អ្នក​ភូមិ​រតនគិរី​៖ ក្រុមហ៊ុន​ដូនពេញ អាហ្គ្រីកូ រំលោភ​ដែន​ជម្រក​សត្វ​ព្រៃ

នៅ​ឯ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ក្នុង​ខេត្ត​រតនគិរី ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បរទេស​មួយ​បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​ជា​ថ្មី​ទៀត បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​អ្នក​ភូមិ​រស់​នៅ​តំបន់​ក្បែរ​នោះ​អះអាង​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រំលោភ​លើ​ដី​ធ្លី​អ្នក​ភូមិ​កំពុង​ប្រើប្រាស់​ក៏​ដោយ។
ដោយ រដ្ឋា វីសាល
2011-05-30
Share

ប្រជា​ពលរដ្ឋ រស់​នៅ​ក្នុង​ភូមិ​ចំនួន​ពីរ ក្នុង​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​គ្នា​ប្រមាណ ៥០០ នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​ឧសភា ឆ្នាំ ២០១១ ដើម្បី​រារាំង​សកម្មភាព​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ដូនពេញ អាហ្គ្រីកូ។

ប្រធាន​ភូមិ​ស្រែ​ឈូក លោក ម៉ៃចៃ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​សម្បទាន​នេះ បាន​ឈូស​ឆាយ​ដី​ជា​ថ្មី​ទៀត​ហ៊ុមព័ទ្ធ​លើ​ដី​ស្រែ​ចម្ការ និង​ដី​ត្រៀម​បម្រុង​ប្រើប្រាស់​របស់​អ្នក​ភូមិ​ទើប​អ្នក​ភូមិ​នាំ​គ្នា​ទៅ​តវ៉ា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ។

លោក ម៉ៃចៃ ៖ «គេ​ឈូស​ឆាយ​ជុំវិញ​ដី​ស្រែ​ដី​ចម្ការ​ប្រជា​ពលរដ្ឋ​អស់​ហើយ។ គេ​នោះ​គេ​មិន​ជឿ​ភូមិ​មិន​ជឿ​អី​ទេ​ឥឡូវ​ ស្រេច​អំពើ​ចិត្ត»។

មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​ឡើង​ទេ នៅ​ក្នុង​ការ​ប្រឆាំង​តវ៉ា​សកម្មភាព​ឈូស​ឆាយ​ដី​នោះ ដោយសារ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​យល់​ព្រម​បញ្ឈប់​ការ​ឈូស​ឆាយ និង​រើ​ទីតាំង​ចេញ​ពី​ទី​នោះ។ ក៏​ប៉ុន្តែ ក្រុម​អាជ្ញាធរ​បាន​ចាត់​កង​កម្លាំង​នគរបាល និង​អាវុធហត្ថ​មាន​គ្នា​ចំនួន ៧ នាក់ ទៅ​រក្សា​សុវត្ថិភាព​នៅ​ទី​កើត​ហេតុ​នោះ​ហើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ដូនពេញ ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់ ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ចន្ទ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០១១។

តំណាង​ចាស់​ទុំ​ភូមិ​ថ្មី លោក​តា តាម ខី ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​វេច​បាយ​កញ្ចប់​ធ្វើ​ដំណើរ​ទៅ​ដល់​ការដ្ឋាន​ក្រុមហ៊ុន​បោះ​ទីតាំង នៅ​ចម្ងាយ​ប្រមាណ ៦ គីឡូ​ម៉ែត្រ​ពី​ភូមិ ដើម្បី​ទាមទារ​ឲ្យ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន បញ្ឈប់​ការ​ឈូស​ឆាយ ហើយ​រើ​ទីតាំង​ចេញ​ភ្លាមៗ ពី​ទី​ទួល​ការដ្ឋាន​នោះ ដើម្បី​រក្សា​ទុក​ដី​ទូល​ជា​តំបន់​ទូល​សុវត្ថិភាព​សម្រាប់​អ្នកភូមិ​ជម្លៀស​ក្រុម​គ្រួសារ​នៅ​ពេល​មាន​ទឹក​ជំនន់។

លោក​តា តាម ខី ៖ «ប្រជា​រាស្ត្រ​ថា​ឲ្យ​ចេញ​ទៅ​សិន។ គេ​ដក​ទៅ​សុំ​សម្រាក​នៅ​អូរ​ចាឡង់។ ត្រង់​នេះ ដី​ប្រជា​រាស្ត្រ​កន្លែង​នេះ​ទឹក​វា​អត់​លិច​ទេ​កន្លែង​នេះ»។

អ្នក​ភូមិ​ទាំង​ពីរ​ភូមិ គឺ​ភូមិ​ស្រែ​ឈូក និង​ភូមិ​ថ្មី មាន​ទីតាំង​តាម​ដង​ទន្លេ​ស្រែ​ពក ទី​ដែល​អ្នក​ភូមិ​មក​តាំង​លំនៅ​បង្កើត​បាន​ជា​ភូមិឋាន​រស់​នៅ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

ក៏​ប៉ុន្តែ ក្រុម​មន្ត្រី​អាជ្ញាធរ​បញ្ជាក់​ថា តំបន់​ដែល​អ្នក​ភូមិ​តាំង​លំនៅ ជា​តំបន់​ជម្រក​សត្វ​ព្រៃ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ហើយ​កាល​ពី​ខែ​មិនា ឆ្នាំ ២០១១ រាជ​រដ្ឋាភិបាល បាន​សម្រេច​កាត់​ចេញ​ដី​ជាង ៨០០០ ហិកតារ នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដូនពេញ អាហ្គ្រីកូ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ មកុដ​ពេជ្រ ចំនួន​ជាង ១៩០០ ហិកតារ​ទៀត ដើម្បី​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម។

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ទាមទារ​ទំហំ​ដី​ហួស​ព្រំដែន​ពី​ព្រោះ​ក្រុមហ៊ុន​បាន​កាត់​ចេញ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​រួច​អស់​ហើយ។ លោក​ព្រមាន​ថា នឹង​ប្រើ​វិធានការ​ចាប់​ខ្លួន ប្រសិន​អ្នក​ភូមិ​ណា​ប្រើប្រាស់​អំពើ​ហិង្សា។

លោក គង់ ស្រ៊ុន ៖ «មក​ធ្វើ​បាតុកម្ម​ចំពោះ​ក្រុមហ៊ុន​នេះ គាត់​ទៅ​បោះ​បង្គោល​នៅ​មុខ​ទៅ​ទៀត។ គាត់​ថា​អត់​ឲ្យ​ឈូស​ដាច់​ខាត។ បើ​ហ៊ាន​ឈូស​មាន​ប្រើ​អំពើ​ហិង្សា​ដុត​គ្រឿងចក្រ​អី។ អា​ហ្នឹង​តាម​ព័ត៌មាន​ពី​ម្ចាស់​ណា»។

តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ មាន​ទីតាំង​ជាប់​នឹង​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ តំបន់​នោះ​មាន​ផ្ទៃ​ដី​ប្រមាណ ២៥០ ពាន់​ហិកតា។ មាន​សត្វ​ព្រៃ​ច្រើន​ប្រភេទ​រស់​នៅ ដូច​ជា ខ្លាធំ ខ្លារខិន ខ្ទីង រមាំង ទន្សោង និង​ឈ្លូស​ជា​ដើម។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ២០១១ អ្នក​ភូមិ និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​លើក​គ្នា​ទៅ​រារាំង​សកម្មភាព​ឈូស​ឆាយ​ដី​ពី​សំណាក់​ក្រុមហ៊ុន​ដដែល​នេះ​​ម្ដង​រួច​ទៅ​ហើយ ខណៈ​ដែល​អ្នក​ភូមិ​មិន​បាន​ទទួល​ដំណឹង​អ្វី​សោះ​ពី​ក្រុមហ៊ុន ដែល​នាំ​គ្រឿង​ចក្រ​ចូល​មក​បាញ់​ថ្នាំ​ពណ៌​ហ៊ុមព័ទ្ធ និង​ឈូស​ឆាយ​ទៅ​លើ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ តំបន់​ចិញ្ចឹម​សត្វ​ពាហនៈ និង​ជា​ពិសេស​តំបន់​ទី​ទូល​សុវត្ថិភាព៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល