ការមានមនុស្សចូលរួមកុះករនេះបានបណ្ដាលឲ្យមានការលំបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវក្នុងខេត្តមានទំហំតូច។
ផ្លូវជាច្រើនខ្សែចេញពីទីរួមខេត្តសៀមរាបទៅកាន់តំបន់អង្គរវត្ត និងប្រាសាទបាយ័ននៃប្រាសាទអង្គរធំ ត្រូវបានកកស្ទុះចរាចរណ៍រយៈពេលប្រមាណជា ២ម៉ោង កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមេសា នៅពេលដែលពិធីរាប់បាតព្រះសង្ឃនៃព្រះពុទ្ធសាសនាចំនួន ២៥៥៤អង្គ ក្នុងបុណ្យពិសាខបូជា បានចាប់ផ្ដើម ហើយមានមហាជនមកពីខេត្តក្រុងនានារាប់ម៉ឺននាក់ធ្វើដំណើរដោយរថយន្ត ម៉ូតូ និងរ៉ឺម៉ក ជញ្ជូនគ្នាកកកុញទៅចូលរួមធ្វើបុណ្យនោះ។
លោកវរសេនីយ៍ឯក ឡាច សាវិន ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់ចរាចរណ៍ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមេសា នៅពេលលោកចុះពិនិត្យស្ថានភាពចរាចរណ៍តាមដងផ្លូវថា ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់មកពីតាមបណ្ដាខេត្តក្រុងបានជួបជុំគ្នានៅតំបន់អង្គរ ដែលធ្វើឲ្យចរាចរណ៍មានការកកស្ទះយ៉ាងសម្បើម។
លោក ឡាច សាវិន បានមានប្រសាសន៍ទៀតថា ចំនួនមហាជនទៅកាន់តំបន់អង្គរលើកនេះមានចំនួនច្រើនលើសលុប ដែលចំនួននេះលើសកាលពីពិធីបុណ្យឆ្លងសហស្សវត្សកាលពីឆ្នាំ២០០០កន្លងទៅទៀត។
លោក ឡាច សាវិន បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋក្នុងតំបន់អង្គរមិនខុសពី ២ម៉ឺនទេ គិតទាំងព្រះសង្ឃ ២៥៥៤អង្គផង ហើយការដាក់បាត្រនេះឲ្យរៀបបាត្ររហូតមកដល់ផ្លូវកូបៃ បត់មកចំបក់កំណប់នេះទៀត។ យើងឲ្យឆ្វែលទៅផ្លូវវង់តូច បើថាចាល់វង់តូច យើងឲ្យទៅវង់ធំទៀតបត់មកប្រាសាទបាយ័ន។ គណៈកម្មការដែលត្រូវទៅរៀបចំនៅប្រាសាទបាយ័ននោះតាមផ្លូវមុខអង្គរទៅអត់រួចទេ។ នេះគឺស្ទះមិនដែលមានទេក្នុងខេត្តសៀមរាប ក្រុងសៀមរាប។ តាំងពីជំនាន់សហស្សវត្សរហូតដល់ក្រុមខារីរ៉ាស់អ្នកចម្រៀងពិភពលោកមកច្រៀងក៏មិនដល់ប៉ុណ្ណឹងដែរ»។
ក្រុមមហាជនខ្មែរដែលខំស្កាត់មកពីខេត្តឆ្ងាយៗ បាននិយាយថា បើទោះជាចរាចរណ៍កកស្ទះ ហើយពួកគេបានចុះដើរក្រោមផ្ទៃមេឃក្ដៅខ្លាំងពិបាកទ្រាំក៏ដោយ ក៏ពួកគេនៅតែសប្បាយចិត្តទៅចូលរួមធ្វើបុណ្យដ៏ធំសម្បើមដែលគេពុំធ្លាប់ជួបប្រទះពីមុនមកនោះ។
អ្នកស្រី វណ្ណ ហេងលី ដែលមានទីលំនៅនៅសង្កាត់ទួលសង្កែ ក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា គាត់សប្បាយចិត្តបំផុត បើទោះបីជាចរាចរណ៍កកស្ទះ និងហ្វូងមនុស្សចង្អៀត ប៉ុន្តែគាត់បានចូលរួមធ្វើបុណ្យដ៏ធំ។
អ្នកស្រី វណ្ណ ហេងលី បានឲ្យដឹងថា ៖ «ប្រជ្រៀត ហើយរាប់បាត្រក៏ប្រជ្រៀតដែរ ពិបាកដែរ! ប៉ុន្តែនៅតែសប្បាយចិត្ត ព្រោះចង់ធ្វើបុណ្យ។ ទើបជួបលើកទី១ហើយដែលច្រើន! រាប់បាត្រលោក ២៥៥៤អង្គ។ ក្ដៅយ៉ាងណា ចង្អៀតយ៉ាងណាក៏សប្បាយចិត្តដែរដែលបានធ្វើបុណ្យ»។
អ្នកស្រី ធឿន ស៊ីមេត ដែលរស់នៅក្នុងទីរួមខេត្តសៀមរាបខំចូលទៅធ្វើបុណ្យរាប់បាត្រទីនោះបន្ថែម ៖ «សប្បាយនឹងធ្វើបុណ្យណាមិនដែលឃើញលោកច្រើនអង្គអ៊ីចឹង ទើបឃើញថ្ងៃហ្នឹងសប្បាយ។ ខំក្រោកដាំបាយតាំងពីយប់យកមករាប់បាត្រនឹងគេ»។
ពិធីបុណ្យពិសាខបូជាដោយមានមនុស្សរាប់ពាន់នាក់ត្រៀមដង្ហែក្បួនលំអានអរិយធម៌ និងទស្សនីយភាពដែលប្រទេសចំនួន ១៣ចូលរួម និងសម្ដែងសិល្បៈពុទ្ធប្រវត្តិ តាមប្រទេសនីមួយៗដែលមានអរិយធម៌ផ្សេងគ្នាផងនោះ គ្រោងនឹងចាប់ផ្ដើមយ៉ាងអធិកអធមនៅក្នុងបរិវេណប្រាសាទបាយ័ន នៅវេលាល្ងាចថ្ងៃពុធ ទី២៨ ខែមេសា៕