ជនជាតិ​វៀតណាម​ឆ្លង​ដែល​ចូល​មក​កាប់​ឈើ​នៅ​មណ្ឌលគិរី

ក្រុម​សហគមន៍​ជនជាតិ​ព្នង​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ជា​ក្រុម​បាន​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ។
ដោយ រដ្ឋា វីសាល
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តំណាង​សហគមន៍​ឲ្យ​ដឹង​ថា អ្នក​ភូមិ​មាន​គ្នា​ជាង​៨០​នាក់ កាល​ពី​ថ្ងៃ​ទី​១២​និង​១៣ ខែ​មករា ឆ្នាំ​២០១០ បំបែក​គ្នា​ពីរ​ក្រុម​ចូល​ព្រៃ​ដើម្បី​សិក្សា​ពី​ព្រំប្រទល់​ដី​សហគមន៍​និង​ព្រៃ​អភិរក្ស​សត្វព្រៃ ហើយ​បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម​ជា​ក្រុម​តូច​មាន​គ្នា​ពី​២​ទៅ​៦​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ពីរ​គ្រឿង​និង​ត្រាក់ទ័រ​ដឹក​ឈើ​ពីរ​គ្រឿង ក្នុង​នោះ​ក្រុម​សហគមន៍​បាន​ចាប់​ឃាត់​ជនជាតិ​វៀតណាម​៥​នាក់ ម៉ាស៊ីន​កាត់​ឈើ​ពីរ​គ្រឿង​និង​ត្រាក់ទ័រ​មួយ​គ្រឿង​ប្រគល់​ឲ្យ​ប្រធាន​យោធា​ប៉ុស្តិ៍​ព្រំដែន​លេខ​៨ ប៉ុន្តែ​ប្រធាន​ប៉ុស្តិ៍​បាន​គំរាម​សហគមន៍ ហើយ​បញ្ជា​ឲ្យ​ដោះ​លែង​ជន​ជាតិ​វៀតណាម​និង​វត្ថុតាង​ទៅ​វិញ​អស់។

តំណាង​សហគមន៍​ក្រុម​ទី​មួយ អ្នកស្រី ខាន ចាន់នី បញ្ជាក់​ពី​ហេតុការណ៍ ៖ «ប៉ូលិស​ទៅ​ជាមួយ​ដែរ គ្រាន់​តែ​ថា ប៉ូលិស​អត់​ហ៊ាន​សម្រេច​អី​ទាំង​អស់។ ទៅ​ឃាត់​យួន​ហ្នឹង គាត់​អ្នក​កត់​កំណត់​ហេតុ»

តំណាង​សហគមន៍​ក្រុម​ទីពីរ លោក ប៉្លង ស៊ិន បញ្ជាក់​ពី​ហេតុការណ៍​ផ្សេង​គ្នា​ដែល​ក្រុម​លោក​បាន​ឃើញ ៖ «ខ្ញុំ​ឃើញ​ត្រាក់ទ័រ​មួយ​គ្រឿង ជនជាតិ​វៀតណាម​គាត់​ជិះ​ពី​លើ ប៉ុន្តែ​កន្លែង​ហ្នឹង​ខ្ញុំ​ឃើញ​៩​នាក់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តម្រួត​ព្រំដែន​ខ្មែរ​ដែល​រង​ការ​ចោទ​ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ។ ចំណែក​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វណ្ណនី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​បញ្ជាក់​ថា​រវល់​ប្រជុំ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង មាន​ប្រសាសន៍​បញ្ជាក់​ថា តំបន់​ដែល​មាន​បញ្ហា​គឺ​ជា​តំបន់​ជម្រក​សត្វព្រៃ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ជំនាញ​បរិស្ថាន។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​លោក​ដើម្បី​ចុះ​ទៅ​ទី​កើត​ហេតុ ៖ «កម្លាំង​ខាង​ដែន​ជម្រក​សត្វ​ព្រៃ ទទួល​ព័ត៌មាន​ភ្លាម ទៅ​អត់​ទាន់​ដល់​ផង​ថា ទៅ​អត់​បាន​ឃើញ​អី»

ចំណែក​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត លោក អ៊ឹម សុផាន ដែល​បាន​ទៅ​កាន់​ទី​កើត​ហេតុ​ដែរ​នោះ បដិសេធ​ដូច​គ្នា​ថា មិន​បាន​ជួប​ហេតុការណ៍​អ្វី​នោះ​ទេ ៖ «គាត់​ប្រាប់​ខ្ញុំ តែ​ខ្ញុំ​ទៅ​វា​អត់​មាន​ឃើញ​មនុស្ស អត់​ឃើញ​អី​ទាំង​អស់»

កាល​ពី​ឆ្នាំ​កន្លង​ទៅ នៅ​ខេត្ត​រតនគិរី សហគមន៍​ជន​ជាតិ​ភាគ​តិច​ចារ៉ាយក៏​ចាប់​បាន​ក្រុម​ជនជាតិ​វៀតណាម​និង​រថយន្ត​ដឹក​ឈើ​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ជាប់​តំបន់​ព្រំដែន​ក្នុង​ស្រុក​​អូរយ៉ាដាវ។ ករណី​នេះ​ប៉ូលិស​ខ្មែរ​ក៏​បាន​ដោះលែង​ជន​ជាតិ​វៀតណាម​ទាំង​នោះ​វិញ​ក្រោម​ហេតុ​ផល​ថា ដើម្បី​រក្សា​មិត្តភាព​ប្រទេស​ជិត​ខាង។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក​ខេត្ត​មណ្ឌលគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ចម្រូង​ចម្រាស់​មួយ​រវាង​សហគមន៍​និង​ក្រុម​មន្ត្រី​ពាក់ព័ន្ធ។ លោក​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ។

លោក ឆាយ ធី មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ឃើញ​ព្រឹត្តិការណ៍​នេះ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​អ្នក​អនុវត្ត​ច្បាប់ សូម​ឲ្យ​អធិការកិច្ច​ក្រសួង​ជួយ​ដល់​សហគមន៍»

យ៉ាង​នេះ​ក្តី ក្រុម​សហគមន៍​បញ្ជាក់​ថា ពួកគេ​មាន​សាក្សី ភស្តុតាង​គ្រប់គ្រាន់​ពី​ហេតុការណ៍​ដែល​បាន​កើត​មាន​នៅ​តំបន់​នោះ ហើយ​សហគមន៍​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ជូន​ព្រះរាជ​អាជ្ញា​ដើម្បី​ចាត់​វិធានការ​ស៊ើប​អង្កេត​ទៅ​លើ​មន្ត្រី​ទាហាន​និង​ប៉ូលិស​ការពារ​ព្រំដែន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ៕

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Hun Sen and his party don't know how to protect and serve his country.

Jan 15, 2010 10:16 PM

អ្នក​អាន​អនាមិក

Hun Sen and his party don't know how to protect and serve his people.

Jan 15, 2010 10:15 PM

អ្នក​អាន​អនាមិក

khmer still owe vietnam big time.so vietnam can do anything they want.

Jan 15, 2010 02:33 AM

គេហទំព័រ​ទាំងមូល