មន្ត្រី​សុរិយោដី​រង​ការ​ចោទ​ថា​គំរាម​អ្នក​ភូមិ​ឲ្យ​ឈប់​ទាមទារ​កម្មសិទ្ធិ​ដីធ្លី

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងត្រាច​ជាង ៥០​គ្រួសារ​បាន​ធ្វើការ​តវ៉ា​និង​ចោទ​ប្រកាន់​មន្ត្រី​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង ថា បាន​ធ្វើ​ការ​គំរាម​កំហែង​ពួកគាត់​ក្នុង​ករណី​បណ្ដឹង​តវ៉ា​ការ​ធ្វើ​ប្លង់​ដី​ជា​ប្រព័ន្ធ​នៅ​ក្នុង​ភូមិ​ក្នុង​ពេល​អ្នក​ភូមិ​មិន​ព្រម​ប្រគល់​ដី​បេឡា​ភូមិ​ទៅ​ឲ្យ​ប្រធាន​ភូមិ​កាន់​កាប់​ជា​ទ្រព្យ​ផ្ទាល់​ខ្លួន។
ដោយ មណ្ឌលកែវ
2010-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព


ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ប៉ែន សុភ័ណ្ឌ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា​ថា មន្ត្រី​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ភារកិច្ច​ចុះ​មក​ធ្វើ​ប្លង់​ដី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំងត្រាច បាន​គំរាម​ពួកគាត់​ថា ប្រសិន​បើ​ការ​តវ៉ា​ពុំ​បាន​សម្រេច​នោះ​អ្នក​ប្ដឹង​ត្រូវ​ផ្ដល់​សំណង​ចំនួន ១​ពាន់​ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​ដី។

លោក ប៉ែន សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «គាត់​បាន​សួរ​ប្រជាពលរដ្ឋ​អ្នក​ដែល​មាន​មេដៃ​ទៅ​ប្ដឹង​ហ្នឹង​សួរ​គំរាម​ថា ចុះ​បើ​លោក​ឯង​ហ្នឹង​បាន​ចោទ ពាក្យ​បណ្ដឹង​ហ្នឹង បើ​សិន​ជា​ចាញ់​ខាង​ភាគី​ចុង​ចោទ តើ​លោក​ឯង​មាន​លុយ​បង់​ចេញ​ប្លង់​រឹង​ឲ្យ​គេ​ឬ​ក៏​អត់? អ៊ីចឹង​ប្រជាពលរដ្ឋ​អ្នក​ដើម​ប្ដឹង​ហ្នឹង គ្នា​ទន់​ខ្សោយ គ្នា​ថា ខ្ញុំ​អត់​មាន​លុយ​ទេ តែ​ខ្ញុំ​ដឹង​ថា ដី​ហ្នឹង​ជា​ដី​បេឡា​ពិត​ប្រាកដ»

ប្រជាពលរដ្ឋ​ឈ្មោះ វង់ សារីម បន្ថែម ៖ «អ៊ីចឹង​ហើយ​បាន​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​ភ័យ​ខ្លាច​រឿង​ហ្នឹង ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ក្រីក្រ ដល់​ពេល​ឮ ១​ពាន់​ដុល្លារ គាត់​សឹង​តែ​ថា មួយ​ជីវិត​គាត់​រក​អត់​បាន ១​ពាន់​ទេ ដល់​អ៊ីចឹង​គាត់​ភ័យ​ដែរ អ៊ីចឹង​អ្នក​ខ្លះ​ដក​ពី​ដៃ​គេ​រួច​ទៅ​ហើយ»

កាល​ពី​ថ្ងៃ​១៤ មីនា កន្លង​ទៅ ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងត្រាច ជា​ច្រើន​គ្រួសារ​បាន​នាំ​គ្នា​ធ្វើ​ការ​ប្ដឹង​តវ៉ា​ដោយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ភូមិ​នេះ​បាន​រំលោភ​យក​ដី​បេឡា​រួម​ភូមិ​ទៅ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន។ ពួកគាត់​ទាមទារ​សុំ​ឲ្យ​អាជ្ញាធរ​ជំនាញ​បញ្ឈប់​ការ​ធ្វើ​ប្លង់​ដី​នៅ​ទី​នេះ​រង់ចាំ​ការ​ស្រាវជ្រាវ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​សិន។

ប្រជាពលរដ្ឋ​និយាយ​ថា ដី​ដែល​កំពុង​មាន​ទំនាស់​នេះ​គឺ​ជា​ប្រភេទ​ដី​ស្រែ​ទំហំ ១,៦០​ហិកតារ ស្ថិត​ក្នុង​ភូមិ​ត្រពាំងត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

មេ​ភូមិ​ត្រពាំងត្រាច គឺ​លោក មាស ស៊ាប បាន​យក​ទៅ​ចុះ​បញ្ជី​ក្នុង​ការ​ធ្វើ​ប្លង់​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ភូមិ​នេះ​ថា ជា​ដី​ឯកជន​របស់​ខ្លួន។

មន្ត្រី​សុរិយោដី​ខេត្ត​គឺ​លោក ចន្ថា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ចំពោះ​បញ្ហា​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ លោក​ពុំ​មាន​បំណង​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ឡើយ។

លោក ចន្ថា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​គ្រាន់​តែ​សួរ​គាត់​ថា ចុះ​នៅ​ពេល​ករណី​ផុត​ពី​ខ្ញុំ សម្រប​សម្រួល​អត់​ចេញ ចេញ​ទៅ​ថ្នាក់​ជាតិ ចេញ​ពី​ថ្នាក់​ជាតិ​ទៅ​តុលាការ ហើយ​បើ​សិន​ជា​អ្នក​ដែល​យើង​ប្ដឹង​គេ​នោះ គេ​នៅ​តែ​ឈ្នះ ហើយ​គេ​ទាមទារ​ឲ្យ​យើង​សង​សំណង​សួរ​ថា យើង​យ៉ាង​ម៉េច​ដែរ? រឿង​នេះ​យើង​បាន​ណាត់​គ្នា​ថា នឹង​ជជែក​គ្នា​នៅ​ថ្ងៃ​៣០ មីនា ទល់​មុខ​គ្នា​ទាំង​សង​ខាង»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ ចាន់គា បាន​ចាត់​ទុក​ការ​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​អំពី​សំណង​មុន​ការ​កាត់​ក្ដី​របស់​តុលាការ​ថា អាច​ចាត់​ទុក​ជា​ការ​គំរាមកំហែង​ចំពោះ​ភាគី​ណា​មួយ​នៃ​គូ​ជម្លោះ​បាន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល