តំណាង​អង្គការ​ស្បៀង​អាហារ​ពិភពលោក​សុំ​ទោស​លោក ហ៊ុន សែន

លោក ហ្សង់ ព្យែរ ដឺម៉ាហ្គើរី (Jean-Pierre De Margerie) តំណាង​អង្គការ​ស្បៀង​អាហា​ពិភពលោក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​អភ័យទោស និង​ទទួល​យក​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​លោក​​បាន​រិះគន់​អង្គការ​នេះ​ថា និយាយ​​​ខុស​ពី​ការ​ពិត​ស្តីពី​សុវត្ថិភាព​ស្បៀង​នៅ​កម្ពុជា។
ដោយ ដែន អយុធ្យា
2010.12.23
ហ៊ុន​សែន ៣០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
RFA

ខ្លឹមសារ​លិខិត​កម្រាស់ ៣​ទំព័រ​របស់​តំណាង​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​កម្ពុជា ផ្ញើ​ជូន​លោក ហ៊ុន សែន បាន​ធ្វើ​ការ​កែ​តម្រូវ​​​​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំនួន​ស្បៀង​លើស​សេចក្ដី​ត្រូវការ​ប្រើប្រាស់ តែ​មិន​មែន​ជា​ប្រទេស​ដែល​មាន​ឱនភាព​ស្បៀង​អាហារ​ទៀត​ទេ។ លិខិត​ដដែល​បញ្ជាក់​ថា ដើម​ចម​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា គឺ​បណ្ដាល​មក​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​បាន​ស្រង់​ទិន្នន័យ​ព័ត៌មាន និង​តួលេខ​ចាស់​ពី​គេហទំព័រ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក (WFP) ដែល​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ឡើយ។ បច្ចុប្បន្ន WFP បាន​ធ្វើ​បច្ចុប្បន្នកម្ម​គេហទំព័រ​របស់​ខ្លួន​ហើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពាធ​អគារ​សកលវិទ្យាល័យ​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ លោក ហ៊ុន សែន បាន​សម្តែង​ការ​ខឹងសម្បា​ចំពោះ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ដែល​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ដែល​ខ្វះ​សន្តិសុខ​ស្បៀង។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា កម្ពុជា​នឹង​ឈប់​ផ្ដល់​អង្ករ​ឲ្យ​អង្គការ​នេះ​ទៀត​ប្រសិនបើ​មិន​ធ្វើ​ការ​កែ​តម្រូវ​ទេ​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​បំភ្លឺ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១០ ជុំវិញ​ការ​ដាក់​លិខិត​សុំ​ទោស​ខាង​លើ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ធ្លាប់​បាន​ផ្តល់​អង្ករ​ដល់​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ក្នុង​កម្រិត​ចន្លោះ​ពី ២.០០០ ទៅ ៣.០០0​តោន រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។