខ្យា ប៉ុន្តែ​គេ​មិន​ជួយ​ដោះស្រាយ​ឲ្យ​នោះ​ទេ ៖ «ករណី​គេ​មក​ចូល​ធ្វើ​ទីតាំង​យក​ក្នុង​ភូមិ​ខ្ញុំ ហើយ​ប្រជាជន​ក្នុង​ភូមិ​មិន​ឲ្យ​យក ហើយ​គេ​នៅតែ​ចូល​មក​យក។ ឃាត់​ទៅ គេ​ឈប់​ទៅ អត់​ឃាត់ គេ​មក អ៊ីចឹង​ណា៎! វា​ពិបាក​អ៊ីចឹង!»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ក្រុមហ៊ុន តាន់ស៊ីម៉ន បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ឧសភា​នេះ។

ប្រធាន​ភូមិ​ច្រក​ខ្លា ឈ្មោះ ស្រី ឃី បាន​អះអាង​ថា គេ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​យក​ខ្សាច់​នៅ​ស្ទឹង​ព្រែក​ត្នោត ដោយសារ​តែ​ក្រុមហ៊ុន​បាន​ធ្វើ​ផ្លូវ​លំ​ឲ្យ មាន​ចម្ងាយ​ប្រមាណ ១៥០​ម៉ែត្រ ចាប់​ពី​មាត់​ស្ទឹង​ចូល​ទៅ​ភូមិ។

មេ​ឃុំ​តាំង​ខ្យា លោក មាស ជីម បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន តាន់ស៊ីម៉ុន មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្នុង​ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ ដែល​គេ​ចាប់ផ្ដើម​បូម​ខ្សាច់​នៅ​ក្នុង​ខែ​ឧសភា​នេះ ប៉ុន្តែ​ការ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​ណា​ខ្លះ​នោះ លោក​មិន​ទាន់​ដឹង​ទេ ហើយ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល។

លោក មាស ជីម បាន​បញ្ជាក់​ថា ៖ «ខាង​ក្រសួង​គេ​ឲ្យ​យក​ខ្សាច់​ក្នុង​ភូមិ​ហ្នឹង​មក យើង​បាន​ទៅ​ធ្វើ​ការ​ប្រជុំ​នៅ​ភូមិ​ហ្នឹង ប៉ុន្តែ​យើង​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា។ បើ​សិន​ណា​ការ​យក​ខ្សាច់​ទៅ ប៉ះ​ពាល់​អី​ទៅ ក្រុមហ៊ុន​គេ​ទទួល​ខុស​ត្រូវ...»

សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ស្ដីពី​ការ​កំណត់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ កាល​ពី​ចុង​ឆ្នាំ​២០០៩ ថា ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​សមុទ្រ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​លើ​ធន​ធាន​ខ្សាច់​សមុទ្រ​ទេ ទោះ​ជា​ទី​តាំង​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ឆ្នេរ ឬ​ពី​កោះ​ក៏​ដោយ។ ការ​អនុញ្ញាត​បាន​តែ​ចំពោះ​ទី​តាំង​ណា​ដែល​មាន​ខ្សាច់​ដុះ​គោក​រាក់ និង​អាច​បំពេញ​វិញ​បាន​ជា​លក្ខណៈ​ធម្មជាតិ តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​បច្ចេកទេស​ជា​មុន។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​នៅតែ​សង្កេត​ឃើញ​ថា មាន​ក្រុមហ៊ុន​តូច​ធំ​នៅតែ​បន្ត​អាជីវកម្ម​នេះ​តាម​សមុទ្រ ទន្លេ ជា​ហូរ​ហែ មក​ទល់​នឹង​ពេល​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល