អ្នក​ភូមិ​៧០%​នៅ​ឃុំ​ពូជ្រី ខេត្ត​មណ្ឌលគិរី ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៧០% នៅ​ឃុំ​ពូជ្រី ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង​អាហារ បន្ទាប់​ពី​ដំណាំ​ចម្ការ និង​ដំណាំ​ស្រូវ​របស់​ពួក​គាត់ បាន​ខូច​ខាត​អស់​ចំនួន​ពីរ​លើក​ក្នុង​ខែ​ឧសភា​នេះ ដោយសារ​ភាព​រាំង​ស្ងួត។
ដោយ គង់ យុទ្ធនា
2010.05.24
មណ្ឌលគិរី ៣០៥ អ្នក​ភូមិ​ជនជាតិ​ភាគ​តិច​ព្នង នៅ​ខែត្រ​មណ្ឌលគិរី
RFA/Kong Youthana

លោក ស្រូម ងីន ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ដេអា ឃុំ​ពូជ្រី ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ ថា សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ក្នុង​ឃុំ​ពូជ្រី កំពុង​មាន​កង្វល់​អំពី​បញ្ហា​ជីវភាព​របស់​ពួក​គាត់ ជាក់ស្ដែង​មាន​គ្រួសារ​មួយ​ចំនួន​កំពុង​ខ្វះ​ខាត​ស្រូវ​អង្ករ។

លោក ស្រូម ងីន បាន​បញ្ជាក់​ថា ៖ «រឿង​ខ្វះ​វា​ភាគ​ច្រើន​ហើយ តែ​អ៊ីចឹង​ទៅ​គ្នា​ចេះ​តែ​រិះរក​វិធី ដូច​ជា​ដើរ​ស៊ីឈ្នួល​គេ ដើម្បី​យក​លុយ​ដែល​បាន​តិចតួច​ហ្នឹង យក​ទិញ​អង្ករ!»

មេ​ឃុំ​ពូជ្រី ស្រុក​ពេជ្រាដា លោក កូយ រដ្ឋា មាន​ប្រសាសន៍​ថា សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ក្នុង​ឃុំ​ពូជ្រី កំពុង​ខ្វះ​ពូជ​សម្រាប់​ដាំ​ដុះ ដូច​ជា​ពូជ​ស្រូវ ពោត សណ្ដែក ដំឡូង ល្ង ជាដើម។ លោក​ថា អ្នក​ភូមិ​បាន​ដាំ​ដុះ​ចំនួន ២​លើក​ហើយ តែ​ដំណាំ​ស្វិត​ងាប់​អស់។

លោក កូយ រដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «នៅ​ឃុំ​ពូជ្រី​ខ្ញុំ​ហ្នឹង ប្រជាជន​ម្នាក់​ៗ​ថ្ងូរ រង់ចាំ​តែ​ដាច់​ខ្យល់​ហ្នឹង! និយាយ​ពី​រឿង​ខ្វះ ឆ្នាំ​ហ្នឹង​ខ្ញុំ​ដឹង​ថា​រលាយ​តែម្ដង! និយាយ​ដោយឡែក​ពូជ្រី​ខ្ញុំ​ហ្នឹង ៧០% ចំនួន​ក្នុង ៨០០​គ្រួសារ​ហ្នឹង អ្នក​ត្រូវ​ខ្វះ ត្រូវ​អត់ គាត់​ធ្លាប់​ខ្វះ​កន្លង​មក គាត់​បាន​ទទួល​ផល​ពី​សណ្ដែក ផល​អី អ៊ីចឹង​ដល់​គាត់​ដាំ​ជ្រុល ឥឡូវ​ស្អុយ​ខូច​អ៊ីចឹង គាត់​ត្រូវ​ថយ ៧០%​តែម្ដង!»

ឃុំ​ពូជ្រី​មាន​ប្រជា​ពលរដ្ឋ​ជាង ៨០០​គ្រួសារ និង​មាន​ដី​កសិកម្ម​ជាង ៨០០​ហិកតារ។ លោក​មេ​ឃុំ​ពូជ្រី បន្ត​ថា ជា​ទូទៅ​ប្រជា​ពលរដ្ឋ​ច្រើន​ខ្វះ​ស្បៀង​នៅ​ខែ​កក្កដា តែ​ឆ្នាំ​នេះ​ពួក​គាត់​ចាប់ផ្ដើម​ខ្វះ​ស្បៀង​តាំង​ពី​ពេល​ឥឡូវ​នេះ​ទៅ​ហើយ។ ជាក់ស្ដែង​ក្នុង​ចំណោម​ជាង ៨០០​គ្រួសារ​នេះ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ៧០%​​កំពុង​ខ្វះ​ទាំង​ពូជ​ដំណាំ និង​ខ្វះ​ទាំង​ស្បៀង។

បុគ្គលិក​អង្គការ អុកស្វាម​អូស្ត្រាលី (Oxfam) ខេត្ត​មណ្ឌលគិរី លោក យ៉ាង សំណាង មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​កង្វះ​ខាត​ស្បៀង​បាន​ចាប់ផ្ដើម​មាន​នៅ​ឃុំ​ក្រងតេស និង​ឃុំ​ពូជ្រី ដោយសារ​តែ​រាំង​ស្ងួត ហើយ​អង្គការ អុកស្វាម ទើប​នឹង​ចាប់ផ្ដើម​គម្រោង​ធនាគារ​ស្រូវ​ទៅ​ឲ្យ​ឃុំ​ក្រងតេស​មួយ ដែល​មាន​ការ​លំបាក​ច្រើន​ជាង​គេ ៖ «ចាប់ផ្ដើម​ខែ​ហ្នឹង​ទៅ​គាត់​ពិបាក​ដែរ មាន​ផ្ទះ​ខ្លះ​អស់​ស្រូវ​ហូប!»

នៅ​ភូមិ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ផ្ទៃ​ដី​កសិកម្ម​ភាគ​ច្រើន​ជា​តំបន់​ភ្នំ ដែល​គ្មាន​ប្រព័ន្ធ​ធារា​សាស្ត្រ ហើយ​សហគមន៍​ជនជាតិ​ដើម​ដាំ​ស្រូវ​ដោយ​បុក​ដាំ​នៅ​លើ​កំពូល​ភ្នំ ឬ​ជម្រាល​ភ្នំ​តែម្ដង ដែល​ដំណាំ​ទាំង​អស់​នេះ​អាស្រ័យ​លើ​ទឹក​ភ្លៀង​តែ​ប៉ុណ្ណោះ។

ទាក់ទង​នឹង​បញ្ហា​ខ្វះ​ខាត​ស្បៀង​នៅ​កម្ពុជា​នេះ មន្ត្រី​ទូត​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ថា កម្ពុជា​គឺ​ជា​ប្រទេស​មិន​មាន​សន្តិសុខ​ស្បៀង ហើយ​ជា​ប្រទេស​កសិកម្ម​ឱន​ថយ ក្នុង​ចំណោម​ប្រទេស ២០ ដែល​អាមេរិក​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ក្នុង​ទឹក​ប្រាក់​ជំនួយ​សរុប​ចំនួន ២២​ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​កម្ពុជា​មាន​ចំណែក​ទទួល​ជំនួយ​នោះ​ចំនួន ១០០​លាន​ដុល្លារ​ផង​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។