WB​ត្រៀម​ខ្លួន​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​ខ្មែរ​ដែល​បាត់បង់​ដី​ធ្លី

ធនាគារ​ពិភពលោក (WB) កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន​ដែល​បាន​បាត់បង់​ដីធ្លី​និង​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​បាត់បង់​ដីធ្លី។
ដោយ គឹម ពៅ
2010.01.22
ធនាគារ​ពិភពលោក ៣០៥ វ៉ឹបសាយថ៍​របស់​ធនាគារ​ពិភពលោក
http://www.worldbank.org

មាន​ប្រសាសន៍​នៅ​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសាយថ៍​របស់​ខ្លួន អ្នកស្រី អាណេត ឌិហ្សុន (Anette Dixon) នាយិកា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា ការ​អនុវត្ត​ផ្នែក​ដីធ្លី​និង​ការ​រុះរើ​លំនៅ បន្ត​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នូវ​បញ្ហា​ផ្នែក​អភិវឌ្ឍន៍​ដ៏​តានតឹង​បំផុត​នៅ​ក្នុង​ប្រទេស។ ការ​ផ្តល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល ធ្វើ​ឡើង​ដោយ​ធានា​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​រុះរើ​លំនៅ ឬ​ដែល​ប្រឈម​មុខ​នឹង​ការ​រុះរើ​លំនៅ អាច​ទទួល​នូវ​ប្រព័ន្ធ​ដោះស្រាយ​ទំនាស់​និង​សំណង​ដើម្បី​ដោះស្រាយ​កសាង​ជីវភាព​ឡើង​វិញ​ប្រកប​ដោយ​យុត្តិធម៌​និង​មាន​តម្លាភាព។

អគ្គនាយក​រង​នៃ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម លោក បេងហុង សុជាតិខេមរ៉ូ បាន​សាទរ​ចំពោះ​សេចក្តី​ប្រកាស​នេះ ប៉ុន្តែ​លោក​សុំ​ឲ្យ​ធនាគារ​ពិភពលោក​ចែក​បញ្ហា​នយោបាយ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​បច្ចេកទេស។

លោក បេងហុង សុជាតិខេមរ៉ូ មាន​ប្រសាសន៍​ដូច្នេះ ៖ «ល្អ​ណាស់​បើ​បាន​អ៊ីចឹង ឲ្យ​តែ​គាត់​ចូល​រួម​ដោយ​សុទ្ធចិត្ត​ក្នុង​ន័យ​ស្ថាបនា រាជរដ្ឋាភិបាល​ទទួល​ស្វាគមន៍ជានិច្ច​អ្នក​ដែល​ចង់​ចួយ​កម្ពុជា គ្រាន់​តែ​ថា យើង​ត្រូវ​បែង​ចែក​ឲ្យ​ដាច់​រវាង​នយោបាយ​និង​បច្ចេកទេស»

ការ​ប្រកាស​ក្នុង​ការ​សហការ​ជា​ថ្មី​របស់​ធនាគារ​ពិភពលោក​ជាមួយ​រដ្ឋាភិបាល បាន​ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​និង​ធនាគារ​ពិភពលោក​ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី  ត្រូវ​បាន​រដ្ឋាភិបាល​ផ្តាច់​ចោល បន្ទាប់​ពី​ធនាគារ​ពិភពលោក​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​ក្រឹត្យក្រម​យ៉ាង​ច្រើន​ក្នុង​ការ​ចាយ​វាយ​លុយ​កាក់​ដើម្បី​ជៀសវាង​អំពើ​ពុករលួយ។

ជាមួយ​គ្នា​នេះ លោក ចាន់ សុវ៉េត មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា ការ​គាំទ្រ​ជា​ថ្មី​របស់​ធនាគារ​ពិភពលោក បាន​បង្ហាញ​អំពី​ភាព​ចាស់​ទុំ​របស់​ធនាគារ​ពិភពលោក​ក្នុង​ការ​បន្ត​ជួយ​អ្នក​ក្រីក្រ​នៅ​កម្ពុជា។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​គិត​ថា វា​ជា​ដំណើរការ​ចាស់​ទុំ​មួយ​របស់​ធនាគារ​ពិភពលោក។ បើសិនជា​ខ្លួន​មិន​ចាស់ទុំ​ទេ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ។ ការ​ដក​ខ្លួន​វា​អាច​ប៉ះពាល់​អ៊ីចឹង ព្រោះ​រដ្ឋាភិបាល ក្នុង​នាម​ជា​បុគ្គល​រដ្ឋាភិបាល​គេ​មិន​អត់​ទេ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​អ្នក​អត់»

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​ម៉ឺន​គ្រួសារ​ក្នុង​មួយ​ត្រីមាស​ដែល​បាន​បាត់បង់​ដីធ្លី​និង​ទី​ជម្រក​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ជម្លោះ​ដីធ្លី​គ្រប់​ទី​កន្លែង​និង​គ្រប់​ខេត្ត​ក្រុង​នៅ​កម្ពុជា។

ការ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​នៅ​ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី ប្រយោជន៍​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​កាល​ពី​ឆ្នាំ​មុន​នៅ​លើ​ក្បាល​ដី​ជាង​៦​លាន​ក្បាល ត្រូវ​បាន​គេ​ធ្វើ​បាន​សម្រេច​ចំនួន​១​លាន​១​សែន​ក្បាល​ប៉ុណ្ណោះ​នៅ​មុន​ការ​ផ្តាច់​លែង​ឲ្យ​សហការ​ពី​សំណាក់​រដ្ឋាភិបាល។

ចាប់​តាំង​ពី​ក្រោយ​ការ​ទាត់​ចោល​គម្រោង​ធនាគារ​ពិភពលោក​នេះ ការ​ចុះ​បញ្ជី​ក្បាល​ដី​ហាក់​ដូច​ជា​ដំណើរ​ការ​ទៅ​ដោយ​យឺតៗ រី​ឯ​បញ្ហា​ជម្លោះ​ដីធ្លី​វិញ​ក៏​ចេះ​តែ​កើត​មាន​មិន​ឈប់​ឈរ​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 21, 2010 01:46 PM

World bank should help more in technical land management.