ពលរដ្ឋ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ក្នុង​ស្រុក​ត្រាំកក់​​ឈឺ​ដោយសារ​ធូលី​ហុយ

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​ឃុំ​គុស​ថ្មី ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា មនុស្ស​ចាស់ និង​ក្មេង​ៗ​ជា​ច្រើន​នាក់​កំពុង​កើត​ជំងឺ​ផ្ដាសាយ ក្អក និង​ឈឺ​ភ្នែក ដោយសារ​ហុយ​ធូលី​ខ្លាំង​ពេក នៅ​ផ្លូវ​ជាតិ​លេខ​៣ ដែល​កំពុង​ធ្វើ​ការ​សាង​សង់​មិន​ទាន់​ហើយ​នៅ​ឡើយ។
ដោយ សុខ សេរី
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣
ទិដ្ឋភាព​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣
RFA/Ouk Savborey

ផ្លូវ​ជាតិ​លេខ​៣ ភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​កំពត មាន​ប្រវែង ១៤៣​គីឡូម៉ែត្រ គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ស្ថាបនា និង​ជួសជុល​ពង្រីក​ឲ្យ​ក្លាយ​ជា​ផ្លូវ Highway តាំង​ពី​ឆ្នាំ​២០០៨​មក ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក។

គ្រួសារ​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​កើត​ជំងឺ​ក្អក ផ្ដាសាយ និង​ឈឺ​ភ្នែក គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន និង​ក្រសួង​ពាក់ព័ន្ធ ពន្លឿន​ការ​ស្ថាបនា​ផ្លូវ​ថ្នល់​នេះ​ឲ្យ​បាន​ចប់​ឆាប់ ឬ​ក៏​ជួយ​បាញ់​ទឹក​បង្ក្រាប​ការ​ហុយ​ធូលី​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិបាក​ទ្រាំ។

ពលរដ្ឋ​ឈ្មោះ កុល ចាន់វុទ្ធី អាយុ ៥២​ឆ្នាំ នៅ​ក្នុង​ឃុំ​គុស​ថ្មី ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ថ្លែង​តាម​ទូរស័ព្ទ​មក​ថា ការ​រស់​នៅ​ប្រចាំ​ថៃ្ង​គឺ​ពិបាក​ទ្រាំ​នឹង​ការ​ហុយ​ធូលី​ខ្លាំង​ពេក ៖ «ឈឺ​ភ្នែក ភ្នែក​ក្រហម​ហ្នឹង! របៀប​ថា វា​ហុយ​កម្ទេចកម្ទី​នៅ​តាម​ថ្នល់។ គ្រាន់តែ​បើក​ភ្នែក​គឺ​ហុយ ហុយ​ទល់​យប់ គឺ​ថា នៅ​ផ្ទះ​ហ្នឹង​គឺ​វា​ហុយ រាល់​ថៃ្ង​តែម្ដង!»

ពលរដ្ឋ​ឈ្មោះ ហង្ស ចន្ធា អាយុ ២៩​ឆ្នាំ នៅ​ក្នុង​ឃុំ​គុស​ថ្មី​ដែរ បាន​ថែ្លង​ថា ៖ «ចង់​ឲ្យ​មាន​ការ​បាញ់​ទឹក​ញឹកញាប់ ប៉ុន្តែ​បើ​អាច​ជួយ​សម្រួល​ធ្វើ​ឲ្យ​ហើយ បាន​តែ​បាញ់​ទឹក​កៅស៊ូ​មួយ​ជាន់​សិន​ក៏​បាន​ដែរ!»

យុវជន​ម្នាក់​អាយុ ២៦​ឆ្នាំ នៅ​ក្នុង​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រង​គ្រោះ​ស្ទើរ​តែ​បាក់​ជើង​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយសារ​រថយន្ត​ពីរ​ប៉ះ​ទង្គិច​គ្នា ដោយសារ​មើល​គ្នា​មិន​ឃើញ ព្រោះ​ធូលី​ហុយ​ខ្លាំង​ពេក ៖ «វា​ស្ងួត ដល់​អ៊ីចឹង​ទៅ​វា​ហុយ!  ដល់​ពេល​ហុយ​ទៅ ឡាន​ហ្នឹង​បើក​ភ្លើង ខ្លះ​បើក​យឺត ខ្លះ​បើក​លឿន។ ចៃដន្យ​អី​ឡាន​ធំ​ហ្នឹង​វា​ហុយ បើក​លឿន វា​មក​វ៉ាក់អឺ​ជាមួយ​ឡាន​កូរ៉េ វា​បុក​ឡាន​កូរ៉េ​ហ្នឹង​ខ្ទាត របួស​ពីរ​បី​នាក់​ទៅ នៅ​ជិត​ហ្នឹង! មាន​ម្នាក់​ទៀត​នៅ​មុខ​ខ្ញុំ ត្រូវ​ដែរ!»

ចំពោះ​ការ​ត្អូញត្អែរ​របស់​ប្រជា​ពលរដ្ឋ​ខាង​លើ​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គេ​គ្មាន​វិធី​ណា​ជួយ​បាន​ទេ។

លោក ណែម ហ៊ាវ មេ​ឃុំ​គុស​ថ្មី ស្រុក​ត្រាំកក់ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​លោក​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៣​នោះ​ដែរ រង​គ្រោះ​ដូច​គ្នា ហើយ​កូន​ចៅ​របស់​លោក​មួយ​ចំនួន​កើត​ជំងឺ​ដូច​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ដែរ។

លោក​បាន​បន្ត​ថា លោក​ទ័ល​ច្រក​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ជូន​ប្រជា​ពលរដ្ឋ ៖ «ឥឡូវ​វា​កុន​ទឹក​ទៀត​ណា៎! រក​ទឹក​អត់​បាន បូម​ខ្ទេចខ្ទី​អស់​ហើយ មិន​ដូច​មុន។ កាល​ពី​មុន​ទឹក​នៅ​ច្រើន ចេះ​តែ​បូម​បាញ់! ឥឡូវ​ហ្នឹង​វា​អត់​ទឹក វា​យ៉ាប់​ទឹក​ហ្នឹង​ទៀត! យ៉ាប់​ដល់​ហើយ មិន​ដឹង​ទៅ​រក​សុំ​នរណា! សុំ​គេ គេ​មិន​សូវ​ឲ្យ​ទៀត​ឥឡូវ​ហ្នឹង!»

កម្មករ​នៃ​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​៣ នៅ​ត្រង់​ចំណុច​ឃុំ​គុស​ថ្មី ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ប្រភព​ទឹក​នៅ​ឆ្ងាយ​ពី​ការដ្ឋាន ប៉ុន្តែ​លោក​បាន​ចាត់ចែង​ឲ្យ​បាញ់​ទឹក​ចំនួន ៤​ដង​ក្នុង ១​ថ្ងៃ ពីព្រោះ​ថ្ងៃ​ក្ដៅ​ខ្លាំង ហើយ​មិន​សូវ​មាន​ភ្លៀង​ធ្លាក់​ទេ​នា​ពេល​នេះ ៖ «ឆ្ងាយ​ដែរ! វា​ពិបាក​រក​ទឹក បូម ៧ ឬ ៨​គីឡូម៉ែត្រ»

សុខ សេរី ៖ បាញ់​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ? កម្មករ ៖ មួយ​ថ្ងៃ​យើង​បាញ់​ព្រឹក​ម្ដង ប្រហែល​ជា​ម៉ោង ៩ ឬ​ម៉ោង ១០ ម្ដង ហើយ​មុន​ពេល​បាយ ម្ដង ហើយ​និង​ល្ងាច​ទៀត គឺ ៤​ដង។ វា​ក្ដៅ​ណាស់ ធ្វើ​យ៉ាង​ម៉េច​ក៏​មិន​បាត់​ដែរ គឺ​បាត់​បាន​តែ​មួយ​ភ្លែត​ទេ។ បើ​ឡាន​ស្រោច​បាន ៥០០​ម៉ែត្រ នៅ​ខាង​ក្រោយ​ស្ងួត​បាត់​ទៅ​ហើយ។

លោក​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ប្រវែង ៩​គីឡូម៉ែត្រ ពី​ចំណុច​ឃុំ​អង្គតាសោម​មក​ដល់​ឃុំ​គុស​ថ្មី កន្លែង​ដែល​ប្រជា​ពលរដ្ឋ​ត្អូញត្អែរ​នោះ នឹង​ត្រូវ​ចាក់​កៅស៊ូ​នៅ​ដំណាច់​ខែ​មិថុនា​ខាង​មុខ​នេះ ហើយ​នៅ​ពេល​នោះ​នឹង​ពុំ​មាន​ការ​ហុយ​ទៀត​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល