អាជ្ញាធរ​បង្ខំ​ឲ្យ​អ្នក​ភូមិ​បង់​ប្រាក់​ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​១​ហិកតា

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាព្រំ ឃុំ​ទ្រាល ស្រុក​កញ្ជៀច ខេត្ត​ព្រៃវែង បាន​អះអាង​ថា អ្នកភូមិ​ជាង ២០០​​​​​​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក បង្ខំ​ឲ្យ​បង់​ប្រាក់​ចំនួន ៣០​ម៉ឺន​រៀល​ជា​ថ្នូរ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​ដី​ធ្លី​កសិកម្ម​បណ្ដោះ​អាសន្ន​ក្នុង​ដី​មួយ​ហិកតា។
ដោយ ដែន អយុធ្យា
2010.03.31

ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ដ៏​ច្រើន​បែប​នេះ ពលរដ្ឋ​សំណូមពរ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នក​តំណាង​រាស្ត្រ​ជួយ​អន្តរាគមន៍។

តំណាង​​​ពលរដ្ឋ​ដែល​ស្នើ​មិន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា ដី​ធ្លី​ដែល​ពលរដ្ឋ​ធ្លាប់​ធ្វើ​ស្រែ ឬ​ចម្ការ​មាន​ដំណ​តាំង​ពី​ដូន​តា​មក​នោះ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​គំរាម​ថា នឹង​យក​ទៅ​ផ្ដល់​ជូន​ម្ចាស់​ផ្សេង ប្រសិន​បើ​មាន​ពលរដ្ឋ​ណា​ម្នាក់​មិន​​​​បង់​ប្រាក់​ចំនួន ៣០​ម៉ឺន​រៀល​ក្នុង​ដី​មួយ​ហិកតា​នោះ។

តំណាង​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ៖ «ការ​បង់​វា​ថ្លៃ​ពេក ប្រជាជន​រក​លុយ​អត់​បាន ទៅ​រក​ចង​ការ​អេស៊ីលីដា​ផង ទៅ​ចង​ការ​ចិន​ផង មក​បង់​ឲ្យ​គេ។ បើ​មិន​បង់​ឲ្យ​គេ​ៗ​មិន​ឲ្យ​ដី​ហ្នឹង។ មេ​ភូមិ ហើយ​និង​ថ្នាក់​ស្រុក យោធា​ស្រុក គេ​លើក​ហេតុផល​ថា គេ​យក​ទៅ​ធ្វើ​ផ្លូវ​ថ្នល់ និង​ធ្វើ​សាលា​ឃុំ របង​សាលា​ឃុំ។ គេ​ចេញ​ប័ណ្ណ​បណ្ដោះ​អាសន្ន​ឲ្យ​យើង។ សំណូមពរ​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី ឬ​ខាង​តំណាង​រាស្ត្រ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​យក​ច្រើន​ពេក។ ប្រជាជន​រក​មិន​បាន​រត់​ទៅ​ចងការ​គេ»

មេ​ឃុំ​ទ្រាល លោក ឈឹម យឿង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​តាម​ទូរស័ព្ទ​​​ដោយ​ទទួល​ស្គាល់​ថា នៅ​មូលដ្ឋាន​របស់​លោក​គឺ​ពិត​ជា​បាន​បង្កើត​គណៈកម្មការ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​លុយ​ចំនួន ៣០​ម៉ឺន​រៀល ក្នុង​ទំហំ​ដី​មួយ​ហិកតា ជា​ថ្នូរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​កសិកម្ម​បណ្ដោះ​អាសន្ន​ពិត​មែន។

លោក ឈឹម យឿង មេ​ឃុំ​ទ្រាល មាន​ប្រសាសន៍​ថា ៖ «មាន​មែន​តើ​លោក! ខ្ញុំ​ជាប់​ប្រជុំ​ជាមួយ​គណៈកម្មការ​បន្តិច​សិន!»

មន្ត្រី​ជាន់​ខ្ពស់​យោធា​ស្រុក​កញ្ជៀច លោក កែន រឿង ដែល​ពលរដ្ឋ​ចោទ​ថា ស្ថិត​ក្នុង​ចំណោម​គណៈកម្មការ​ដើរ​កេណ្ឌ​ឲ្យ​ពល​រដ្ឋ​បង់​ប្រាក់ ៣០​ម៉ឺន​ក្នុង​ដី​មួយ​ហិកតា ដើម្បី​ទទួល​បាន​សន្លឹក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​បណ្ដោះ​អាសន្ន មាន​ប្រសាសន៍​ថា ប្រាក់​ដែល​ទទួល​បាន​ពី​ការ​បង់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន គឺ​យក​ទៅ​ដើម្បី​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ក្នុង​មូលដ្ឋាន និង​ជួសជុល​ធ្វើ​របង​សាលា​ឃុំ​ដែល​ទ្រុឌ​ទ្រោម។

លោក កែន រឿង បន្ត​ថា ការ​បែងចែក​ដី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​បណ្ដោះ​អាសន្ន​ដល់​ពលរដ្ឋ ក៏​ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដី​ធ្លី​ដែល​ពលរដ្ឋ​ធ្លាប់​កើត​មាន​កន្លង​មក​នៅ​មូលដ្ឋាន​នេះ។

លោក កែន រឿង មន្ត្រី​ជាន់​ខ្ពស់​យោធា​ស្រុក​កញ្ជៀច មាន​ប្រសាសន៍​ដូច្នេះ ៖ «ធ្វើ​ផ្លូវ និង​ធ្វើ​របង​ឃុំ។ សម្រាប់​សហគមន៍​ភូមិ​គេ​ធ្វើ​ផ្លូវ ចម្ងាយ​ផ្លូវ​ប្រវែង ៧៥០​ម៉ែត្រ។ វា​មាន​ជង្ហុក​ជ្រៅ​ៗ ធ្វើ​ផ្លូវ​បាន ទាល់តែ​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ការ​វាស់វែង​ដី​ដើម្បី​ជូន​ប្រជាពលរដ្ឋ​យើង​កុំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា ព្រោះ​បទពិសោធន៍​ឆ្នាំ​ទៅ គឺ​មាន​រហូត​ដល់​គ្រោះថ្នាក់​ជីវិត ការ​ឈ្លោះ​ទាស់ទែង​ដណ្ដើម​ដី​គ្នា ហ្នឹង​ណា៎!»

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ព័ត៌មាន​ជុំវិញ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ទ្រាល ស្រុក​កញ្ជៀច ដើរ​ប្រមូល​លុយ​ពី​ពលរដ្ឋ​ទៅ​ជួសជុល​សាលា​ឃុំ លោក​ពុំ​ទទួល​បាន​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ថវិកា​សម្រាប់​កសាង​សាលា​ឃុំ គឺ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ផ្សេង។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្រែងលោ​គេ​ធ្វើ​ស្អី​ៗ​ផ្សេង លោក​មិន​ទាន់​សួរ​ឃុំ​គេ​ផ្ទាល់។ ខ្ញុំ​អត់​បាន​ដឹង​រឿង​ហ្នឹង​ទេ!»

លោក យ៉ែម បុញ្ញ​ឫទ្ធិ អគ្គ​លេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​ផង​នោះ បាន​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ទ្រាល ស្រុក​កញ្ជៀច ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ជា​ថ្នូរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​បណ្ដោះ​អាសន្ន ថា បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ព្រោះ​ខុស​សមត្ថកិច្ច​របស់​ខ្លួន។

លោក យ៉ែម បុញ្ញ​ឫទ្ធិ មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​គិត​ពី​ផ្លូវ​ច្បាប់​គឺ​ខុស​ច្បាប់​ទាំង​ស្រុង ដែល​ទៅ​វាស់វែង​ដី​ធ្លី​ហ្នឹង​ហើយ ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ វា​ខុស​ពី​គោលការណ៍​ទាំង​ស្រុង។ ការ​វាស់​វែង ការ​រៀបចំ​អី​ទាំង​ប៉ុន្មាន គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល របស់​ក្រសួង ដែល​ត្រូវ​ធ្វើ​កិច្ចការ​ហ្នឹង ដើម្បី​បម្រើ​ជូន​ដល់​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​តាព្រំ ឃុំ​ទ្រាល ស្រុក​កញ្ជៀច ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​បង់​ប្រាក់​ដី​មួយ​ហិកតា ៣០​​ម៉ឺន​​រៀល ដើម្បី​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​បណ្ដោះ​អាសន្ន មាន​ជាង ២០០​គ្រួសារ។ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២០០​​គ្រួសារ អាជ្ញាធរ​បញ្ជាក់​ថា មាន​ពលរដ្ឋ​ជាង ២០​គ្រួសារ​បាន​បង់​ប្រាក់​រួច​ហើយ។

ទោះ​យ៉ាង​នេះ​ក្តី បើ​តាម​ការ​អះអាង​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ដ៏​ច្រើន​ដូច្នេះ ពលរដ្ឋ​មិ​ន​​មាន​លទ្ធភាព​ឡើយ ព្រោះ​ការ​ខ្ចី​លុយ​ពី​ធនាគារ ឬ​ឈ្មួញ មាន​ការ​ប្រាក់​ខ្ពស់ គឺ​ក្នុង​ទឹក​ប្រាក់ ១០​ម៉ឺន​រៀល ការ​ប្រាក់​ក្នុង​មួយ​ខែ ​រហូត​ដល់​ ៤​ម៉ឺន​រៀល​ឯ​ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។