សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ការ​ស្លាប់​របស់​​ខ្មែរ​ក្រោម​២​នាក់

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០១១ បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម ជួយ​ធ្វើ​អន្តរាគមន៍​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទា​ទោស ក្រោយ​ខ្មែរ​កម្ពុជា​ក្រោម ២​នាក់ ត្រូវ​បាន​ជនជាតិ​វៀតណាម បាន​វាយ​សម្លាប់​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គ្រប់គ្រង​ដោយ​វៀតណាម កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។
ដោយ សុខ សេរី
2011-01-13
Share

ប្រភព​ពី​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ មាន​ឈ្មោះ​ទី​១ ថាច់ ថាញ់ អាយុ​ជាង ២០​ឆ្នាំ រង​គ្រោះ​ដោយ​ការ​វាយ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១១ និង​ទី​២ មាន​ឈ្មោះ ថាច់ ហ្វាង អាយុ ២៦​ឆ្នាំ រង​គ្រោះ​ដោយ​ការ​វាយ​សម្លាប់​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១១ នៅ​ពេល​យប់។

នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ស៊ឺន យឿង បាន​មាន​ប្រសាសន៍​ថា ករណី​ឃាតកម្ម​ទាំង ២​នេះ អាជ្ញាធរ​វៀតណាម នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ទ្បើយ​ទេ។

លោក ស៊ឺន យឿង អំពាវនាវ​ថា ៖ «អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ធ្វើ​យ៉ាង​ណា​ជួយ​រក​យុត្តិធម៌​ដល់​បង​ប្អូន​ខ្មែរ​ក្រោម​ទាំង​អស់​ដែល​បាន​ត្រូវ​ជន​ជាតិ​វៀតណាម សម្លាប់​នៅ​ទីក្រុង​ព្រៃនគរ ដូច​ជា​នៅ​ចុង​ឆ្នាំ​២០១០ ហើយ​និង​ដើម​ឆ្នាំ​២០១១​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​នេះ​ផង»

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ លេខាធិការ​ម្នាក់​នៃ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា សុំ​មិន​ប្រាប់​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​អំពី​សំណុំ​រឿង​ឃាតកម្ម​នេះ​ទេ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​ទៅ ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ និង​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៤​នាក់ បាន​រង​ការ​វាយ​សម្លាប់ និង​ចាក់​សម្លាប់ ដោយសារ​មាន​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​ជាមួយ​ជន​ជាតិ​វៀតណាម នៅ​ក្នុង​ខេត្ត​រោងដំរី ឬ​ខេត្ត​តៃនិញ។

ជន​រង​គ្រោះ​ទាំង ៤​នាក់​នោះ​មាន​ឈ្មោះ ទី​១ ចៅ ណែត អាយុ ២២​ឆ្នាំ ទី​២ ឈ្មោះ ចៅ ផាត ទី​៣ ឈ្មោះ ចៅ កែវ និង​ទី​៤ មិន​ស្គាល់​ឈ្មោះ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក យន្ត ថារូ ដែល​មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ ប៉ុន្តែ​លិខិត​ស្នើ​នោះ ស្ថានទូត​មិន​បាន​ទទួល​យក​ទេ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល