លោក ប៉ុក ហាក់ មន្ត្រីក្រសួងព័ត៌មានឲ្យដឹងថា វិទ្យុសំឡេងវៀតណាម ដែលទើបសម្ពោធការិយាល័យតំណាងប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែសីហានឹងចាប់ផ្ដើមផ្សាយផ្ទាល់ជាភាសាវៀតណាម ពីទីក្រុងហាណូយ ដោយមានសេចក្ដីរាយការណ៍ព័ត៌មានពីប្រទេសកម្ពុជាផង នៅដំណាច់ខែសីហា ឬដើមខែកញ្ញា ឆ្នាំ២០១០នេះ។ ការិយាល័យតំណាងវិទ្យុសំឡេងវៀតណាម ប្រចាំកម្ពុជា មានទីតាំងស្ថិតក្នុងខណ្ឌដូនពេញ ក្រុងភ្នំពេញ។
មន្ត្រីដដែលឲ្យដឹងថា វិទ្យុសំឡេងវៀតណាមមិនមានស្ថានីយផ្សាយបន្តផ្ទាល់នៅកម្ពុជាទេ ហើយក៏មិនដឹងថា ការផ្សាយមានភាសាអ្វីខ្លះដែរ ព្រោះស្ថានីយផ្សាយនៅប្រទេសវៀតណាម។ ចំណែកនៅកម្ពុជាគ្រាន់តែជាការិយាល័យតំណាងវិទ្យុនេះ សម្រាប់ឲ្យបុគ្គលិករាយការណ៍ព័ត៌មានចេញពីកម្ពុជាប៉ុណ្ណោះ។
ថ្លែងក្នុងពិធីសម្ពោធ លោក វូ វ៉ាន់ហៀន អគ្គនាយកវិទ្យុសំឡេងវៀតណាមបានឲ្យដឹងថា វិទ្យុសំឡេងវៀតណាម គឺជាស្ថាប័ន១ ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយសំខាន់ជួរមុខនៃប្រទេសវៀតណាម។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការអនុញ្ញាតឲ្យ ការិយាល័យវិទ្យុសំឡេងវៀតណាមប្រចាំកម្ពុជាពេលនេះ។ លោកថា រដ្ឋាភិបាលបានយកចិត្តទុកដាក់តែជាតិសាសន៍ដទៃ ប៉ុន្តែមិនបានគិតដល់សុខទុក្ខពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលចង់បានប្រព័ន្ធផ្សព្វផ្សាយសំឡេងវិទ្យុខ្មែរក្រោម បែរជារដ្ឋាភិបាលបដិសេធន៍ទៅវិញ។
ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ឈ្មោះ ជួប វិសាល មានប្រសាសន៍ថា រូបលោកមិនបានចាប់អារម្ភចំពោះការបើកការិយាល័យវិទ្យុវៀតណាមនៅកម្ពុជានោះទេ ព្រោះលោកយល់ថា វិទ្យុនេះមិនបានបម្រើដល់ផលប្រយោជន៍ពលរដ្ឋខ្មែរនោះទេ។
ចំណែកពលរដ្ឋឈ្មោះ ថេង វិចិត្រ មានប្រសាសន៍ដូច្នេះ ៖ «បើសិនជាវិទ្យុហ្នឹងលើកពីព័ត៌មាន និយាយពីភាសាខ្មែរ ខ្ញុំមានចំណាប់អារម្ភដែរ»។
លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍ នៃក្រសួងព័ត៌មានបានឲ្យដឹងថាប្រទេសកម្ពុជាមានវិទ្យុបរទេសមានស្ថានីយផ្សាយបន្តនៅកម្ពុជា ដូចជាវិទ្យុបារាំងអន្តរជាតិ RFI វិទ្យុអូស្ត្រាលី ABC និងវិទ្យុអង់គ្លេស BBC និងវិទ្យុផ្សាយសំឡេងភាសាចិនប្រជាមានិតជាដើម។
លោក ង្វៀន វ៉ាន់ហៀប (Nguyen វan Hiep) ប្រធានការិយាល័យតំណាងវិទ្យុសំឡេងវៀតណាមប្រចាំកម្ពុជា មានមូលដ្ឋាននៅទីក្រុងហាណូយ ដែលបានចូលរួមសម្ពោធឲ្យដឹងថា វិទ្យុសំឡេងវៀតណាម បាននឹងកំពុងពង្រីកការិយាល័យច្រើនទៀត នៅលើពិភពលោក ដូចជានៅប្រទេសថៃ បារាំង រុស្ស៊ី ចិន ជប៉ុន អេហ្សីប អាមេរិក និងប្រទេសឡាវ។
លោកថាវិទ្យុសំឡេងវៀតណាមបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៥ មកម្ល៉េះ។ វិទ្យុសំឡេងវៀតណាមមានកាណាល់ផ្សាយសំឡេងចំនួន៦ មានបុគ្គលិកសរុប២ពាន់នាក់ ផ្សាយជាភាសាបរទេសចំនួន១២ភាសា និងភាសាជនជាតិភាគតិចចំនួន១២ភាសា។ ការផ្សាយសរុបទាំង២៤ភាសាក្នុង១ថ្ងៃ ២០០ម៉ោង៕