អ្នកភូមិ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​អ្នក​រើស​សំរាម ដែល​ជាប់​ឃុំ​នៅ​កំពត

អ្នក​រើស​សំរាម​នៅ​ស្ទឹង​មានជ័យ​ចំនួន ៧​នាក់ ដែល​កំពុង​តែ​ជាប់​គុក នៅ​ក្នុង​ឃុំ​តាកែន កោះ​ស្លា ស្រុក​ឈូក ខេត្ត​កំពត នៅ​មិន​ទាន់​ត្រូវ​គេ​ដោះ​ស្រាយ​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ​ទេ ក្រោយ​ពី​អ្នក​ទាំង​នោះ ប៉ុន​ប៉ង​ចូល​ទៅ​រស់​នៅ​តំបន់​នោះ។
ដោយ គឹម ពៅ
2010-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ។
ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ។
RFA/Kim Peou

គ្រួសារ​អ្នក​រើស​សំរាម​នៅ​ស្ទឹងមានជ័យ ដែល​កំពុង​តែ​ត្រូវ​គេ​ឃុំ​ខ្លួន នៅ​ខេត្ត​កំពត ដោយសារ​តែ​ជម្លោះ​ដីធ្លី​កន្លង​មក បាន​នាំ​គ្នា​ចូល​ទៅ​កាន់​សាលា​សង្កាត់​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ឧសភា​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជ្រោមជ្រែង​ដោះ​លែង​មនុស្ស​ចំនួន ៧​នាក់ ដែល​កំពុង​តែ​ជាប់​ឃុំ នៅ​ក្នុង​ខេត្ត​កំពត​មក​វិញ។

ស្រី ដួង ភរិយា​របស់​អ្នក​ជាប់​ទោស ឈ្មោះ យូ ប្រុស ឲ្យ​ដឹង​ថា ស្ថាន​ភាព​ក្រុម​គ្រួសារ​របស់​គាត់ ដែល​ជា​អ្នក​រើស​សំរាម កំពុង​តែ​ធ្លាក់​ក្នុង​ភាព​ដុន​ដាប ក្រោយ​ពី​ប្ដី​ត្រូវ​គេ​ចាប់​ដាក់​គុក។

អ្នក​ស្រី​រៀប​រាប់​បន្ត​ទៀត​ថា ពួក​គាត់​ត្រូវ​ចំណាយ​ប្រាក់​ថែម​ទៀត នៅ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​ម្ដងៗ នៅ​ក្នុង​ខណៈ​ជីវិត​ជា​អ្នក​រើស​សំរាម ដែល​កំពុង​តែ​បាត់​បង់​កម្លាំង​ប្ដី​ម្នាក់​បន្ថែម​ទៀត ដោយសារ​រឿង​ជាប់​គុក ៖ «ខ្ញុំ​ក្រីក្រ​ណាស់ គេ​ត្រូវ​ការ​លុយ ហើយ​ខ្ញុំ​អត់​មាន​លុយ​ទេ។ ខ្ញុំ​រើស​អេតចាយ។ ក្នុង​មួយ​ពេល ចូល​មើល​គាត់​គេ​យក​បី​ម៉ឺន ហើយ​កន្លែង​នៅ​គាត់ កន្លែង​មុជ​ទឹក​គាត់ ក៏​ពិបាក​ដែរ...»

ស្ត្រី អ្នក​រើស​សំរាម​ម្នាក់​ទៀត ឈ្មោះ វណ្ណារី បាន​សុំ​ដោះ​លែង​ប្អូន​ប្រុស​របស់​គាត់​ដូច្នេះ ៖ «ខ្ញុំ​សូម​អង្គការ ឲ្យ​ជួយ​ដោះ​លែង ហើយ​និង​អ្នក​ទោស​ទាំង​ប៉ុន្មាន ឲ្យ​ដោះ​លែង​ប្អូន​ខ្ញុំ​ផង»

ចៅ​សង្កាត់​ស្ទឹងមានជ័យ លោក សេង សាញ់ មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់​ទង​នឹង​បញ្ហា​នេះ​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

ប្រជាជន​ទាំង ៧​នាក់​នោះ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​កាល​ពី​ខែ​មីនា ឆ្នាំ​២០១០ ពី​បទ​រុករាន​ទន្ទ្រាន​ដី​អភិរក្ស។

សហគមន៍ នៃ​ក្រុម​អ្នក​រើស​សំរាម​ស្ទឹងមានជ័យ​ចំនួន ២៥០​នាក់ កាល​ពី​ឆ្នាំ​មុន បាន​ស្នើ​សុំ​ទៅ ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​លោក​ដោះ​ស្រាយ​ដី​សម្បទាន​សង្គមកិច្ច​មួយ​កន្លែង នៅ​ក្នុង​ឃុំ​តាកែន កោះស្លា ស្រុក​ឈូក ខេត្ត​កំពត ដើម្បី​រស់​នៅ និង​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ក្រោយ​ពី​គេ​បិទ​តំបន់​ចាក់​សំរាម​ស្ទឹង​មានជ័យ។

លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ចារ​ជា​លាយលក្ខណ៍​អក្សរ សុំ​ឲ្យ​អាជ្ញាធរ និង​ក្រសួង​ដែន​ដី​នគរោបនីយកម្ម និង​សំណង់​ដោះ​ស្រាយ​ឲ្យ​ដីធ្លី​ពលរដ្ឋ​ចំនួន ៥០០​ហិកតារ។

ការ​រង់ចាំ​អស់​ជា​ច្រើន​ខែ​កន្លង​មក មិន​ទាន់​ឃើញ​មាន​ចម្លើយ​ប្រគល់​ដីធ្លី អ្នកភូមិ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​តំបន់​នោះ ដើម្បី​កាប់​គាស់​ធ្វើ​កសិកម្ម ប៉ុន្តែ​ក្រោយ​មក មនុស្ស​ចំនួន ៧​នាក់ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ដោយ​ចោទ​ថា រុក​រាន​ទន្ទ្រាន​ដី​អភិរក្ស។

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត នៃ​គណបក្ស​សមរង្ស៊ី អ្នក​ស្រី មូរ សុខ​ហួរ ថ្លែង​ថា ការ​ចាប់​អ្នក​ស្រុក ដែល​ជា​អ្នក​ក្រីក្រ​តោក​យាក អត់​មាន​ដីធ្លី​ស្រាប់​ដាក់​គុក កំពុង​តែ​ជំរុញ​ស្ថានភាព​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ថែម​ទៀត។

អ្នក​តំណាង​រាស្ត្រ​រូប​នេះ បន្ត​ទៀត​ថា គេ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​រើស​សំរាម​មក​វិញ ក្នុង​ពេល​ខាង​មុខ​នេះ។

អាជ្ញាធរ​ខេត្ត​កំពត មិន​ធ្វើ​អត្ថាធិប្បាយ​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ទេ ប៉ុន្តែ​មេឃុំ​តាកែន កោះ​ស្លា លោក ទុំ គុល បាន​បង្ហើប​ថា លោក​មាន​ដំណឹង​ថា គេ​នឹង​ដោះ​លែង​អ្នក​ជាប់​ទោស​ទាំង​នោះ ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ក្រុម​មន្ត្រី​អន្តរ​ក្រសួង ក៏​កំពុង​តែ​ស្វែង​រក​ដី​ឲ្យ​ក្រុម​អ្នក​រើស​សំរាម​នោះ​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល