ប្រជា​ពលរដ្ឋ​នៅ​ស្រុក​កៀន​ស្វាយ​ចោទ​ក្រុមហ៊ុន​មួយ​ថា​ចាក់​ដី​លុប​បឹង​ធម្មជាតិ

ប៉ុន្តែ​ភាគី​ក្រុម​ហ៊ុន​បាន​ឆ្លើយ​បំភ្លឺ​វិញ​ថា ពុំ​មែន​ដូច្នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​លើក​ទំនប់​ទឹក​លើ​បឹង​នោះ ឲ្យ​ខ្ពស់​ថែម​ទៀត ដើម្បី​ស្តុក​ទឹក​សម្រាប់​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រើ​ប្រាស់ នៅ​ក្នុង​រដូវ​ប្រាំង។
ដោយ សុខ សេរី
2010-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​ពលរដ្ឋ នៅ​ក្នុង​ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាល​កោះ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ពួក​គាត់​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​ក្រុម​ហ៊ុន​ឯក​ជន​មួយ កំពុង​តែ​ឈូស​ឆាយ​ដី​ធ្លី ដើម្បី​លុប​បឹង​ធម្មជាតិ​ធំ​មួយ ដែល​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ជា​ច្រើន​រយ​គ្រួសារ ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ប្រភព​ទឹក​នៅ​រដូវ​ប្រាំង និង​មាន​គ្រោះ​ទឹក​ជំនន់​លិច​ភូមិ​នៅ​ក្នុង​រដូវ​វស្សា។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រុមហ៊ុន បញ្ជាក់​ថា ក្រុមហ៊ុន​គ្មាន​ផែនការ​ណា​មួយ លុប​បឹង​ធម្មជាតិ​នោះ​ទេ គឺ​គេ​ឈូស​ឆា​យក​ដី​ធ្លី​នោះ ដើម្បី​លើក​ទំនប់​ទឹក​លើ​បឹង​នោះ ឲ្យ​ខ្ពស់​ថែម​ទៀត ដើម្បី​ស្តុក​ទឹក​សម្រាប់​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រើ​ប្រាស់ នៅ​ក្នុង​រដូវ​ប្រាំង។

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាល​កោះ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជា​ពលរដ្ឋ មាន​ការ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​បឹង​ធម្មជាតិ​ធំ​មួយ​នោះ នឹង​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​លុប​ដី ដែល​នឹង​ញាំង​ឲ្យ​បាត់​បង់​ប្រភព​ទឹក ដើម្បី​ស្រោច​ស្រព​ដំណាំ​ចម្ការ នៅ​ក្នុង​រដូវ​ប្រាំង។

គាត់​មាន​ប្រសាសន៍​ពិស្ដារ​ថា ៖ «អត់​មាន​កន្លែង​សម្រាប់​ប្រជាជន មាន​ទឹក​សម្រាប់​ប្រើ​ប្រាស់ ស្រោច​ស្រព​ដំណាំ​ហ្នឹង​ផង។ វា​បាត់​បង់​ដី​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ​ហ្នឹង​ផង ដែល​ជា​ដី​ធ្លាប់​ធ្វើ​ភោគលាភ បង្ក​បង្កើន​ផង។ ហើយ​យើង​អត់​ចង់​ឲ្យ​បាត់​ទេ ហើយ​ទី​២ វា​ជា​ដី​ដែល​ធ្វើ​ភោគលាភ របស់​យើង​ហ្នឹង​បាទ»។

បឹង​ធម្មជាតិ​នោះ គេ​បាន​ប៉ាន់​ស្មាន​ថា មាន​ទំហំ​ទទឹង​រវាង ៣០០​ម៉ែត្រ ទៅ​៤០០​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​ច្រើន​ពាន់​ម៉ែត្រ នៅ​ជាប់​ទន្លេ​មេគង្គ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១។ តំណាង​ប្រជា​ពលរដ្ឋ​តវ៉ា និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ និង​តំណាង​ក្រុម​ហ៊ុន​ឯកជន ធ្លាប់​បាន​ជួប​ប្រជុំ​គ្នា​រួច​ម្ដង​ទៅ​ហើយ ដោះ​ស្រាយ​រឿង​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចុះ​សំរុង​គ្នា។

ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​ទៀត ដែល​រស់​នៅ​ក្បែរ​បឹង​ធម្មជាតិ បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ រស់​នៅ​អាស្រ័យ​លើ​ប្រភព​ទឹក​បឹង​ធម្មជាតិ​នោះ យូរ​យា​មក​ហើយ ៖ «បឹង​ហ្នឹង​ជា​អាង​ស្តុក​ទឹក នៅ​ពេល​រដូវ​វស្សា​ទៅ ទឹក​ដក់​នៅ​ហ្នឹង ជៀស​វាង ឬ​បញ្ចៀស​ការ​លិច​លង់​ផល​ដំណាំ​ខាង​មាត់​លើ​នេះ។ ទី​២ គឺ​នៅ​រដូវ​ប្រាំង ប្រជាជន​បូម​ទឹក​ហ្នឹង យក​មក​ស្រោច​ដំណាំ។ តែ​យើង​ខ្ញុំ​បាន​ធ្វើ​ការ​ប្ដឹង​ផ្ដល់​រឿង​ហ្នឹង​តាម​រយៈ​លោក​មេឃុំ។ គេ​ទប់​បិត​ជិត​ហើយ គេ​អត់​ឲ្យ​មាន​ទឹក​ហូរ​ចូល​ក្នុង​បឹង​ហ្នឹង​បាន​ទេ»។

សុខ សេរីចុះ​ខែ​ប្រាំង។ ប្រជាពលរដ្ឋ ដល់​តែ​ខែ​ប្រាំង ប្រជាជន​ត្រូវ​ការ​បូម​ទឹក​ស្រោច​ដំណាំ​អី អត់​បូម​បាន​តែ ពី​ព្រោះ បឹង​ហ្នឹង​ជា​របស់​គេ​ទៅ​ហើយ។

វិទ្យុ​អាស៊ី​សេរី បាន​ទាក់​ទង​មេ​ឃុំ​ក្បាល​កោះ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល លោក ហោ វែង​ណៃ អំពី​ការ​ព្រួយ​បារម្ភ​របស់​គ្រួសារ​ទាំង​នោះ លោក​បាន​មាន​ប្រសាសន៍​ថា គ្មាន​ផែនការ​លុប​បឹង​នោះ​ទេ។

លោក​បន្ត​ថា ៖ «តាម​ពិត គាត់​ព័ទ្ធ​ទំនប់ ហើយ​នឹង​ជីក​យក​ទឹក​បម្រើ​ឲ្យ​រោង​ចក្រ។ ឃើញ​គេ​ព័ទ្ធ​ទំនប់​ស្មាន​តែ​គេ​ជីក។ គេ​ព័ទ្ធ​ទំនប់ ដើម្បី​ឲ្យ​ហើយ​ទៅ ហើយ​គេ​យក​អី ជីក​ឲ្យ​បាន​ជ្រៅ​ទៅ ដើម្បី​ឲ្យ​មាន​ទឹក​ផ្គត់ផ្គង់​ឲ្យ​រោង​ចក្រ»។

ជា​មួយ​គ្នា​នេះ លោក សៅ សេរីមុន្នី តំណាង​ក្រុម​ហ៊ុន​ឯកជន ដែល​ប្រជា​ពលរដ្ឋ​បាន​ស្គាល់​លោក​ថា ជា​រដ្ឋ​លេខាធិការ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា កូន​ប្រុស​របស់​លោក មាន​រោង​ចក្រ​កាត់​ដេរ​ចំនួន ៣​រោង​ចក្រ នៅ​ទី​នោះ ដែល​មាន​កម្មករ​កាត់​ដេរ ចំនួន​ជិត​៤០០០​នាក់​ធ្វើ​ការ​ងារ។ ក្រុម​ហ៊ុន​នេះ គ្មាន​ផែនការ​លុប​បឹង​ទេ ប៉ុន្តែ​លើក​ទំនប់​លើ​បឹង​នោះ ដើម្បី​ស្តុក​ទឹក​នៅ​រដូវ​ប្រាំង សម្រាប់​កម្មករ​ប្រើ​ប្រាស់។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ អា​រឿង​បឹង​ហ្នឹង ពូ​អត់​មាន​លុប​ទេ យល់​ទេ គឺ​ជីក​ថែម ហើយ​ទន្ទឹម​នឹង​ជីក​ថែម​ហ្នឹង គឺ​ពូ​ទប់​សព្វ​ថ្ងៃ​ហ្នឹង វា​អត់​គោក​ទេ ពី​ព្រោះ​ថ្ងៃ​ទី​១៥ ខែ​៥​ហ្នឹង ចាប់​ភ្លៀង​ហើយ។ ពូ​មិន​លុប​ឯណា។ ឥឡូវ​ធ្វើ​ក្រវាត់​ឲ្យ​ខ្ពស់ ដើម្បី​បាន​ទឹក​ច្រើន"។

កន្លង​មក នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប្រជា​ពលរដ្ឋ​តែង​តែ​តវ៉ា​ថា បឹង​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​កាន់​កាប់​ជា​កម្មសិទ្ធិ​ឯកជន​ផ្ដាច់​មុខ ដែល​ញាំង​ឲ្យ​គ្រួសារ ប្រជា​ពលរដ្ឋ គ្មាន​ប្រភព​ទឹក​ប្រើ​ប្រាស់ សម្រាប់​ស្រែ​ចម្ការ និង​នេសាទ​ត្រី សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល