ពលរដ្ឋ​៣៥​គ្រួសារ​នៅ​ឫស្សីកែវ​តវ៉ា​ប្រឆាំង​នឹង​ការ​រុះ​រើ​លំនៅ

ប្រជា​ពលរដ្ឋ​ចំនួន ៣៥​គ្រួសារ​រស់​នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​សរសេរ​លិខិត​តវ៉ា​ជំទាស់​ទៅ​នឹង​អាជ្ញាធរ​ខណ្ឌ​របស់​ខ្លួន ដែល​តម្រូវ​ឲ្យ​ពួក​គាត់​រុះ​រើ​លំនៅ ដោយ​ចោទ​ប្រកាន់​ថា ពួក​គាត់​រស់​នៅ​លើ​ដី​ដែល​មាន​ម្ចាស់។
ដោយ ខែ សុណង
2010-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៤ មករា ២០០៩។
កម្មករ​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៤ មករា ២០០៩។
RFA/Ouk Savborey

លោក ឈឹម សុផុន ដែល​អះអាង​ថា​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្រុម​ទី​៣ ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​សង្កាត់​ទួលសង្កែ​បាន​យក​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ មក​បិទ​ប្រកាស​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គាត់ តម្រូវ​ឲ្យ​រុះ​រើ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ ចាប់​រាប់​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​នេះ​ត​ទៅ។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​សរសេរ​លិខិត​ស្នើសុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ និង​ដាក់​លិខិត​មួយ​ផ្សេង​ទៀត តវ៉ា​ទៅ​នឹង​អាជ្ញាធរ​ខណ្ឌ​ដែល​ថា ប្រជា​ពលរដ្ឋ​កំពុង​រស់​នៅ​លើ​ដី​ដែល​មាន​ម្ចាស់​នោះ។

លោក ឈឹម សុផុន បាន​បញ្ជាក់​ថា ៖ «នៅ​ក្នុង​ប្រវត្តិ​ដី​ហ្នឹង វា​អត់​មាន​ដី​របស់​ម្ចាស់​មួយ​ណា​ពិត​ប្រាកដ​ទេ ព្រោះ​តំបន់​អភិវឌ្ឍន៍ ដី​របស់​រដ្ឋ!»

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​សរសេរ​ថា ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​សំណង់​បណ្ដោះ​អាសន្ន​លើ​ដី​ដែល​មាន​ម្ចាស់​ឈ្មោះ ឡៅ តុងងី ស្ថិត​នៅ​ក្បែរ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ខាង​កើត​ផ្លូវ​លេខ​១៨០០ ក្រុម​១៣ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ។ នៅ​ក្នុង​លិខិត​បាន​សរសេរ​ទៀត​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​បាន​រំលោភ​ចូល​កាន់កាប់​សាងសង់​សំណង់​អនាធិបតេយ្យ និង​រស់​នៅ​លើ​ដី​ដែល​មាន​ម្ចាស់ សាលា​ខណ្ឌ​តម្រូវ​ឲ្យ​រុះ​រើ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ​ជា​កំណត់ ពុំ​នោះ​ទេ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ចុះ​រុះ​រើ ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ឡើយ។

លោក ឈឹម សុផុន ប្រជា​ពលរដ្ឋ​រស់​នៅ​ក្រុម​ទី​៣ ភូមិ​បឹងឈូក បាន​បញ្ជាក់​បន្ថែម​ថា តំបន់​ដែល​ពួក​គាត់​រស់​នៅ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិច​ស្រពិល មិន​ច្បាស់លាស់ ថា ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ឬ​សង្កាត់​ទួលសង្កែ ច្បាស់លាស់​នោះ​ទេ នៅ​គ្រា​ដែល​អាជ្ញាធរ​ខណ្ឌ​ចេញ​សេចក្ដី​ជូន​ដំណឹង​ដូច្នេះ ក៏​ប៉ុន្តែ​រាល់​លិខិត​បែបបទ​នានា​របស់​ពួក​គាត់​កន្លង​មក អាជ្ញាធរ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ជា​អ្នក​ចុះ​ហត្ថលេខា​ទទួល​ដឹង​ឮ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ លោក សុខ ឃីម មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ដែល​អាជ្ញាធរ​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​រុះ​រើ​នោះ គឺ​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​របស់​លោក ដែល​មក​តាំង​ទី​លំនៅ​តាំង​ពី​ឆ្នាំ​១៩៨០ ជា​ហូរ​ហែ​មក។ លោក​ថា បញ្ហា​នេះ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ធ្វើ​ការ​ដោះស្រាយ និង​បែង​ចែក​ព្រំ​ដី​នៅ​ក្នុង​ផែនទី​ឡើង​វិញ ដោយសារ​តែ​មាន​ការ​ជាន់​ដី​គ្នា​រវាង​សង្កាត់​ទួលសង្កែ និង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ នៅ​មាន​ភាព​ស្មុគស្មាញ​នៅ​ឡើយ ៖ «ខាង​អាជ្ញាធរ​ក្រុង​ក៏​គេ​លើក​ពី​រឿង​ហ្នឹង​ដែរ គឺ​ជាន់​គ្នា​អ៊ីចឹង!»

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត មិន​បាន​ទទួល​ទូរស័ព្ទ​ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ហៅ​ជា​ច្រើន​លើក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​ដែល​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​រុះ​រើ​លំនៅ​ឋាន​នោះ​ទេ។

ជាមួយ​គ្នា​នោះ​នៅ​ក្នុង​លិខិត​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ ផ្ញើ​ទៅ​កាន់​អភិបាល​ខណ្ឌ​ឫស្សីកែវ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ស្រី ទូច សារ៉ុម អភិបាល​រង​រាជធានី​ភ្នំពេញ ក៏​បាន​ឯកភាព​ឲ្យ​ចាត់​វិធានការ​រុះ​រើ​ជា​បន្ទាន់​ផង​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​រង​រាជធានី​ភ្នំពេញ លោក​ស្រី ទូច សារ៉ុម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​ឧសភា​នេះ ដោយ​លោក​ស្រី​ថា​​ជា​ថ្ងៃ​ឈប់​សម្រាក ពុំ​មាន​ឯកសារ​នៅ​ក្នុង​ដៃ។

មន្ត្រី​អង្គការ​សិទ្ធិ​លំនៅ​ឋាន​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៩ អាជ្ញាធរ​ខណ្ឌ​បាន​រុះ​រើ​លំនៅ​ប្រជា​ពលរដ្ឋ​អស់​ចំនួន ២​ខ្នង​ម្ដង​រួច​មក​ហើយ។ នៅ​ក្នុង​ពេល​នោះ​ប្រជា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការ​រុះ​រើ​នេះ ជាមួយ​គ្នា​នោះ ក៏​មាន​លិខិត​អន្តរាគមន៍​ត្រឡប់​មក​វិញ ដោយ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ដោះស្រាយ ក៏​ប៉ុន្តែ​ពុំ​ឃើញ​មាន​ការ​ដោះស្រាយ​ឡើយ ហើយ​ថ្មី​ៗ​នេះ​បែរ​ជា​មាន​សេចក្ដី​ជូន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​រុះ​រើ​លំនៅ​ឋាន​ទៅ​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល